ប៉ុក ញ៉ែ៖ ធ្វើការងារយឺត ជាមុខសញ្ញាយកទៅសម្លាប់ ឬក៏ជម្លៀសចេញ

ប៉ុក ញ៉ែ អាយុ៧៥ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៦ឆ្នាំ ញ៉ែ បានចូលរៀនអក្ខរកម្មដែលបង្កើតឡើងដោយសម្ដេចព្រះ នរោត្តម សីហនុ រយៈពេល៣ឆ្នាំ។ បន្ទាប់ពីឈប់រៀន ញ៉ែ បានរៀបការនៅឆ្នាំ១៩៦៩ និងមានកូនម្នាក់នៅឆ្នាំ១៩៧០។

នៅក្នុងសម័យ លន់ នល់ ភូមិដែល ញ៉ែ រស់នៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបដិវត្តន៍ ដែលមានអ្នកដឹកនាំធំចំនួន៣នាក់ រួមមានឈ្មោះ ហូ នឹម, ហ៊ូ យន់ និងខៀវ សំផន។ ញ៉ែ បានឲ្យដឹងថា នៅក្រោមការគ្រប់គ្រងរបស់ក្រុមបដិវត្តន៍ មិនមានការសម្លាប់ប្រជាជននោះទេ គឺមានត្រឹមតែចាប់មនុស្សម្នាដាក់គុក នៅពេលដែលមានកំហុស។ ជាក់ស្ដែង ញ៉ែ ធ្លាប់ជាប់ឃុំឃាំងចំនួនពីរដង ដោយលើកទី១ រយៈពេល៣ថ្ងៃ និងលើកទី២ រយៈពេល៧ថ្ងៃ។ អំឡុងពេលដែល ញ៉ែ ជាប់ឃុំឃាំង គាត់មានតួនាទីជាប្រធានក្រុមប្រវាស់ដៃ។ ចំណែកបងរបស់ញ៉ែ បានបាត់ដំណឹងនៅពេលចូលបដិវត្តន៍ក្នុងព្រៃ។

ក្រោយមក ពេលទទួលបានជ័យជម្នះ ញ៉ែ បានឮដំណឹងថាឈ្មោះ ហូ នឹម និងហ៊ូ យន់ ត្រូវបានអង្គការសម្លាប់ ហើយប្រទេសជាតិស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ ប៉ុល ពត  និងអៀង សារី។ ចាប់ពីពេល ប៉ុល ពត គ្រប់គ្រងប្រទេស នៅក្នុងភូមិរបស់ ញ៉ែ ចាប់ផ្ដើមមានការសម្លាប់មនុស្សជាបន្តបន្ទាប់ សូម្បីតែអ្នកធ្វើការងារឲ្យអង្គការពីមុនមួយចំនួនក៏មានការភ្ញាក់ផ្អើលដែរ។ មួយវិញទៀត ប្រជាជនជួបប្រទះនូវការអត់ឃ្លាន, មាស និងប្រាក់ ក្លាយជារបស់គ្មានតម្លៃ ហើយកុមារមិនបានរៀនសូត្រត្រឹមត្រូវនោះទេ។ នៅពេលធ្វើការងារ ប្រសិនបើមាននរណាប្រព្រឹត្តកំហុសបន្តិបន្តួច ឬក៏ប្រឆាំងតវ៉ា គឺត្រូវជម្លៀសចេញទៅធ្វើការងារធ្ងន់ៗនៅភ្នំបូរី ជ្រៃព្នៅ ឬខេត្តផ្សេងទៀត។ នៅក្នុងចំណោមអ្នកជម្លៀសទាំងអស់ មានគ្រួសារបងរបស់ញ៉ែ មួយគ្រួសារ ត្រូវបានអង្គការជម្លៀសចេញពីភូមិ និងស្លាប់នៅទីនោះ។

ចំណែក ញ៉ែ អង្គការបានបំបែកគាត់ចេញពីគ្រួសារ ឲ្យទៅរស់នៅក្នុងកងចល័តឃុំ ដើម្បីធ្វើការងារ រែកដីនៅតាមការដ្ឋាន។ នៅក្នុងកងចល័តឃុំ ញ៉ែ ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ ដើម្បីធ្វើការងាររហូតដល់ម៉ោងប្រមាណ១១ ទៅ១២ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ។ នៅពេលរសៀល គាត់ត្រូវចាប់ផ្ដើមធ្វើការងារ ពីម៉ោង១ ឬម៉ោង២រសៀល រហូតដល់ម៉ោង៥ល្ងាច ទើបសម្រាកហូបអាហារម្ដងទៀត និង ចូលធ្វើការងារបន្ថែម នៅម៉ោងប្រមាណ៦ រហូតដល់ម៉ោង១០យប់។ ក្នុងមួយថ្ងៃ អង្គការចាត់តាំង ញ៉ែ ជីកព្រែកឲ្យបានទទឹង៥ម៉ែត្រ បណ្ដោយ៣ម៉ែត្រ និងជម្រៅមួយម៉ែត្រ។ នៅពេលធ្វើការងារ ញ៉ែ ត្រូវប្រកួតប្រណាំងគ្នាជាមួយអ្នកធ្វើការងារនៅក្នុងក្រុម ដើម្បីឲ្យទាន់ផែនការ ហើយប្រសិនបើធ្វើរួចក្រោយគេ នឹងត្រូវកំណត់ជាមុខសញ្ញាយកទៅសម្លាប់ ឬក៏ជម្លៀសចេញពីភូមិ។

បន្ទាប់មក អង្គការបានប្ដូរ ញ៉ែ ឲ្យចូលបានធ្វើជាចុងភៅរយៈពេលមួយឆ្នាំ រួចបញ្ជូនទៅឈរជើងនៅកន្លែងមូលដ្ឋានទ័ព៣ខែ និងចុងក្រោយចេញទៅសមរភូមិ។ ញ៉ែ ចេញទៅសមរភូមិបានរយៈ៣ថ្ងៃ មានកងទ័ពកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក ហើយគាត់បានរត់ភៀសខ្លួនទៅខាងភ្នំលិច។ ក្នុងអំឡុងពេលរត់គេច ញ៉ែ បានជួបប្រទះនូវការអត់ឃ្លាន និងឃើញមានអ្នកស្លាប់ជាច្រើននាក់ដោយសារអត់អាហារ។

បន្ទាប់មកទៀត កងទ័ពវៀតណាមបានចាប់ខ្លួន ញ៉ែ ដោយសារតែ ឈ្មោះ វែន ឆ្លើយថាគាត់ជាប្រធានកងវរ។ នៅពេលឃុំឃាំង ញ៉ែ ត្រូវវៀតណាមចាប់ ទៅសួរចម្លើយនៅសាលារៀនវត្តអង្គ។ នៅសាលារៀនវត្តអង្គ កងទ័ពវៀតណាមឲ្យ ញ៉ែ អង្គុយនៅលើកៅអីដែកមួយ រួចសួរគាត់ថាធ្វើការងារអីនៅជាមួយ ប៉ុល ពត និងសួរទាក់ទងជាមួយទ័ពខ្មែរក្រហម ឬក៏អ្នកគ្រប់គ្រងទ័ពធំៗរបស់ខ្មែរក្រហម។ ញ៉ែ បានឆ្លើយថាគាត់ជាប្រជាជនធម្មតា អង្គការប្រើឲ្យគាត់ជញ្ជូនស្រូវ បែកពីប្រពន្ធកូន ហើយគាត់រត់មកនេះតាមប្រជាជនផ្សេងទៀត។ នៅពេល ញ៉ែ ឆ្លើយដូច្នេះ ទាហានវៀតណាម បានទាត់គាត់ចំចុងដង្ហើម ធ្លាក់ពីលើកៅអី រួចយកជើងធាក់បញ្ច្រាស់ឡើងលើបន្តទៀត មុនពេលក្របួចសក់ក្រញិច ព្រមទាំងនិយាយប្រាប់ ញ៉ែ ឲ្យឆ្លើយការពិត បើឆ្លើយមិនពិតគឺត្រូវបាញ់ចោល។

នៅពេលដែលត្រូវទាត់ និងធាក់ ជាច្រើនដង ញ៉ែ បានប្រាប់ឲ្យទាហានវៀតណាម ឈប់វាយគាត់បន្តទៀត និងយកគាត់ទៅសម្លាប់តែម្ដងទៅ ព្រោះបើវាយសួរបន្តទៀត ចម្លើយគឺនៅតែដដែល ព្រោះគាត់មិនបានដឹង។ ពេលឆ្លើយដូច្នេះ កងទ័ពវៀតណាមឲ្យ ញ៉ែ គិត៥នាទីបន្តទៀត ប៉ុន្តែគាត់បានឆ្លើយភ្លាមវិញថា “កុំថា៥នាទី បើឲ្យគិត២យប់ ២ថ្ងៃ ក៏ខ្ញុំអត់មានអីគិតដែរ មានតែប៉ុនហ្នឹង”។ ពេលឮដូច្នេះ កងទ័ពវៀតណាមអស់ចិត្ត និងបានបញ្ជូន ញ៉ែ មកកន្លែងឃុំឃាំងវិញ។ ពេលមកដល់ អ្នកជាប់ទោសជាមួយគ្នាមកអង្អែលខ្នង ញ៉ែ រួចនិយាយថា “បងអើយខ្ញុំមកនេះមុនបងឯងរាប់ខែហើយ ឲ្យតែឃើញចេញទៅស្មើហ្នឹង ហើយផ្លូវហ្នឹងដឹងតែបាត់ជីវិតហើយ”។

ក្រោយមកទៀត កងទ័ពវៀតណាម បានដោះលែង ញ៉ែ ហើយគាត់បានត្រលប់មកស្រុកកំណើតវិញ។ បន្ទាប់ពីដោះលែង ញ៉ែ ចាប់ផ្ដើមឈឺក្អកធ្លាក់ឈាមជាបន្តបន្ទាប់ ហើយការព្យាបាលរបស់គាត់គឺទៅពិនិត្យសុខភាព និងទិញថ្នាំឈ្មោះ បេកា ដើម្បីព្យាបាលជំងឺរបេង និងថ្នាំមួយប្រភេទទៀត យកមកលេបជាប្រចាំ ទើបធ្វើឲ្យសុខភាពគាត់ល្អប្រសើរវិញ។

ញ៉ែ បានឲ្យដឹងទៀតថា គាត់មិនបានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ គឺគាត់ខិតខំធ្វើស្រែចិញ្ចឹមជីវិត។ មូលហេតុដែល ញ៉ែ មិនតាមដានដោយសារតែគាត់គិតថាជារឿងរបស់ជាតិ ហើយឲ្យថ្នាក់ដឹកនាំជាអ្នកដោះស្រាយ។ ញ៉ែ ផ្ដាំឲ្យក្មេងជំនាន់ កុំឲ្យប្រកាន់របបខ្មែរក្រហម និងកុំឲ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀត។

អត្ថបទដោយ៖ ភា រស្មី 

ម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី២៦ ខែសីហា ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin