ប៉ុក ទឹម៖ ក្មេងសម័យឥលូវមិនចេះទ្រាំ ដូចក្មេងសម័យមុន

ប៉ុក ទឹម អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រឿងរ៉ាវដែល ទឹម ចងចាំក្នុងរបបខ្មែរក្រហមគឺ គាត់បានរៀន ក ខ នៅក្រោមផ្ទះប្រជាជន ជាមួយមនុស្សពេញវ័យបានប្រមាណ៣ ទៅ៤ថ្ងៃ ទើបអង្គការបញ្ជូនគាត់ទៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ទឹម ធ្វើការងារកើបអាចម៍គោ នៅខាងត្បូងផ្សារភូមិដូនជីក ។ ជារៀងរាល់ថ្ងៃ ទឹម ត្រូវចេញទៅធ្វើការងារនៅម៉ោងប្រមាណ៧ព្រឹក រហូតដល់ម៉ោងប្រមាណ១១យប់ ទើបត្រលប់មកហូបអាហារនៅសហករណ៍បានយ។ ជាញឹកញាប់ នៅក្នុងសហករណ៍បានយ មានដាំបបររាវៗចែកឲ្យកុមារ ហើយទឹម ហូបមិនបានគ្រប់គ្រាន់នោះទេ។ មួយវិញទៀត ទឹម មិនហ៊ានដួសបបរប្រជែងជាមួយកុមារផ្សេងទៀត ដោយសារតែខ្លាចទឹកបបរក្ដៅខ្ទាត់ត្រូវដៃ។ ក្រោយមក អង្គការបានបញ្ជូនកុមារពីភូមិបានយ ទៅរស់នៅភូមិដូនជីក ដើម្បីបន្តកើបអាចម៍គោនៅទីនោះ និងទៅផ្សារជ្រែ។

នៅថ្ងៃមួយ ទឹម បានធ្លាក់ខ្លួនឈឺ ហើយទៅធ្វើការងារមិនកើត។ ពេលដល់ម៉ោងហូបអាហារ ប្រធានកងបានប្រាប់ឲ្យគាត់ទៅចូលរួមជាមួយក្រុមមនុស្សចាស់។ ពេលទៅដល់កន្លែងហូបបាយ ឈ្មោះ សុំ បានស្ដីបន្ទោស ទឹម ថាហេតុអ្វីបានជាមកហូបបាយជាមួយចាស់ៗ ប៉ុន្តែនៅពេលដែល ទឹម ប្រាប់ថាប្រធានក្រុមឲ្យមក ទើបអង្គការផ្ដល់ដំឡូងមួយមើមឲ្យគាត់ហូប។ ទឹម បានឲ្យដឹងថា ប្រសិនបើឈឺ មិនទៅធ្វើការងារ ហើយប្រធានក្រុមមិនបានប្រាប់ឲ្យមកហូបអាហារនៅក្នុងរោងបាយ នោះគាត់មិនទទួលបានអាហារហូបនោះទេ។ មួយវិញទៀត នៅពេលដែល ទឹម ឃ្លានខ្លាំង គាត់បានបេះផ្លែត្រប់ ឬព្រលឹតដែលចុងភៅបេះយកមកដាក់ក្នុងរោងបាយសម្រាប់ស្ល យកទៅជ្រលក់ជាមួយប្រហុក ហូបបន្ថែមទៀត។

នៅក្នុងកងកុមារ ទឹម មិនដែលត្រូវបានប្រធានកងធ្វើបាប ឬស្ដីបន្ទោសនោះទេ ដោយសារគាត់សកម្មជាមួយការងារ ហើយគ្រប់ពេលដែលប្រធានកងប្រើគាត់ទៅណា ក៏គាត់ធ្វើតាមដែរ មិនថាពេលយប់ ឬថ្ងៃ។ បន្ថែមលើសពីនេះ ប្រធានកងកុមារដែល ទឹម ធ្វើការងារជាមួយសុទ្ធតែជាមនុស្សល្អ រស់នៅក្នុងភូមិជាមួយគ្នា ទើបមិនបានធ្វើបាបក្មេងៗ។ ទឹម ធ្វើការងារនៅក្នុងរោងកុមារ រហូតដល់ឆ្នាំ១៩៧៩។ នៅពេលដែលកងទ័ពរំដោះចូលមក ទឹម មិនបានដឹងថាអ្នកណាចូលទៅបីគាត់ពីក្នុងកងកុមារ រត់ទៅខេត្តភាគខាងលិចនោះទេ ព្រោះពេលនោះគាត់ដេកលក់។ ពេលធ្វើដំណើរដល់ដើមធ្លក មានអ្នកមកចាប់ស្ត្រី និងបុរសដែលមានកម្លាំង ឡើងឡានចេញទៅអស់ ដោយទុកតែកុមារ និងមនុស្សចាស់ឲ្យនៅ។ ក្រោយមក គ្រួសាររបស់ទឹម បានត្រលប់មកភូមិវិញ។ នៅក្នុងសម័យខ្មែរក្រហម ទឹម បាត់បង់ឪពុកមាឈ្មោះ ច ដែលអង្គការជម្លៀសទៅបាត់ដំបង ហើយបងប្អូនជីដូនមួយដែលរស់នៅផ្លូវជាតិលេខ២មួយគ្រួសារ និងប្អូនតូច២នាក់។

ទឹម ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះអង្គការបានសម្លាប់អ្នកចេះដឹង ជាពិសេសប្រជាជន ១៧ មេសា ជាច្រើននាក់។ ទឹម បានឃើញប្រជាជន១៧ មេសា ពុលនំបញ្ចុកស្លាប់ជាច្រើននាក់នៅក្នុងវត្តបានយ។ ទឹម បានបន្តថា គាត់មិនចង់ឲ្យរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀតទេ ព្រោះក្មេងសម័យឥលូវមិនចេះអត់ទ្រាំ ដូចក្មេងសម័យគាត់នោះទេ។ ប្រសិនបើរបបខ្មែរក្រហមវិលត្រលប់មកវិញមែន កុមារជំនាន់ក្រោយ ស្លាប់ដោយសារអត់អាហារទាំងអស់គ្នា។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី២៧ ខែសីហា ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin