កងចល័តរែកដីនៅភូមិដកពរ

(ខេត្តស្វាយរៀង)៖ ពៅ សារ៉ន មានអាយុ ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារ៉ន មានឪពុកឈ្មោះ ពៅ ផង និងម្តាយឈ្មោះ ហែម ធៀម ហើយជាកូនទី៦ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ១០នាក់ (ស្រី ២នាក់)។ កាលពីកុមារភាព សារ៉ន បានសិក្សារៀនសូត្រដល់ត្រឹមថ្នាក់ទី៤ ក្នុងសម័យសង្គមរាស្ត្រនិយម។
សារ៉ន បានរៀបរាប់ថា នៅពេលខ្មែរក្រហមឡើងកាន់អំណាច អង្គការបានចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ និងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋយកទៅដាក់ជាទ្រព្យសម្បត្តិរួមនៅក្នុងសហករណ៍។ ទោះបីជាដំណាំដែលប្រជាជនដាំដុះតាមផ្ទះសម្បែងខ្លួនឯង ក៏អង្គការមិនអនុញ្ញាតឱ្យយកមកបរិភោគដែរ ប្រសិនបើលួចបរិភោគហើយត្រូវឈ្លបចាប់ទាន់ នឹងត្រូវចោទប្រកាន់ថា ក្បត់សមូហភាព ហើយត្រូវនាំខ្លួនយកទៅធ្វើការកសាង និងធ្វើបាបជាក់ជាមិនខាន។
ក្នុងរបបខ្មែរក្រហម សារ៉ន ត្រូវអង្គការបង្ខំឱ្យទៅរែកជីពីតំបន់ដក់ពរ និងតំបន់ព្រែកលិច ដោយចាប់ផ្តើមធ្វើការតាំងពីព្រឹក រហូតដល់ម៉ោង ៥ល្ងាច ហើយពេលខ្លះត្រូវបង្ខំឱ្យរែកដីបន្ថែមនៅពេលយប់ថែមទៀត។ រីឯរបបអាហារវិញ ក្នុងមួយថ្ងៃអង្គការអនុញ្ញាតឱ្យហូបតែពីរដងប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុងមួយពេលៗទទួលបានត្រឹមតែមួយកូនចានចង្កឹះ និងពេលខ្លះទទួលបានត្រឹមតែបបររាវប៉ុណ្ណោះ។ ដោយសារតែការហូបចុកមិនគ្រប់គ្រាន់ ប្រជាជនគ្មានកម្លាំងបំពេញការងារតាមការកំណត់របស់អង្គការឡើយ។ ក្រោយមក អង្គការបានប្រើ សារ៉ន ឱ្យទៅបករំពាក់នៅតំបន់ពោធិ៍ចាម ក្រោយពីធ្វើការងារបានប៉ុន្មានថ្ងៃ គេក៏ប៉ុនប៉ងសម្លាប់ សារ៉ន ប៉ុន្តែសំណាងល្អបានមេភូមិជួយធានាថា សារ៉ន ជាមនុស្សល្អ ទើបឈ្លបបានដោះលែងមកវិញ។ សារ៉ន បន្តថា នៅតំបន់ពោធិ៍ចាមមានរណ្តៅសម្លាប់មនុស្សជាច្រើនកន្លែង ដោយនៅពេលមានកងភ្ជួរដែលខ្មែរក្រហមចោទប្រកាន់ថាធ្វើខុស គឺត្រូវបាននាំយកទៅសម្លាប់នៅក្បែរតំបន់ពោធិ៍ចាមនោះ។
នៅរដូវប្រាំង អង្គការបានចាត់តាំង សារ៉ន ឱ្យទៅចូលរួមក្នុងកងចល័តលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ ដោយកំណត់ផែនការក្នុងមួយថ្ងៃឱ្យបាន ១០ម៉ែត្រ។ ពេលនោះ ដោយសារ សារ៉ន នៅក្មេង និងមានមាឌតូចល្អិត មិនអាចលើកដីបានតាមការកំណត់ឡើយ។ នៅរដូវវស្សាវិញ អង្គការបានប្រើ សារ៉ន និងប្រជាជនទូទៅឱ្យចុះស្ទូងស្រូវ ដោយចាប់ផ្តើមតាំងពីម៉ោង ៥ព្រឹក រហូតដល់យប់ជ្រៅក៏មានដែរ។ នៅពេលធ្វើការងារទាំងយប់ទាំងថ្ងៃបែបនេះ អ្នកខ្លះខ្យល់គរដួលសន្លប់ ហើយអ្នកខ្លះទៀតឈឺស្លាប់ក៏មានដែរ។
នៅរដូវច្រូតកាត់ សារ៉ន បានលួចយកឈ្នាងទៅរកត្រី ប្រសិនបើអង្គការទាន់ នឹងចោទប្រកាន់ថាមានគំនិតឯកជន ថែមទាំងត្រូវបានប្រធានកងដាក់ទណ្ឌកម្មដោយវាយនឹងរំពាត់។ បន្ទាប់មក ប្រធានកងតម្រូវឱ្យ សារ៉ន ទៅច្រូតស្រូវ ដោយក្នុងមួយក្រុមមានសមាជិក ១២នាក់ ត្រូវច្រូតឱ្យបានផ្ទៃដី ១ហិកតា ក្នុងមួយថ្ងៃ។ បន្ទាប់ពីច្រូតស្រូវរួច សារ៉ន ត្រូវទៅបោកបែន និងបុកស្រូវបន្តទៀត។ សារ៉ន បន្តទៀតថា នៅក្នុងរបបខ្មែរក្រហម ក្រៅពីប្រជាជនត្រូវធ្វើការងារធ្ងន់ៗហើយ នៅត្រូវប្រឈមមុខនឹងភាពអត់ឃ្លានថែមទៀត ទោះបីជាទិន្នផលស្រូវទទួលបានយ៉ាងច្រើន ប៉ុន្តែប្រជាជនហូបមិនដែលឆ្អែតឡើយ។
នៅពេលរបបខ្មែរក្រហមជិតដួលរលំ សារ៉ន និងប្រជាជនដទៃទៀតត្រូវបានជម្លៀសដោយដឹកតាមរថយន្តទៅដល់ខេត្តកំពង់ស្ពឺ។ ក្រោយពេលទៅដល់ទីនោះបាន ៧ថ្ងៃ ប្រទេសជាតិត្រូវបានរំដោះ សារ៉ន មានឱកាសបានធ្វើដំណើរដោយថ្មើរជើងពីខេត្តកំពង់ស្ពឺ ត្រឡប់មកភូមិដក់ពរវិញ រួចចាប់ផ្តើមប្រកបរបរជាកសិករដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន សារ៉ន រស់នៅភូមិដក់ពរ និងមានជំងឺប្រចាំកាយគឺជំងឺសន្លាក់ដៃជើង៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

