កងឈ្លបមានអាហារគ្រប់គ្រាន់
(ព្រះវិហារ)៖ ពុត សឿម អាយុ ៥៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ សឿម មានកូនៗ សរុបចំនួន១១នាក់ ក្នុងនោះស្រី១០នាក់ និងមានបងប្អូន ៤នាក់ ក្នុងនោះស្រី ២នាក់។
នៅឆ្នាំ ១៩៧០ សឿម រស់នៅជាមួយឪពុកម្តាយ។ ពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៧២ សឿមបានចូលរៀនខាងសិល្បៈបានរយៈពេលពីរខែ។ នៅឆ្នាំដដែលនោះ ខ្មែរក្រហមបានចូលកាន់កាប់ស្រុកកំណើតរបស់គាត់ ដោយក្របីរបស់ក្រុមគ្រួសារគាត់ត្រូវបានគេសម្លាប់យកសាច់។ មិនយូរប៉ុន្មាន សឿម ត្រូវបានត្រូវខ្មែរក្រហមចាត់តាំងចូលជាកងឈ្លប នៅក្នុងស្រុកដែលសឿម និងក្រុមគ្រួសាររស់នៅ។
ក្នុងរយៈពេលប្រហែលជាពីរ ទៅបីឆ្នាំ ក្នុងជួរកងឈ្លប សឿម បានលើកឡើងថា មានការបរិភោគគ្រប់គ្រាន់ ដូចជាបាយ និងសាច់ជ្រូកជាដើម ព្រមទាំងមានការចែកមុង និង អង្រឹងសម្រាប់ប្រើប្រាស់ មិនដូចអ្នកភូមិដែលជួបការលំបាក។ អ្នកភូមិខ្លះត្រូវបានខ្មែរក្រហមចាប់យកទៅកសាងដោយចោទប្រកាន់ថា បានលួចទ្រព្យសម្បត្តិរបស់អង្គការ។ បន្ទាប់មក គាត់បានផ្លាស់ប្តូរទៅចូលបម្រើក្នុងកងចល័តរហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ចំពោះការលួចដកដំឡូងមី ឬបេះបន្លែដែលដាំនៅជុំវិញផ្ទះ ត្រូវបានហាមឃាត់ សូម្បីតែកងចល័តក៏ត្រូវបានវាយធ្វើបាបដែរ តែមិនឈានដល់ការសម្លាប់នោះទេ។ គាត់ត្រូវជីកដំឡូងឲ្យបានពីរម៉ែត្រទើបបានបបរហូប នៅពេលធ្វើការក្នុងកងចល័ត។
នៅសម័យនោះអំឡុងពេលឆ្នាំ១៩៧៥ ដល់ ១៩៧៩ មានការចាប់បង្ខំឲ្យរៀបការ ចាប់ពី ៤ ទៅ ៥ គូ ដោយគ្មានសិទ្ធិប្រកែក ឬបដិសេធនោះទេ បើមិនស្រឡាញ់ត្រូវតែទទួលយក ដែលជាការប្ដេជ្ញាចិត្តចំពោះអង្គការ។ សឿម បានដឹងខ្លះៗទាក់ទងទៅនឹងថ្នាំពេទ្យនៅសម័យនោះ ដែលគេយកដើមស្ដៅ បណ្តូលពេជ្រ និងស្លឹកម្រះមកលាយធ្វើថ្នាំអាចម៍ទន្សាយសម្រាប់ព្យាបាលជំងឺទូទៅ គាត់បានបន្ថែមថា គេជ្រើសរើសគ្រូពេទ្យ តែគាត់មិនបានចូលរួមនោះទេ៕
សម្ភាសន៍ដោយ សូរ គីមសៀង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣