កុមារដែលលួចទៅលេងឪពុកម្ដាយ នឹងត្រូវទទួលពិន័យ

 

ប្រាក់ ពៅ ហៅ ភៅ ភេទស្រី រស់នៅភូមិពោធិ៍ដុះ ឬភូមិអណ្ដូងជប់ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ អំពីប្រវត្តិឈ្មោះ ភៅ៖ មុនដំបូង ឪពុកម្ដាយបានដាក់ឈ្មោះថា ប្រាក់ ពៅ ប៉ុន្តែប្រជាជននៅក្នុងភូមិតែងតែហៅថា ភៅ ទើបពេលចូលបដិវត្តន៍ ដាក់ឈ្មោះ ភៅ។  ឪពុករបស់ ភៅ ឈ្មោះ ប្រាក់ ឌុក ហើយម្ដាយឈ្មោះ ផាន់ តើ និងមានបងប្អូន៤នាក់ ក្នុងនោះមានស្រី១នាក់ និងស្លាប់នៅក្នុងជំនាន់ លន់ នល់ ១នាក់។[1] ខាងក្រោមនេះជាកិច្ចសម្ភាស ប្រាក់ ភៅ ជាមួយគឹម កែវកន្និដ្ឋា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០១៖

បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅឆ្នាំ១៩៧៥ ប្រធានសហករណ៍ បានប្រមូលកុមារយកទៅដាក់ឲ្យរស់នៅ និងធ្វើការងារនៅក្នុងកងកុមារប្រមូលផ្ដុំ។ ភៅ គឺជាក្មេងម្នាក់ ក្នុងចំណោមក្មេងជាច្រើនទៀតដែលត្រូវបានអង្គការបង្ខំឲ្យចូលទៅរស់នៅក្នុងកងកុមារ។ ចំពោះក្មេងៗដែលមិនព្រមទៅតាមការហៅរបស់មេកង អង្គការនឹងមិនផ្ដល់របបអាហារប្រចាំថ្ងៃឲ្យនោះទេ។ នៅក្នុងកងកុមារ ក្មេងៗមិនមានសិទ្ធិទៅលេងឪពុកម្ដាយនោះឡើយ ប្រសិនបើមិនមានការអនុញ្ញាតពីប្រធានកងឈ្មោះ រី។ សម្រាប់ក្មេងដែលមិនធ្វើតាមការណែនាំរបស់អង្គការ ហើយលួចទៅលេងផ្ទះ និងត្រូវទទួលទារុណកម្មវាយជាមួយរំពាត់។ តាមសម្ដីរបស់ ភៅ អង្គការមិនចង់ឲ្យក្មេងៗ នឹកគិត និងមកលេងឪពុកម្ដាយឡើយ។ ប្រធានកងបានអប់រំក្មេងៗឲ្យខិតខំធ្វើការងារ កសាងប្រទេស និងស្រលាញ់អង្គការ។[2]

នៅពេលដែល ភៅ ចូលទៅរស់នៅក្នុងកងកុមារ គាត់មានអាយុ១២ឆ្នាំ។ ការងារដែលអង្គការចាត់តាំងឲ្យ ភៅ ធ្វើមានដូចជា៖ កាប់ដើមទន្ទ្រានខែត្រ រើសអាចម៍គោ លាយជី និងរែកជីដាក់ស្រែ។ ចំពោះការងារប្រមូលអាចម៍គោ អង្គការកំណត់ឲ្យកុមារម្នាក់រើសឲ្យបាន១៥ ទៅ២០គីឡូ ប៉ុន្តែបើការងារកាប់ដើមទន្ទ្រានខែត្រ គឺមិនកំណត់នោះឡើយ។ នៅចន្លោះម៉ោងការងារ ភៅ ទទួលបានការសិក្សារៀនសូត្រ១ម៉ោង បន្ទាប់ពីអាហារថ្ងៃត្រង់រួច ប៉ុន្តែគាត់ថារៀនមិនចេះ ព្រោះរវល់តែគិតរឿងរកអាចម៍គោឲ្យអង្គការ។ ចំពោះក្មេងដែលទៅធ្វើការងារមិនទាន់ពេលវេលា អង្គការនឹងដាក់ពិន័យឲ្យឈរហាលថ្ងៃរយៈពេល១ម៉ោង។

នៅក្នុងសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ បានសរសេរថា៖ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនមានសាលារៀនជាផ្លូវការទេ។ កុមារត្រូវបានបញ្ជូនឲ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ គ្រូបង្រៀនក្នុងរបបខ្មែរក្រហមភាគច្រើនគឺជាកសិករក្រដែលអាចអាន និងសរសេរអក្សរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ទោះបីជាការអប់រំនៅតាមតំបន់មួយចំនួនមានការរីកចម្រើនក្នុងឆ្នាំ១៩៧៨ (កុមារទទួលបានការសិក្សាថ្នាក់បឋម ពី២ទៅ៣ម៉ោងក្នុងមួយថ្ងៃ) ក៏ដោយ នៅតែមិនទាន់មានសាលារៀនដែលមានដំណើរការពេញលេញសម្រាប់សិក្សាដែរ។ ខ្មែរក្រហមនិយាយថា “អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ” ហើយថា “ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍”។[3]

ជារៀងរាល់ថ្ងៃ ក្មេងៗដូចជា ភៅ ត្រូវក្រោកតាំងពីម៉ោង៤ព្រឹក និងធ្វើការរហូតដល់ថ្ងៃត្រង់ ហើយពេលថ្ងៃ ធ្វើការតាំងពីម៉ោង១ រហូតដល់ល្ងាច។ នៅក្នុងសហករណ៍ ក្មេងៗទទួលបានអាហារពីរពេលគឺ ពេលថ្ងៃត្រង់ និងពេលល្ងាច។ ចំពោះថ្ងៃទី១០ ទី២០ និងទី៣០ នៃខែនីមួយៗ អង្គការចែកឲ្យដំឡូងស្ងោរ ឬក៏ពោតស្ងោរ ឬក៏បាយដំណើបមួយដុំ នៅពេលព្រឹក។ ភៅ បានឲ្យដឹងថា អាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ បើទោះបីជាម្ដាយរបស់គាត់ធ្វើការងារនៅក្នុងរោងបាយក៏ដោយ។

ក្រោយមក ឈ្មោះហៃ និងវ៉ាន់ ប្រធានកងនារី បានហៅ ភៅ ឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី។ នៅក្នុងកងចល័តនារី ភៅ មានអាយុ១៣ឆ្នាំ។ ភៅ បានចូលទៅធ្វើស្រែ ស្ទូង ដក និងច្រូតស្រូវនៅភូមិសំរោង ឃុំសំរោង និងឃុំញ៉ែញ៉ង ខេត្តតាកែវ។ ក្នុងមួយថ្ងៃអង្គការកំណត់ឲ្យមនុស្ស ២០នាក់ស្ទូងសំណាបឲ្យរួចរាល់នៅលើផ្ទៃដី ១ហិកតា។ លើសពីនេះទៅទៀត នៅពេលខែភ្លឺ អង្គការឲ្យក្រុមកងចល័ត ធ្វើការងារនៅពេលយប់បន្ថែមទៀត។ ចំណែករដូវប្រាំង អង្គការបែងចែកឲ្យយុវជនចំនួន១០នាក់ក្នុងមួយក្រុម ធ្វើការងារជីកប្រឡាយឲ្យបានប្រវែង បណ្ដោយ១០ម៉ែត្រ ទទឹង៥ម៉ែត្រ និងជម្រៅ៥ម៉ែត្រ។ ប្រសិនបើក្រុមមួយណាធ្វើការងារមិនទាន់ផែនការ ឬក៏ខូចខាតទ្រព្យសម្បត្តិរួមរបស់អង្គការនឹងយកទៅទិតៀនចំនួនបីដង ហើយបើនៅតែធ្វើខុសបន្តទៀត និងត្រូវយកទៅសម្លាប់។ នៅក្នុងកងចល័ត ប្រសិនបើ​ បុរស ឬក៏ស្ដ្រីធ្វើខុសសីលធម៌ ក្បត់ប្រពៃណី អង្គការនឹងដាក់ទោសឲ្យដើរពាក់ត្រដោក រួចស្រែកប្រាប់ប្រជាជនកុំឲ្យយកតម្រាប់តាម និងមានកម្មាភិបាលវាយពីក្រោយ។

នៅចុងឆ្នាំ១៩៧៦ បន្ទាប់ពី ភៅ ធ្វើការងារនៅក្នុងកងចល័តបាន៥ខែ គាត់បានឮដំណឹងអំពីការជ្រើសរើសសមាជិក១០នាក់ឲ្យទៅធ្វើការងាររោងចក្រ។ ភៅ បានស្ម័គ្រចិត្តទៅភ្លាមៗ បើទោះបីជាប្រធានកងឈ្មោះ ស៊ឹម កុហកគាត់ថាទៅធ្វើការងារនៅកន្លែងផ្សេងហូបបបរវាលវែក ហើយត្រូវហែលទឹកឆ្លងទន្លេទៅត្រើយខាងកើតដោយខ្លួនឯងក៏ដោយ។  មូលហេតុដែល ភៅ ចង់ចេញទៅធ្វើការងាររោងចក្រ ព្រោះនៅក្នុងកងចល័តហូបមិនបានគ្រប់គ្រាន់ ធ្វើការងារទាំងយប់អធ្រាត្រ ហើយគាត់មិនដែលបានសម្លៀកបំពាក់ថ្មីពីអង្គការ។[4]

នៅពេលដែល ភៅ ធ្វើដំណើរទៅដល់ទីក្រុងភ្នំពេញ អង្គការបានបែងចែកនារីទាំង ១០នាក់ឲ្យទៅធ្វើការងារនៅកន្លែងផ្សេងៗគ្នា។ អង្គការបាននាំ ភៅ ទៅធ្វើការងារទទួលភ្ញៀវនៅក្នុងមន្ទីរ ក៦ ដែលមានទីតាំងស្ថិតនៅបុរីកីឡាស្តាតចាស់។ តួនាទីរបស់ ភៅ នៅក្នុងមន្ទីរ ក៦ គឺជាអ្នកដឹកម្ហូបអាហារយកទៅឲ្យភ្ញៀវបរទេស ឬក៏ ប្រធានឃុំ និងប្រធានខេត្ត ដែលឡើងទៅទីក្រុងភ្នំពេញ។

នៅទីក្រុងភ្នំពេញ អង្គការបានចែកខោខ្មៅ សំពត់ហូល អាវស ស្បែកជើងកែង ឲ្យទៅអ្នកនៅក្នុងមន្ទីរទាំងអស់ ដើម្បីស្លៀកទទួលភ្ញៀវបរទេស ប៉ុន្តែបើភ្ញៀវខ្មែរ គឺស្លៀកពាក់ពណ៌ខ្មៅធម្មតា។ តាមសម្ដីរបស់ ភៅ នៅពេលដែលមានភ្ញៀវបរទេសសំខាន់ៗចុះមកម្ដងៗ មានយុវជននៅតាមមន្ទីរផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ និងមកពីតាមបណ្ដាខេត្ត ស្លៀកពាក់ស្អាតៗ ឡើងមកឈរជាជួរដើម្បីទទួលគណៈប្រតិភូតាមផ្លូវមាត់ទន្លេ។ នៅក្នុងអំឡុងពេលអបអរ យុវជនទាំងអស់តម្រូវឲ្យក្រវីផ្កាពីរទងនៅក្នុងដៃ និងស្រែកហៅឈ្មោះគណៈប្រតិភូដែលកំពុងធ្វើដំណើរ។  ភៅ នៅចងចាំគណប្រតិភូចិនម្នាក់ឈ្មោះ តឹង យិនឆាវ។ ភៅ ធ្វើការងារនៅមន្ទីរ ក៦ រហូតដល់មានកងទ័ពវៀតណាមវាយចូលក្នុងទីក្រុងភ្នំពេញ។

នៅឆ្នាំ១៩៧៩ អង្គការបានចាត់តាំងឲ្យ ភៅ ទៅច្រូតស្រូវនៅបាត់ដំបង ៣ថ្ងៃ ប៉ុន្តែនៅពេលគាត់ឡើងលើរថភ្លើងស្រាប់តែមានការផ្លោងគ្រាប់តាមពីក្រោយ។ ភៅ បានជិះរថភ្លើងទៅដល់ថ្មគោល ទើបមានរថក្រោះវៀតណាមតាមទាន់ រួចក៏នាំគ្នារត់ចូលក្នុងព្រៃ។ ភៅ រស់នៅក្នុងព្រៃមួយរយៈ ក៏មានពូ ៣នាក់បបួលគាត់ត្រលប់ក្រោយវិញ ព្រោះតែការរស់នៅក្នុងព្រៃលំបាកពេក។ ភៅ បានត្រលប់មកដល់លាច ខេត្តពោធិ៍សាត់ បានជួប ប្រធានកងឈ្មោះ ស៊ឹម។ នៅពេលខ្មែរក្រហមដួលរលំ ភៅ បានត្រលប់មកស្រុកកំណើតវិញ។ ចំពោះរឿងរ៉ាវដែល ភៅ បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម គាត់បានយកទៅប្រាប់កូនចៅជំនាន់ក្រោយរបស់គាត់ឲ្យបានដឹងដូចគ្នា៕

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥


[1] ឯកសារលេខ I06392, ប្រវត្តិរូបរបស់ឈ្មោះ ភៅ បានសរសេរថាគាត់មានស្រុកកំណើតនៅភូមិដូងជុប ឃុំត្រពាំងធំខាងជើង ស្រុក១០៥ តំបន់១៣។ នៅពេលសរសេរប្រវត្តិរូប ភៅ មានអាយុ១៥ឆ្នាំ។ នៅក្នុងប្រវត្តិរូបបានបញ្ជាក់ទៀតថា ភៅ មានបងប្អូន ៣នាក់ ស្រី១នាក់។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកដទៃទៀត, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០) ទំព័រទី៤៧។ នៅក្នុងសៀវភៅបានសរសេរថា៖ កុមារទាំងឡាយត្រូវបានបង្ហាត់បង្រៀនថា “អង្គការជាមាតាបិតារបស់កុមារាកុមារី និងយុវជនយុវនារី។ បើម៉ែឪវាយកូន មានន័យថាមើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ”។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកដទៃទៀត, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០) ទំព័រទី៤៤។

[4] អត្ថបទលេខ D25113 និងលេខ TKI0010, បទសម្ភាសឈ្មោះ ប្រាក់ ភៅ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០១ ដោយ គឹម កែវកន្និដ្ឋា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin