ប្រុក នឿន៖ បំណាច់តែខ្លាចស្លាប់គឺត្រូវតែប្រឹងធ្វើការ

ប្រុក នឿន អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម នឿន មានអាយុប្រមាណ៣០ឆ្នាំ រស់នៅភូមិអណ្ដូងសំរិត ឃុំធ្នាប្រជុំ ស្រុក១០៨(ស្រុកកោះអណ្ដែត) ដែលជាស្រុកកំណើតប្ដី។ នៅក្នុងសហករណ៍អណ្ដូងសំរិត អង្គការបានចាត់តាំង នឿន ឲ្យទៅធ្វើការងារនៅក្នុងក្រុមកងចល័តនារីឃុំធ្នាប្រជុំ ដើម្បីធ្វើការងារ រែកដីដំបូក, ជីកឡាយ, លើកទំនប់, ដកស្ទូង និងច្រូតស្រូវ។ នៅការដា្ឋនរែកដីដំបូក និងជីកប្រឡាយ នឿន ត្រូវក្រោកតាំងពីព្រលឹម ចេញទៅធ្វើការងាររហូតដល់ពេលសម្រាកហូបអាហារថ្ងៃត្រង់ម៉ោង១២ រួចចូលធ្វើការងារវិញរហូតដល់ម៉ោងហូបអាហារពេលល្ងាច និងបន្តទៅធ្វើការងាររហូតដល់ម៉ោងប្រមាណ១០យប់ទើបបានសម្រាក។
នៅរដូវប្រមូលផល ក្រុមរបស់នឿន ត្រូវធ្វើការងារច្រូតស្រូវតាំងពីយប់ដល់ភ្លឺ។ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១០យប់ នឿន អាចឈប់សម្រាកហូបបបរម្ដង ហើយម៉ោង៥ភ្លឺបានហូបបាយម្ដងទៀត និងចុះច្រូតបន្តទៀត។ នៅក្នុងកងចល័ត ការងារទាំងអស់ដែលអង្គការដាក់កំណត់ឲ្យក្រុមកងចល័តឃុំធ្លាប្រជុំធ្វើ ត្រូវតែបំពេញឲ្យរួចរាល់ បើមិនដូច្នេះទេត្រូវមានទោស ព្រោះក្នុងសម័យនោះមានការតាមដានខ្លាំងណាស់។ នៅពេលដែលអ្នកណាម្នាក់ប្រព្រឹត្តិកំហុស អង្គការចាប់យកទៅទាំងយប់។ នឿន បានឲ្យដឹងថា អ្នកដែលធ្វើការងារជាមួយគាត់ មានបាត់ខ្លួនជាច្រើននាក់។
នៅឃុំធ្នាប្រជុំ នឿន បានឮអ្នកធ្វើការងារជាមួយគ្នានិយាយពីកន្លែងដាក់អ្នកទោសធ្ងន់មួយនៅ ភូមិត្រពាំងកក់។ កន្លែងឃុំអ្នកទោសនោះស្ថិតនៅក្នុងផ្ទះចំនួន២ខ្នង ប៉ុន្តែប្រជាជនមិនអាចទៅមើលការឃុំឃាំង ឬការដាក់ទោសនោះទេ។ ក្រៅពីនេះ នឿន បានចូលទៅក្នុងព្រៃខាងកើតភូមិ ហើយឃើញមានសាសពមនុស្សជាច្រើនរយនាក់ ស្លាប់គរជើងគ្នាពេញមួយរណ្ដៅបេ។ សាសពនៅក្នុងរណ្ដៅនេះ នឿន មិនបានដឹងថាអង្គការសម្លាប់តាំងពីពេលណានោះទេ គឺគាត់គ្រាន់តែឃើញ ឆ្អឹង, ក្បាលមនុស្ស និងធ្មេញស្ញេញៗនៅក្នុងរណ្ដៅ។
ក្រោយមក អង្គការបានបញ្ចូន នឿន និងក្រុមកងចល័តឃុំ ទៅធ្វើការងារជីកប្រឡាយនៅស្រុកក្រោម ចាប់ពីកោះអណ្ដែតទៅ ធុងលិច, ភ្នំឆ្វាង, ក្នុងបឹង រួចបន្តទៅទិសខាងលិច។ នៅពេលជីកប្រឡាយ អង្គការបានចែកប៉ែលបំពងឲ្យទៅកងចល័តម្នាក់មួយដើម្បីធ្វើការងារជីកដីជម្រៅប្រមាណ៣ម៉ែត្រ បោះទៅផ្នែកម្ខាងរបស់ប្រឡាយ។ នៅក្នុងមួយថ្ងៃ អង្គការបានរៀបចំឲ្យ នឿន ជីកប្រឡាយឲ្យបានជម្រៅ១ម៉ែត្រកន្លះ បណ្ដោយចំនួន១០ម៉ែត្រ និងទទឹង២ម៉ែត្រ។ នៅពេលធ្វើការងារ ប្រសិនបើអ្នកណាម្នាក់ ឬក្រុមណាមួយធ្វើមិនបានអង្គការរៀបចំបញ្ជូនក្រុមថ្មីចូលមកជំនួស ហើយអ្នកចាស់បាត់ខ្លួន។
នឿន បន្តថា ការធ្វើការងារក្នុងពេលនោះគឺលំបាកណាស់ ព្រោះគាត់ត្រូវជីកដីរឹងៗ ហើយពេលខ្លះធ្វើនៅក្នុងទឹក។ ដើម្បីធ្វើការងារឲ្យទាន់ផែនការ នឿន និងក្រុមកងចល័តផ្សេងទៀត ត្រូវក្រោកតាំងពីម៉ោងប្រមាណ៣យប់ដើម្បីរៀបចំខ្លួនទៅធ្វើការ ហើយប៉ែលត្រូវយកមកគេងកើយ។ នៅពេលដែលឮសំឡេងជួងភ្លាម កងចល័តទាំងអស់ត្រូវក្រោកទៅភ្លាមៗ បើមិនដូច្នេះទេ អ្នកនាំផ្លូវចេញដំណើរទៅចោល ហើយអ្នកដែលមកយឺតរកកន្លែងទៅធ្វើការងារមិនឃើញ ព្រោះត្រូវឆ្លងកាត់ព្រៃពេលយប់។ នឿន រៀបរាប់ថា “បំណាច់តែខ្លាចស្លាប់ គឺត្រូវតែប្រឹងជំនាន់នោះ ប្រសិនបើយើងមិនធ្វើ អង្គការនឹងចោទប្រកាន់ថាជាខ្មាំង លះបង់សតិអារម្មណ៍មិនអស់។ ទាល់តែយើងខំលះបង់ ខំរែកដី ធ្វើការងារឲ្យបានសម្រេចតាមអង្កការចាត់តាំង បើមិនដូច្នេះទេគឺមានរឿង។”
នៅឆ្នាំ១៩៧៧ ដោយសារតែ លំបាកខ្លាំងពេក នឿន បានរត់ចេញពីកងចល័តឃុំធ្នាប្រជុំ ត្រលប់មកផ្ទះជួបម្ដាយឪពុកវិញ នៅឃុំសំរោង នៅជិតអង្គរលាយ។ នៅក្នុងសហករណ៍ដែលឪពុកម្ដាយនឿន រស់នៅ អង្គការបានបែងចែកមនុស្សជាបីកង ហើយគ្រួសារនឿន ស្ថិតនៅក្នុងកង២។ នឿន បានឲ្យដឹងថា អ្នកដែលអាចស្ថិតនៅក្នុងកងមួយ គឺជាប្រជាជនស្អាតស្អំ អង្គការទុកចិត្ត ហើយកងពីរ ជាអ្នកមូលដ្ឋានដូចគ្នា ប៉ុន្តែអង្គការមិនទុកចិត្ត។ ចំពោះកងបី គឺជាប្រជាជន១៧ មេសា ឬប្រជាជនថ្មី។ ពេលមកដល់ឃុំសំរោង ការហូបអាហារមិនបានគ្រប់គ្រាន់នោះទេ ព្រោះអង្គការដាំបបរចែកឲ្យប្រជាជន ខុសពីនៅឃុំធ្នាប្រជុំ។ នៅឃុំធ្នាប្រជុំ ក្នុងមួយពេលអង្គការចែកបាយមួយចានជង ហូបជាមួយសម្លមួយចានរួមគ្នា ហើយប្រសិនបើមានអ្នកស្គាល់គ្នាគឺអាចថែមបន្តិចបន្តួច នៅពេលដែលអង្គការមិននៅក្បែរ។
នឿន បានរៀបរាប់ទៀតថា គាត់មិនបានតាមដានការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែគាត់ពេញចិត្តឲ្យមានការកាត់ទោស។ នឿន យល់ថាការកាត់ទោះធ្វើឲ្យគាត់សប្បាយចិត្ត និងធ្វើឲ្យរបបដែលលំបាកនោះមិនអាចវិលត្រលប់មកវិញ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស នឿន មានអាការ វិលមុខ, អស់កម្លាំង និងបែកញើសច្រោកៗ។ ដើម្បីព្យាបាលជំងឺ នឿន ទៅទិញថ្នាំវិលមុខពីពេទ្យអង្គតាសោម ទុកលេបជាប្រចាំ។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី១៣ ខែកញ្ញា ២០២១

