ប្រុក ឃីម៖ ចូលធ្វើជាយោធា ដើម្បីឲ្យប្រជាជនសុខសប្បាយ

ប្រុក ឃីម អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ ឃីម បានចូលធ្វើជាកងទ័ពក្នុងក្រុមកងរំដោះ ដើម្បីផ្ដួលរំលំរបប លន់ នល់។ ឃីម ចូលធ្វើជាទាហាន រហូតដល់ឆ្នាំ១៩៧៥ វាយចូលទីក្រុងភ្នំពេញ។ នៅក្នុងក្រុមរំដោះ ការហូបអាហារគឺគ្រប់គ្រាន់ និងល្អប្រសើរ។

នៅឆ្នាំ១៩៧៥ ឃីម រងរបួសជើងនៅពេលដែលវាយចូលទីក្រុងភ្នំពេញ។ ពេលរបួស អង្គការបានបញ្ជូនគាត់ទៅព្យាបាលក្នុងមន្ទីរពេទ្យរហូតដល់ធូរស្បើយ និងបញ្ជូនឲ្យទៅរស់នៅក្នុងក្រុមជនពិការ។ ក្រោយមក ដោយសាររបួសជើងរបស់ ឃីម ឈឺឡើងវិញ ទើបអង្គការបានបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅពេទ្យ ភូមិទួល។ នៅពេទ្យភូមិទួល ការហូបអាហារគឺលំបាកខ្លាំងពេកហេតុនេះហើយបានជាឈ្មោះ ជឿន ហៅតាម៉ុក បានផ្លាស់ប្ដូរទីតាំងទៅតាខ្មៅ ក្បែរកន្លែងសេដ្ឋកិច្ច ដើម្បីផ្ដល់ភាពងាយស្រួលដល់រោងបាយរៀបចំអាហារឲ្យអ្នកជំងឺ និងពេទ្យ។ ឃីម ព្យាបាលជើងបានមួយរយៈ ប្រធានកងវរទៅលេងគាត់ និងបាមសួរអំពីស្ថានភាពជំងឺគាត់។ នៅពេលដែលដឹងថាមិនទាន់ធូរស្បើយ ប្រធានកងវររបស់ឃីម ផ្ដាំផ្ងើទៅប្រធានពេទ្យ ឲ្យឃីនធ្វើជាគ្រូពេទ្យព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យតែម្ដង។ ឃីម រស់នៅ និងព្យាបាលអ្នកជំងឺនៅពេទ្យតាខ្មៅរហូតដល់មានសង្គ្រាមជាមួយវៀតណាម ហើយអង្គការបានបញ្ជូនគាត់ទៅព្យាបាលយោធារបួសនៅមន្ទីរពេទ្យកោះធំ។

នៅមន្ទីរពេទ្យកោះធំ ឃីម បានព្យាបាលយោធាដែលមានរបួសស្រាលៗ និងបញ្ជូនយោធាដែលមានរបួសធ្ងន់ទៅព្យាបាលនៅទីក្រុងភ្នំពេញ។ នៅក្នុងមន្ទីរពេទ្យ ឃីម មិនបានដឹងពីការធ្វើបាបប្រជាជននៅក្នុងសហករណ៍នោះទេ ព្រោះអង្គការរៀបចំឲ្យអ្នកធ្វើការងារនៅក្នុងមន្ទីរពេទ្យហូបគ្រប់គ្រាន់ និងផ្ដាច់ទំនាក់ទងជាមួយបងប្អូន។ ម្យ៉ាងវិញទៀត ឃីម បានឮអង្គការប្រាប់ទៅទាហានរបួសក្នុងមន្ទីរពេទ្យថានៅមូលដ្ឋានសប្បាយណាស់ មានការហូបចុកគ្រប់គ្រាន់ និងប្រាប់ឲ្យមិត្តគិតតែវាយជាមួយខ្មាំង។

នៅឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលកាន់តែខ្លាំង ឃីម បានរត់ភៀសខ្លួនពីមន្ទីរពេទ្យទៅព្រំដែន កម្ពុជា-ថៃ។ អំឡុងពេលភៀសខ្លួន ឃីម បានជួបការលំបាកយ៉ាងខ្លាំង ព្រោះគាត់មិនមានអាហារហូបគ្រប់គ្រាន់។ នៅឆ្នាំ១៩៨០ ឃីម បានត្រលប់មកផ្ទះវិញ ហើយបានឮពីការសម្លាប់មនុស្សអស់ជាច្រើននាក់ និងការធ្វើបាបប្រជាជន រួមទាំងបងប្អូនរបស់គាត់ ជាពិសេសគ្រួសារបងស្រីឈ្មោះ ហន។ ឃីម មានការឈឺចាប់ណាស់ នៅពេលដែលដឹងដូច្នេះ ព្រោះនៅពេលដែលគាត់ចូលធ្វើជាទាហាន គឺដើម្បីឲ្យបងប្អូន និងប្រជាជនក្នុងភូមិរស់បានសុខ។ ឃីម បានរៀបរាប់ថា ប្រសិនបើគាត់ដឹងថាមានការធ្វើបាបប្រជាជនដូច្នេះ គាត់នឹងមកមូលដ្ឋានវិញមិនខាន។ នៅក្នុងសម័យខ្មែរក្រហម ឃីម បាត់ដំណឹងប្អូន២នាក់(ស្រី១នាក់) ក្នុងនោះឈ្មោះ ប្រុក ខុន និងប្អូនស្រីពៅឈ្មោះប្រុក ចាន់។

ឃីម បានបន្តថា គាត់បានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តការកាត់ទោសនេះ។ ឃីម យល់ថាការកាត់ទោសបានផ្ដល់ភាពយុត្តិធម៌ដល់ប្រជាជន និងការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀត។ ឃីម មិនចង់ឲ្យមានរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀតទេ ហេតុនេះហើយបានជាគាត់ចង់ក្មេងជំនាន់ក្រោយដឹងពីប្រវត្តិខ្មែរក្រហម តាមរយៈការនិយាយរបស់អ្នកបានឆ្លងកាត់ និងការបង្រៀនសិស្សានុសិស្ស និងបង្កើតកន្លែងសិក្សាស្រាវជ្រាវ។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ជើងរបស់ឃីម ដែលមានរបួសនៅពេលវាយជាមួយទាហាន លន់ នល់ ឈឺឡើងវិញ។ លើសពីនេះទៅទៀត ឃីម មានជំងឺលើសសម្ពាធឈាម ហើយអាការៈជំងឺរបស់គាត់គឺវិលមុខ។ ដើម្បីព្យាបាលជំងឺ ឃីម បានទៅទិញថ្នាំលេបជាប្រចាំ និងទិញឧបករណ៍ទុកវាសសម្ភាធឈាមនៅពេលដែលមានអាការៈវិលមុខ។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី១៧ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin