ព្រាប សុន៖ ខំធ្វើការងារដើម្បីយកចិត្តប្រធានកង

ព្រាប សុន អាយុ៧៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានចាត់តាំង សុន ឲ្យចូលទៅក្នុងក្រុមកងចល័ត ដើម្បីធ្វើការងារ ជីកដីបាតស្រះ, លើកប្រព័ន្ធភ្លឺស្រែ, ជីកព្រែក, និងធ្វើស្រែ។ នៅក្នុងកងចល័ត សុន ខិតខំធ្វើការងារឲ្យគ្រប់តាមការកំណត់របស់អង្គការ និងដើម្បីយកចិត្តប្រធានកង។

សុន បានរៀបរាប់ថា ក្នុងមួយថ្ងៃ អង្គការដាក់ផែនការឲ្យគាត់លើកប្រព័ន្ធភ្លឺស្រែឲ្យបានប្រវែង៣០ម៉ែត្រ ដោយមានបាតមួយម៉ែត្រ។ បើធ្វើការងារជីកព្រែក ឬជីកស្រះវិញ សុន និងយុវជនកងចល័តផ្សេងទៀត ត្រូវប្រកួតប្រណាំងគ្នា។ ចំណែកនៅរដូវប្រមូលផល អង្គការបានចាត់តាំង សុន ឲ្យទៅក្នុងក្រុមដឹកជញ្ជូន ដើម្បីដឹកស្រូវ ឬក៏ដីដាក់ក្នុងសហករណ៍។ នៅក្នុងក្រុមដឹកជញ្ជូន សុន ទទួលបានរទេះមួយ និងគោមួយនឹម ដើម្បីដឹកស្រូវពីវាលស្រែយកទៅទុកនៅជង្រុកក្នុងសាលាក្បែរវត្ត ឬក៏ដឹកដីពីស្រែយកមកចាក់ក្នុងភូមិ។

សុន បានបន្តថា ពេលដែលគាត់ចូលក្នុងក្រុមដឹកជញ្ជូន គាត់ត្រូវក្រោកទៅធ្វើការងារចាប់ពីម៉ោង១យប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ។ នៅរដូវប្រមូលផល អង្គការឲ្យប្រជាជនទាំងអស់ហូបបាយ ជាមួយសម្ល បន្លែត្រកួន ឬប្រលឹត រយៈពេលប្រមាណ២ខែ ព្រោះពេលនោះមានស្រូវច្រើននៅក្នុងជង្រុក។ ប៉ុន្តែនៅពេលដែលដាច់ស្បៀងខ្លាំង អង្គការបបរដាក់អង្ករតែបីកំប៉ុងប៉ុណ្ណោះ ក្នុងមួយខ្ទះ។

នៅឆ្នាំ ១៩៧៨  អង្គការបានបញ្ជូន សុន ឲ្យទៅសែងអ្នករបួសនៅតាមព្រំដែន ក្បែរវត្តពុតពែន។ នៅពេលសែងអ្នករបួស សុន បានជួបការលំបាកកាន់តែខ្លាំងព្រោះគាត់ត្រូវរត់គេចពីគ្រាប់បែកផ្លោង និង គ្រាប់កាំភ្លើង។  បន្ទាប់មកទៀត អង្គការបានបញ្ជូន សុន មកសហករណ៍វិញ ដើម្បីឲ្យធ្វើការងាររកម្ហូបអាហារ និងរកឧស ដាក់ក្នុងរោងបាយ។ នៅក្នុងរោងបាយ សុន ទទួលបានការហូបអាហារបានល្អប្រសើរជាងមុន ហើយការងារក៏មិនសូវធ្ងន់ដែរ។ មួយវិញទៀត សុន បានឆ្លៀតយកត្រីដែលគាត់រកបាន លួចយកទៅឲ្យគ្រួសាររបស់គាត់ហូបបន្ថែមទៀត។

ក្រោយមក សុន បានឃើញអង្គការបណ្ដើរមនុស្សទៅសម្លាប់ជាច្រើននាក់។ នៅក្នុងចំណោមមនុស្សដែលអង្គការយកទៅសម្លាប់ សុន ស្គាល់មនុស្សម្នាក់ដែលអង្គការចាប់ច្រឡំយកទៅសម្លាប់ទាំងយប់ម៉ោង១២ ប៉ុន្តែដោយសារប្រធានកងឈ្មោះ អៀង ទៅជួយទាន់ទើបរួចខ្លួន។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សុន បានឲ្យដឹងថាគាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ លើសពីនេះទៅទៀត សុន ចង់ឲ្យមានការចងក្រងឯកសារប្រវត្តិសាស្រ្ដរបស់ខ្មែរឲ្យកូនចៅបានរៀនសូត្រ ជាពិសេសក្នុងសម័យខ្មែរក្រហម។ សុន បានបន្តថា គាត់បានឆ្លងកាត់ច្រើនសម័យកាល តាំងពីជំនាន់ ខ្មែរឥស្សរៈ, សម័យសម្ដេចសីហនុ, សម័យ លន់ នល់, សម័យខ្មែរក្រហម និងសម័យក្រោយៗមកទៀត។ ក្នុងចំណោមសម័យទាំងអស់ គឺមានតែសម័យ លន់ នល់ និងសម័យខ្មែរក្រហម នោះទេដែលលំបាកខ្លាំងជាងគេ។

អត្ថបទដោយ៖ ភា រស្មី

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី១៣ ខែសីហា ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin