ខ្ញុំយកថង់មកដេរធ្វើជាខោអាវស្លៀក

(ត្បូងឃ្មុំ)៖ ពោន អាង អាយុ៧៨ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ អាងបានចែករំលែកបទពិសោធន៍របស់គាត់ជាច្រើនដែលធ្លាប់បានឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម។

នៅក្នុងអំឡុងឆ្នាំ១៩៧០ អាង មានអាយុ២៣ឆ្នាំ។ នៅពេលនោះ ស្ថានភាពនៅក្នុងភូមិបានជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារការគ្រាប់ប្លោងហោះកាត់ដំបូលផ្ទះ បណ្តាលឲ្យមានមនុស្ស សត្វពាហនៈដូចជាគោ ក្របី​របួស និងស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ សាកសពខ្លះបានខ្ទាតទើរលើចុងឬស្សីដែលមើលទៅគួរឱ្យរន្ធត់។ ដើម្បីការពារអាយុជីវិត អាង បានជីករណ្តៅត្រង់សេសម្រាប់គេចគ្រាប់នៅក្រោមផ្ទះ ដោយប្រើស្លឹកត្នោត និងឈើគ្របពីលើ។

អាង បាននិយាយថា នៅក្នុងយប់យន្តហោះបាញ់រះ និងពេលថ្ងៃហោះទម្លាក់គ្រាប់ គាត់ត្រូវអង្គុយនៅមាត់ត្រង់សេជានិច្ច មិនហ៊ានទៅណាឆ្ងាយឡើយ ព្រោះខ្លាចរត់ចូលរណ្តៅមិនទាន់ពេលមានអាសន្ន។ គ្រាប់បែកភាគច្រើនទម្លាក់នៅតំបន់ក្បែរភូមិ រួចប្លោងចូលមកក្នុងភូមិជើងអង ធ្វើឱ្យ អាង សម្រេចចិត្តរត់ទៅរស់នៅតំបន់តំបែរមួយរយៈ ដើម្បីគេចពីគ្រោះថ្នាក់។ ក្រៅពីគ្រោះថ្នាក់នៃគ្រាប់បែក ទាហានបានចូលមករាតត្បាតក្នុងភូមិ បានចាប់យកសត្វមាន់ ត្រី និងធ្វើបាបប្រជាជនថែមទៀត។

នៅឆ្នាំ១៩៧៥ អាង មានអាយុ២៨ឆ្នាំ។ ជីវិតក្នុងរបបខ្មែរក្រហម ត្រូវទទួលរងការបង្ខំឱ្យធ្វើការងារធ្ងន់ ដូចជាដកស្ទូងលើផ្ទៃដីស្រែរាប់ហិកតា ចាប់តាំងពីព្រលឹមទល់ព្រលប់។ ផលស្រូវដែលប្រមូលបានទាំងអស់ត្រូវជញ្ជូនទៅរក្សាទុកក្នុងជង្រុកសហករណ៍ ខណៈដែលប្រជាកសិករទទួលបានរបបអាហារត្រឹមតែពីរពេលក្នុងមួយថ្ងៃ, អាង ហូបបបរនៅពេលល្ងាច និងបានហូបបាយខ្លះនៅពេលព្រឹក។ ចំពោះស្ថានភាពសុខភាពវិញ នៅពេលមានជំងឺ អាង ទទួលបានត្រឹមតែថ្នាំបន្តិចបន្តួចប៉ុណ្ណោះ។

ការរស់នៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង ពិសេសគឺសម្លៀកបំពាក់។ អាង ត្រូវរើសថង់ដែលសេសសល់ដែលមានលក្ខណៈដូចជាស្បៃយកមកកាត់ដេរធ្វើជាខោអាវស្លៀកពាក់។ ចំណែកអ្នកភូមិខ្លះទៀត បានយកភួយមកដេរធ្វើជាសម្លៀកបំពាក់។ អាង បានបញ្ជាក់ថា ក្នុងគ្រួសារដែលមានសមាជិកពី៥ ទៅ ៦នាក់ ទទួលបានការបែងចែកកំណាត់ត្រឹមតែ ២ម៉ែត្រប៉ុណ្ណោះ។

អាង បានប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តថា នៅក្នុងរបបខ្មែរក្រហម ទោះបីជាសមាជិកគ្រួសាររបស់គាត់រស់នៅជុំគ្នា ប៉ុន្តែមានសាច់ញាតិជាច្រើន រួមមានចៅ, ក្មួយ និងញាតិមិត្តដទៃទៀតបានបាត់បង់ជីវិតនៅក្នុងរបបនោះ។ អាង បានបន្តថា នៅក្នុងរបបខ្មែរក្រហមទោះបីជាគាត់មិនដែលបានឃើញការសម្លាប់មនុស្សផ្ទាល់នឹងភ្នែក គាត់បានដឹងថាប្រធានភូមិត្រូវបានឈ្លបនាំខ្លួនយកទៅបាត់ដោយមិនដែលឃើញវិលត្រឡប់មកវិញឡើយ។ ក្រៅពីការធ្វើបាបមនុស្ស ខ្មែរក្រហមបានបំផ្លិចបំផ្លាញសាសនា ដោយបានរុះរើវត្តជើងអងចោល រួចយកទីតាំងនោះធ្វើជាកន្លែងស្នាក់នៅរបស់អង្គការ និងជាកន្លែងសម្រាប់ផ្សំថ្នាំ៕

សម្ភាសន៍ដោយ៖ ឈើន ស្រីល័ក្ខ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin