ទាហានរបប លន់ នល់ ដែលនៅរស់

រូបតំណាង

បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបប​នេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុត​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖

ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។ វិន ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ស្រី២នាក់​។ វិន មាន​កម្ពស់១,៥៥ ម៉ែត្រ, សម្បុរសណ្ដែកបាយ, សក់ស្លូត, ភ្នែកតូច, សំឡេងតូច, ច្រមុះទាល ថ្ងាស​ទូ​លាយ និងមានដំណើរមួយៗ និងធ្លាប់ជាទាហាន លន់ នល់។[2]

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់​សម្តេចព្រះនរោត្តមសីហនុ។ នៅពេលនោះ វិន គឺជាទាហាន លន់ នល់ ប្រចាំការនៅភូមិតាស្រី ឃុំបឹងខ្យាង ខេត្តកណ្តាល។ នៅឆ្នាំ១៩៧១ វិន បានរៀបការជាមួយប្រពន្ធឈ្មោះ ផាន និងបានមករស់នៅភ្នំពេញ ម្តុំតំបន់វត្តសំបួរមាស (បច្ចុប្បន្នស្ថិតក្នុងខណ្ឌដង្កោ)។ នៅក្នុងឆ្នាំ១៩៧៤ វិន ត្រូវបានផ្លាស់ប្តូរការងារឲ្យទៅប្រចាំការនៅជិតស្ពានតំបន់ផ្លូវជាតិលេខ៤ ក្រុងព្រះសីហនុ។ គាត់បានចូលរួមធ្វើសង្រ្គាមនៅសមរភូមិជាច្រើនជាមួយយោធាខ្មែរក្រហម នៅអ្នកតាឃ្លាំងមឿងខេត្តពោធិ៍សាត់, ស្រុកល្វាឯម, និងស្រុកកៀនស្វាយ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ ន​ល់ នៅពេលនោះ វិន កំពុងស្ថិតនៅជាមួយប្រពន្ធនៅក្រុងភ្នំពេញ។ គាត់បានឃើញទាហាន លន់ នល់ ជាច្រើនត្រូវ​បានសម្លាប់នៅតាមផ្លូវ និងមួយចំនួនត្រូវបានចាប់ខ្លួន។ ដោយឃើញសភាពការបែបនេះ វិន បានប្រញាប់​ប្រញាល់ប្រមូលសម្លៀកបំពាក់ លន់ នល់ និងកាំភ្លើងព្រមទាំងសម្ភារទាហានទាំងអស់ទៅកប់ដីចោល​។ គាត់បានបន្លំខ្លួនជាប្រជាជនធម្មតាដោយស្លៀកពាក់ស៊ីវិល។ នៅភ្នំពេញ វិន បានឃើញប្រជាជនរាប់ពាន់នាក់ត្រូវបានយោធាខ្មែរក្រហមវ័យក្មេងៗស្រែកគំរាមយ៉ាងសាហាវឃោរឃៅ។ តាមផ្លូវមានសភាពច្របូកច្របល់ ពោរពេញទៅដោយមនុស្ស ដែលត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែងទៅទីជនបទ។ អំឡុងពេលធ្វើដំណើរគាត់បានឃើញទាហានខ្មែរក្រហមក្នុងឯកសណ្ឋានខ្មៅ និងពណ៌អាចម៍សេះបានបាញ់សម្លាប់ប្រជាជន​ដែលបដិសេធមិនព្រមចាកចេញ, សាកសពត្រូវបានទុកចោលដោយគ្មានសាច់ញាតិនៅក្បែរ, ប្រជាជនរែក និងទូលសម្ភារ ព្រមទាំងរុញរទេះអ្នកជំងឺ និងជនចាស់ជរា, ចំណែកប្រជាជនដែលបានវង្វេង​សមាជិកគ្រួសារបានដើរត្រលប់ក្រោយប៉ុន្តែត្រូវបានខ្មែរក្រហម​បង្ខំឲ្យទៅមុខទាំងមិនបានជួបសមា​ជិក​គ្រួសារ។

“អ្នកធ្លាប់រស់នៅទីក្រុងភ្នំពេញម្នាក់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានរៀបរាប់ថា ការជម្លៀសនៅពេលនោះប្រៀបបានដូចជាគ្រាប់បែកដែលបានផ្ទុះដើម្បីបំបែកគ្រួសារទាំងអស់នៅក្នុងក្រុងភ្នំពេញ។ យើងបានបែកចេញពីគ្នាដោយសារតែការផ្លាស់ទីភ្លាមៗ។ យើងបានបែកពីសមាជិកគ្រួ​សារ និងមិត្តភក្តិ។ យើងក៏បានបាត់បង់ភ្លាមៗនូវអ្វីៗដែលយើងរកបាន និងទ្រព្យសម្បត្តិទាំងអស់” ។[3]

វិន និងប្រពន្ធដែលមានផ្ទៃពោះ ព្រមទាំងឪពុកម្តាយក្មេក, និងបងប្អូនថ្លៃទាំងអស់ បានចាកចេញពីផ្ទះនៅម្តុំវត្តសំបួរមាស ដោយធ្វើដំណើរតាមផ្លូវរោងចក្រកែវដើម្បីឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ក្នុងគោលបំណងទៅស្រុកកំណើតឯឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅតាមផ្លូវធ្វើដំណើរ វិន និងគ្រួសារ ព្រមទាំងប្រជាជនជម្លៀសផ្សេងទៀតត្រូវរៀបចំអាហារហូបចុកដោយខ្លួនឯង។ ខ្មែរក្រហមបានចែករបបអង្ករ និងស្បៀងអាហារឲ្យប្រជាជន។ អ្នកជំងឺដែលគ្រួសារបានយក​មកតាមខ្លះបានស្លាប់ និងទុកចោលនៅតាមផ្លូវ។

ក្រោយពីធ្វើដំណើរយ៉ាងលំបាកអស់ជាច្រើនថ្ងៃ វិន និងគ្រួសារបានមកដល់ភូមិកំណើត។ កង​ឈ្លបខ្មែរក្រហមដែលស្គាល់ វិន បានមកធ្វើប្រវត្តិរូប ស្តីពីការងារ, ការសិក្សា, និងការរស់នៅក្នុងរបបមុន​។ វិន និយាយថា “ខ្ញុំបានប្រាប់តាមត្រង់ថាខ្ញុំជាទាហាន លន់ នល់ អត់មានសក្ដិអ្វីទេ”។ វិន និយាយបន្តថា​គាត់មិនអាចនិយាយកុហកបានទេទោះបីជាដឹងថាទាហាន លន់ នល់ ជាគោលដៅសម្លាប់ក៏ដោយ ព្រោះគាត់ធ្លាប់មកធ្វើជាទាហានប្រចាំការនៅក្នុងភូមិនេះកាលពីមុនរបបខ្មែរក្រហម។ ប្រជាជន និងកម្មាភិបាលខ្មែរក្រហមទាំងអស់នៅទីនេះបានស្គាល់គាត់។ វិន គិតថា​ប្រហែលដោយសារគាត់និយាយការពិតប្រាប់ដល់កងឈ្លបខ្មែរក្រហម និងកងឈ្លបនោះធ្លាប់​ស្គាល់គាត់ទើបគេមិនសម្លាប់គាត់។ កងឈ្លបខ្មែរក្រហមនោះបានប្រាប់គាត់ថាត្រូវខិតខំធ្វើ​ការឲ្យអង្គការ និងមិនត្រូវមានចិត្តគិតដល់របបមុនទៀតទេ។ បើទោះបីជាយ៉ាងនេះក្តី ការរស់នៅរបស់ វិន និងគ្រួសារត្រូវបានខ្មែរក្រហមតាមដាន។

នៅក្នុងសហករណ៍វត្តបឹងខ្យាង វិន ត្រូវ​បានចាត់ទុកជាប្រជាជនថ្មីព្រោះធ្លាប់រស់នៅភ្នំពេញ។ “ប្រជាជនថ្មីឬប្រជាជន១៧មេសា ជាប្រជាជនដែលត្រូវបានជម្លៀសចេញពីភ្នំពេញឬទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។  ប្រជាជនថ្មីត្រូវបាន​ចាត់ទុកជាមនុស្សដែលមិនអាចជឿទុកចិត្តបាន ហើយទទួលការស្អប់ខ្ពើម និងការសង្ស័យពីសំណាក់អង្គការខ្មែរក្រហម។ អ្នកទាំងនោះចាត់ទុកជាជនបញ្ញើក្អែក ដែលគ្មានសិទ្ធិអ្វីទាំងអស់ដូចដែលពាក្យស្លោកខ្មែរក្រហមមួយឃ្លាបានអះអាងថា “ពួក១៧មេសា ជាជនបញ្ញើក្អែក ជាអ្នកចាញ់​សង្គ្រាម និងជាឈ្លើយសឹក។ ចំណែកប្រជាជនចាស់ឬប្រជាជនមូលដ្ឋាន ជាប្រជាជនដែលរស់នៅតាមទីជនបទគ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជា នៅមុនថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥”។[4]

ឪពុក ម្តាយ និងបងប្អូនរបស់ វិន ដែលរស់នៅស្រុកកំណើតត្រូវបានកងឈ្លបឃុំ​ឲ្យរស់នៅតាមសហករណ៍ក្នុងនាមជា “ប្រជាជនមូលដ្ឋាន” ចំណែកផ្ទះសម្បែងរបស់ឪពុកម្តាយ វិន ត្រូវបានខ្មែរក្រហមរុះរើ និងបំផ្លាញអស់។ វិន និងគ្រួសារជម្លៀសមកពីភ្នំពេញត្រូវរស់នៅសហករណ៍ក្នុងនាមជា “ប្រជាជនថ្មីឬ ប្រជាជន១៧មេសា”។ ការងាររបស់ វិន នៅសហករណ៍វត្តបឹងខ្យាង​នេះត្រូវបានប្រធានឈ្មោះ ផៃ ប្រើឲ្យភ្ជួរស្រែឆ្ងាយៗពីភូមិ។ កាលពីរបប លន់ នល់ គាត់មិនធ្លាប់ធ្វើការងារនេះទេ។ ​គាត់បានលួចរៀនពីរបៀបភ្ជួរដោយមើលអ្នកភ្ជួរមុនៗដែលរហ័សរហួន និងលួចសួរអ្នកស្គាល់គ្នា។ ចំណែកប្រពន្ធរបស់ វិន ដែលមានផ្ទៃពោះត្រូវបានឲ្យទៅធ្វើការក្នុងកងចល័តនារីដោយត្រូវទូលស្រូវយក​ទៅទុកក្នុងឃ្លាំង។ គាត់បានខិតខំធ្វើការទាំងថ្ងៃ ទាំងយប់ មិនហ៊ានប្រកែកតវ៉ា និងផែនការដែល​អង្គការ​ខ្មែរក្រហមកំណត់នោះទេ ព្រោះខ្លាចត្រូវសម្លាប់។ ក្រៅពីការងារភ្ជួរស្រែ វិន ត្រូវឡើងដើមត្នោតយកទឹកត្នោតដើម្បីធ្វើស្ករសម្រាប់ផ្គត់ផ្គង់រោងបាយ។ វិន និងប្រពន្ធត្រូវធ្វើការងារពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង ១១ថ្ងៃត្រង់ សម្រាកហូបអាហារ និងម៉ោង ១រសៀល បន្តធ្វើរហូតដល់ម៉ោង៦ល្ងាច ហើយថ្ងៃខ្លះត្រូវរែកសំណាបបន្ថែមរហូតដល់ម៉ោង១១យប់​។ វិន និយាយថា “ខ្ញុំមិនធ្លាប់ឡើងត្នោតទេពីមុន ប៉ុន្តែគេប្រើហើយគ្មានសិទ្ធិប្រកែក ឬថាមិនធ្លាប់ឡើងនោះទេ”។

នៅចុងឆ្នាំ១៩៧៥ ប្រពន្ធរបស់ វិន សម្រាលបានកូនមួយ នៅសហករណ៍វត្តបឹងខ្យាង។ កូនរបស់ វិន បានស្លាប់ពេលមានអាយុ១ខែ ដោយសារតែប្រពន្ធគ្មានទឹកដោះសម្រាប់ចិញ្ចឹមកូន។ របប​អាហារនៅទីនេះមាន២ពេលក្នុង១ថ្ងៃ ដោយសារការខ្វះខាតអង្ករប្រជាជនត្រូវហូបបបរស្ទើររាល់ថ្ងៃ។ បន្ទាប់ពីកូនស្លាប់បាន១ខែ ឪពុកក្មេករបស់ វិន ក៏បានបាត់ខ្លួនដោយមិនដឹងមូលហេតុ​។

នៅសហករណ៍វត្តបឹងខ្យាង វិន ឃើញការបាត់ខ្លួនអ្នកជម្លៀសមកជាមួយគាត់ជាញឹកញាប់​។ នៅទីនោះ វិន បានដឹងថា ឈ្មោះ បិះ ម៉ុត ជាគណៈឃុំបឹងខ្យាង និងឈ្មោះ ស៊ើន ជាប្រធានសហករណ៍​​វត្តបឹ​ងខ្យាង​។ នៅតំបន់គាត់រស់នៅ មានកន្លែងសម្លាប់មនុស្សមួយគឺនៅគុក “សង់ទន្លេបាទី” គ្រប់គ្រងដោយឈ្មោះ យន់។ ប្រជាជននៅសហករណ៍វត្តបឹងខ្យាងដែលនាំយកទៅរៀនសូត្រគឺត្រូវបាននាំទៅសម្លាប់នៅទីនោះ។ បើតាមការរៀបរាប់របស់ វិន មានតែអ្នកជាប់ឃុំ២នាក់ប៉ុណ្ណោះគឺឈ្មោះ គុណ និងសាន់ ដែលនៅរស់រានមានជីវិតពីគុក “សង់ទន្លេបាទី” ព្រោះរបបខ្មែរក្រហមបានដួលរ​លំមុនការសម្លាប់ត្រូវបានធ្វើឡើងចំពោះអ្នកទាំងពីរ។ ប្រជាជនដែលប្រព្រឹត្តកំហុសបន្តិចបន្តួចត្រូវបានអប់រំនៅ​សហករណ៍ផ្ទាល់។

នៅចុង ឆ្នាំ១៩៧៨ ប្រធានសហករណ៍ឈ្មោះ ផៃ បានប្តូរការងាររបស់ វិន ​ឲ្យទៅបររ​ទេះ​គោដើម្បីដឹកស្រូវ បន្លែ និងដំឡូងពីភ្នំតាម៉ៅ ដើម្បីយកមកផ្គត់ផ្គង់នៅសហករណ៍វត្តបឹងខ្យាង។ នៅឆ្នាំដដែលនោះ ប្រពន្ធរបស់ វិន ក៏សម្រាលបានកូនទី២។ ក្រោយមកនៅថ្ងៃទី៧ ខែមករា របបខ្មែរក្រហមក៏បានដួលរលំ វិន និងប្រជាជនទាំងអស់មានសេរីភាពឡើងវិញ។

ក្នុងរបបខ្មែរក្រហម នៅក្នុងវត្តបឹងខ្យាង វិន ក៏ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមបានប្រើប្រជាជនឲ្យបំផ្លិចបំផ្លាញរូបព្រះពុទ្ធប្បដិមាករ និងបានចាប់ព្រះសង្ឃផ្សឹក ព្រមទាំងបានបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការដូចប្រជាជនទូទៅដែរ។ កាលពីរបបខ្មែរក្រហមពេលចូលឆ្នាំខ្មែរម្តងៗនៅតំបន់ វិន រស់នៅមានការសម្តែងសិល្បៈរបស់សិល្បករ សិល្បការនីដែល​ជាកម្មាភិបាលខ្មែរក្រហម។ ការសម្តែងនៅពេលនោះនិយាយអំពី “ជ័យជម្នះរបស់អង្គការក្នុងការបណ្តេញពួកវណ្ណៈមូល​ធនចេញពីអំណាច”។

កាលពីរបប លន់ នល់ ប្រជាជនរស់នៅមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសមុខរបរ ប៉ុន្តែក្នុងរបបខ្មែរក្រហម អង្គការបានលុបបំ​បាត់ការធ្វើការងារដែលមានលក្ខណឯកជន ដោយប្តូរមកជាការធ្វើការងាររួមក្នុងសហករណ៍ជំនួសវិញ។ រាល់ការងារទាំងអស់អង្គការជាអ្នកកំណត់អ្នកហ៊ានប្រកែកតវ៉ានឹងត្រូវសម្លាប់ចោល។ គាត់ធ្លាប់និយាយរឿងរ៉ាវកាលពីអតីតប្រាប់ដល់ក្មេងៗជំនាន់ក្រោយ​បានដឹងដើម្បីឲ្យចូលរួមចំណែកទប់ស្កាត់របបដ៏ខ្មៅងងឹតដូចខ្មែរក្រហមកើតមានលើទឹកដីកម្ពុជា​សាជាថ្មី៕

អត្ថបទដោយ អេង សុខម៉េង

—x—

ឯកសារយោង

[1] ឯកសារលេខ KDI0024 (២០០២). សម្ភាសន៍ជាមួយឈ្មោះ ប៉ុន វិន, ២៩ទំព័រ, នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០២, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារ K07945, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី១។

[3] ផេង ពង្សរ៉ាស៊ី, et al. (២០២០), ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី១០០ (លោកស្រី តឹង សុខា៖ ដើមបណ្តឹងរដ្ឋប្បវេណី, ធ្វើសក្ខីកម្មនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២) ។

[4] ផេង ពង្សរ៉ាស៊ី, et al. (២០២០), ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី៤០

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin