ព្រាប មួយ៖ ចេះលួចលាក់អាហារទើបមិនអត់ឃ្លាន
ព្រាប មួយ អាយុ៦៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មួយ មានកូន៣នាក់ ហើយក្នុងនោះមានម្នាក់ស្លាប់ដោយសារជំងឺ។ គ្រួសាររបស់មួយ មិនបានរស់នៅជុំគ្នានោះទេ ដោយសារអង្គការបញ្ជូនប្ដីរបស់គាត់ឲ្យទៅធ្វើការងារនៅក្នុងកងចល័តឆ្ងាយពីសហករណ៍ ហើយមួយ ធ្វើការងារក្នុងកងចល័តជាមួយក្រុមម៉ែៗ និងកូនរស់នៅក្នុងកងកុមារ។ នៅក្នុងកងចល័ត មួយ ត្រូវចេញទៅធ្វើការងារលើកភ្លឺស្រែ, ជីកព្រែក, លើកប្រឡាយ និងធ្វើស្រែទៅតាមរដូវកាល។
ជារៀងរាល់ថ្ងៃ មួយ និងប្រជាជនជាច្រើននាក់ផ្សេងទៀតត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលអង្គការផ្ដល់ឲ្យគឺមិនគ្រប់គ្រាន់នោះទេ។ មួយ មិនសូវខ្វះខាតអាហារនោះទេ ដោយសារគាត់អាចលួចលាក់អង្ករ និងអាហារផ្សេងទៀតនៅផ្ទះ ប៉ុន្តែប្រជាជន១៧ មេសា គឺមិនអាចធ្វើបានទេ។ ដើម្បីចម្អែតក្រពះ ប្រជាជនថ្មីមួយចំនួនដែលមានមាស, ថ្នាំពេទ្យ ឬសម្លៀកបំពាក់ បានយកមកដូរអង្ករ ឬអំបិលពី មួយ បន្ថែមទៀត។ នៅអំឡុងពេលដោះដូរអង្ករ ឬអំបិល មួយ បានប្រាប់ទៅប្រជាជនថ្មីថាឲ្យចេះលាក់ការណ៍ បើមិនដូច្នេះទេនឹងត្រូវស្លាប់ទាំងអស់គ្នា។
ក្រោយមក មួយ មានគ័ភ៌ និងសម្រាលបានកូនម្នាក់នៅក្នុងសម័យខ្មែរក្រហម។ នៅពេលដែលឈឺពោះ ប្ដីរបស់មួយ បាននាំគាត់ទៅសម្រាលកូននៅមន្ទីរពេទ្យសង្គមកិច្ច។ បន្ទាប់ពីបង្កើតកូនរួច អង្គការបានឲ្យមួយ អាំងភ្លើង និងហូបស្រាថ្នាំបន្តិចបន្តួច ប៉ុន្តែ មួយ ត្រូវទៅបោកសម្អាតកន្ទបកូនដោយខ្លួនឯង ព្រោះមិនមានអ្នកនៅមើលថែគាត់នោះទេ សូម្បីតែប្ដីរបស់គាត់។ បីថ្ងៃក្រោយមក មួយ បានសម្រេចចិត្តសុំពេទ្យត្រលប់មកផ្ទះវិញ ដើម្បីឲ្យម្ដាយជួយមើលថែ។ ពេលមកដល់ផ្ទះ មួយ អាចសម្រាកបាន១ខែបន្ថែមទៀត ទើបអង្គការបញ្ជូនគាត់ឲ្យទៅជួយចិតបន្លែនៅក្នុងរោងបាយ។ នៅក្នុងរោងបាយ មួយ អាចហូបអាហារបានប្រសើរជាមុន និងអាចហូបបាយក្ដាំងនៅបាតខ្ទះបានបន្ថែម។ ចំពោះកូនរបស់មួយ ដែលទើបកើត គាត់បានយកទៅផ្ញើឈ្មោះ ហ៊ាន ដែលជាអ្នកសម្រាលកូនក្រោយគាត់បន្តិច។
មួយ ធ្វើការងារនៅក្នុងរោងបាយ បានមួយរយៈ មានអ្នករាយការណ៍ថាគាត់លួចស្ករហូប ហើយអង្គការបានបញ្ជូនគាត់ឲ្យទៅរស់នៅ និងធ្វើការងារនៅ ភូមិទ្រនុលកណ្ដាល។ នៅពេលទៅដល់សហករណ៍ទ្រនុលកណ្ដាល មួយ ទទួលដំណឹងថាប្អូនប្រុសរបស់គាត់ឈឺនៅការដ្ឋានការងារ ហើយម្ដាយរបស់គាត់បានសុំអង្គការទៅមើលថែកូនប្រុស។ បន្ទាប់ពីទទួលបានការអនុញ្ញាត ម្ដាយរបស់មួយ បានធ្វើដំណើរផ្លូវឆ្ងាយ និងឆ្លងទឹកទៅជួបកូន ប៉ុន្តែដោយសារតែមានសង្គ្រាមកើតឡើងកាន់តែខ្លាំង ទើបអង្គការបញ្ជូនប្អូនគាត់ទៅមុខបន្តទៀត។ នៅពេលដែលមិនបានជួបកូនប្រុស ម្ដាយរបស់មួយ បានត្រលប់មកផ្ទះវិញ និងបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ រហូតដល់ស្លាប់ នៅពេលដែលខ្មែរក្រហមដួលរលំ។
នៅពេលអ្នកស្ម័គ្រចិត្តចុះទៅសម្ភាស មួយ បានឲ្យដឹងថាគាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ មួយវិញទៀត មួយ ចង់ឲ្យជួយថែរក្សា ឬក៏ចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្រ្ដមួយនេះ និងកុំឲ្យរបបខ្មែរក្រហមឲ្យត្រលប់មកវិញម្ដងទៀត។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី១៣ ខែសីហា ២០២១