ពូក ចាន់ណៃ៖ ស្ទើរតែស្លាប់ដោយសារខ្វះខាតអាហារ
ពូក ចាន់ណៃ អាយុ៥៧ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ចាន់ណៃ មានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់។ ក្នុងចំណោមបងប្អូន៤នាក់ បងប្រុសរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងសម័យ លន់ នល់ ដោយសារតែលិច ម៉ារីន (នាវា) ហើយបងប្រុសម្នាក់ទៀតរបស់គាត់ ស្លាប់ដោយសារការបង្អត់អាហារនៅក្នុងសម័យខ្មែរក្រហម។ ក្រៅពីបងប្រុសទាំងពីរ ចាន់ណៃ បាត់បង់សាច់ញាតិខាងឪពុក ចំនួន១៥នាក់ ក្នុងនោះមាន លោកយាយ-លោកតា, បងប្អូនបង្កើតរបស់ឪពុកទាំងអស់ រួមជាមួយបងប្អូនជីដូនមួយ ហើយបងប្អូនខាងម្ដាយរបស់គាត់បានស្លាប់ចំនួន៣នាក់ទៀត រួមមាន ពូ-មីង និងកូនរបស់គាត់។ សាច់ញាតិរបស់ ចាន់ណៃ ភាគច្រើនគឺស្លាប់ដោយសារអង្គការចាប់យកទៅសម្លាប់ដោយទម្លាក់ក្នុងរណ្ដៅ និងខ្វះខាតអាហារហូប។
នៅក្នុងសម័យ លន់ នល់ ឪពុករបស់ចាន់ណៃ ប្រកបរបរស៊ីឈ្នួលគាស់រពាក់ យកប្រាក់ទៅទិញអង្ករហូប។ ជាញឹកញាប់ គ្រួសាររបស់ ចាន់ណៃ បានភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីគេចពីការប្រយុទ្ធគ្នា។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពី របប លន់ នល់ ចាញ់សង្គ្រាម អង្គការខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ ចាន់ណៃ ទៅវត្តចំប៉ា ខាងលិចអង្គតាសោម ដើម្បីលុតដំខ្លួន។ ក្រោយមក អង្គការបានបញ្ជូនគ្រួសារចាន់ណៃ ទៅភូមិមហារាជ្យវិញ ដែលជាភូមិកំណើតរបស់គាត់។
នៅភូមិមហារាជ្យ អង្គការបានជម្លៀសប្រជាជនថ្មី រួមទាំងគ្រួសាររបស់ចាន់ណៃ តាមរថភ្លើងទៅខេត្តបាត់ដំបង។ គ្រួសាររបស់ចាន់ណៃ បានធ្វើដំណើរចេញពីស្ថានីយខេត្តតាកែវ កាត់តាមភ្នំពេញ និងទៅឈប់នៅស្ថានីយរថភ្លើង ហោរាគោត្រំ ជិតស្រុកមោង នៅម៉ោង១២យប់។ នៅស្ថានីយគោត្រំ អង្គការបានឲ្យគ្រួសារចាន់ណៃ ស្នាក់នៅទីនោះពីរថ្ងៃ មុនពេលបញ្ជូនគាត់បន្តឲ្យទៅរស់នៅភូមិគោត្រំ។
នៅភូមិគោត្រំ ការរស់នៅរបស់គ្រួសារចាន់ណៃ មានសភាពលំបាកខ្លាំងណាស់។ ក្នុងមួយថ្ងៃ អង្គការចែកអង្ករឲ្យប្រជាជនថ្មី ក្នុងមួយគ្រួសារបាន១កំប៉ុង បើគិតក្នុងសមាជិកគ្រួសារចាន់ណៃម្នាក់ៗ ទទួលបានអង្ករម្នាក់១ស្លាបព្រាបាយ។ ដើម្បីឲ្យហូបបានឆ្អែតទាំងអស់គ្នា ចាន់ណៃ បានទៅកាត់ត្រកួននៅក្បែរស្ថានីយគោត្រំ យកទៅដាក់ក្នុងបបរហូបជាមួយអំបិល។ មួយវិញទៀត សម្រាប់ប្រជាជនថ្មី ដែលមានមាស អាចយកទៅដូរអង្ករ ឬអំបិលពីប្រជាជនមូលដ្ឋាន ដោយមាសមួយជី ដូរបានអំបិលមួយកំប៉ុង។ នៅភូមិគោត្រំ ដោយសារតែឃ្លានពេក បងរបស់ចាន់ណៃ ម្នាក់បានយកធ្យូងមកហូប ប៉ុន្តែដោយសារធ្យូងនៅក្ដៅ ទើបគាត់រត់ទៅដួលស្លាប់ក្នុងទឹកត្រឹមជង្គង់។ ចំណែកម្ដាយក្មេករបស់ចាន់ណៃ ក៏ស្លាប់ដោយអត់អាហារនៅភូមិគោត្រំដែរ។
នៅអាយុ១៤ឆ្នាំ ចាន់ណៃ ចាប់ផ្ដើមមានរដូវ ប៉ុន្តែគាត់មិនបានសម្អាតខ្លួនត្រឹមត្រូវនោះទេ ដោយសារតែសម្លៀកបំពាក់របស់គាត់មានតែពីរសម្រាប់ ផ្តល់ឲ្យដោយអង្គការ។ ចាន់ណៃ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនជារៀងរាល់ថ្ងៃ ជាមួយទឹកធម្មតា គ្មានសាប៊ូ ដើម្បីប្ដូរទុកស្លៀកនៅថ្ងៃបន្ទាប់ទៀត។ ប៉ុន្តែប្រសិនបើមេឃភ្លៀង ខោអាវហាលមិនស្ងួត គាត់ត្រូបង្ខំចិត្តស្លៀកទាំងសើម។
ចូលដល់អាយុ១៥ឆ្នាំ ចាន់ណៃ ចាប់ផ្ដើមចេញទៅធ្វើការងារ រែកដី លើកទំនប់ខ្ពស់ៗ ឆ្ងាយៗពីសហករណ៍។ ការងាររែកដី គឺមិនមានពេលសម្រាកនោះទេ សូម្បីតែពេលមានជំងឺក៏ដោយ។ នៅពេលដែលអ្នកជំងឺមិនទៅធ្វើការងារ អង្គការនឹងបង្អត់អាហារ និងអ្នកជំងឺមានត្រឹមថ្នាំរាងដូចអាចម៍ទន្សាយលេប។ ប៉ុន្តែប្រជាជនដែលធ្លាក់ពីលើខ្នងទំនប់ អាចទៅសម្រាកនៅពេទ្យបាន។ នៅក្នុងកងចល័ត ការហូបអាហារមិនគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជា ចាន់ណៃ លួចទៅលេងម្ដាយនៅផ្ទះពេលយប់ ដើម្បីបានអាហារខ្លះៗពីម្ដាយ។ ក្រោយមកអង្គការបានស៊ើបដឹងថាឪពុករបស់ចាន់ណៃបានលាក់អាហារមួយចំនួនទុក ទើបអង្គការចោទថាគាត់លាក់អាហារឲ្យខ្មាំង ប៉ុន្តែដោយសារគាត់សារភាពថាលួចទុកឲ្យកូនស្រី ទើបអង្គការដោះលែង។
ចំពោះ ចាន់ណៃ ក្រៅពីការត្រលប់មកផ្ទះ គាត់មិនហ៊ានធ្វើខុសអ្វីទៀតទេ ព្រោះគាត់បានឃើញអង្គការវាយកុមារខ្លាំងៗ ហើយបើមនុស្សចាស់ គឺយកទៅសម្លាប់ចោលដោយទម្លាក់ក្នុងរណ្ដៅធំៗជាច្រើននាក់។ ចាន់ណៃ មិនបានឃើញអង្គការសម្លាប់មនុស្សផ្ទាល់នោះទេ ប៉ុន្តែគាត់បានឮសម្រែកមនុស្សចាស់ និងក្មេង ដែលអង្កការសម្លាប់នៅពេលយប់ ជិតកន្លែងធ្វើការងាររបស់គាត់។ មួយវិញទៀត ចាន់ណៃ បានឃើញអ្នកធ្វើការងារជាមួយគាត់ ត្រូវអង្គការយកដើមដោះសង្កែវាយបែកក្បាលហូរឈាមទម្លាក់ក្នុងរណ្ដៅ ប៉ុន្តែពេលដឹងខ្លួនរួចដើរត្រលប់ទៅក្នុងសហករណ៍វិញ ដោយត្រូវបានជួយលាក់ដោយប្រជាជន។
ក្រោយមក គ្រួសាររបស់ចាន់ណៃ បានសម្រេចចិត្តរត់ភៀសខ្លួនចេញពីភូមិគោត្រំ រួមជាមួយប្រជាជនជាច្រើនគ្រួសារទៀត។ នៅតាមផ្លូវធ្វើដំណើរ អង្គការបានធ្វើដំណើរដេញតាមទាន់ប្រជាជននៅត្រង់ស្ទឹងមួយកន្លែង និងបាញ់រះចំប្រជាជនស្លាប់ជាច្រើននាក់។ គ្រួសារចាន់ណៃ បានឆ្លងទៅដល់ត្រើយម្ខាង និងមានមនុស្សមួយក្រុមផ្សេងទៀតចាំទទួលគាត់។
នៅពេលដែលរបបខ្មែរក្រហមដួលរលំ ចាន់ណៃ ត្រលប់មកខេត្តតាកែវវិញ។ នៅតាមផ្លូវធ្វើដំណើរ ចាន់ណៃ បានឃើញប្រជាជនចាប់កម្មាភិបាលខ្មែរក្រហមវាយធ្វើបាប និងសម្លាប់ ជាបន្តបន្ទាប់។ ក្រោយមក ចាន់ណៃ បានទៅចូលរួមទិវាចងកំហឹង នៅវត្តដីទឹម និងទៅមើលទីតាំងឃុំឃាំង ធ្វើទារុណកម្ម និងទីតាំងសម្លាប់គុកទួលស្លែង។ ចាន់ណៃ មានអារម្មណ៍ថា អាណិត និងសោកស្ដាយអ្នកចេះដឹង និងមន្ត្រីរាជការរបស់ លន់ នល់ ដែលអង្គការសម្លាប់ និងធ្វើទារុណកម្មយ៉ាងឃោរឃៅ។
សម្ភាសដោយ ខុំ ស្រីនោរ ថ្ងៃទី៣១ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៨ ខែឧសភា ២០២៥