ព្រំ សារ៉េត៖ ស្វាយមួយដើម

ព្រំ សារ៉េត រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ព្រំ សារ៉េត ភេទស្រី មានអាយុ៦១ឆ្នាំ។ សារ៉េត ជាកសិករ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សារ៉េត មានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។

នៅទសវត្សរ៍ឆ្នាំ១៩៦០ សារ៉េត រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង។ កាលពីកុមារភាព សារ៉េត មិនបានរៀនសូត្រនោះទេ ដោយសារភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ប្លោង។ សារ៉េត ចងចាំថា នៅពេលនោះ គាត់ត្រូវរត់លូន។

នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស សារ៉េត ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័ត ដោយគាត់ត្រូវលើកទំនប់ទួលក្រសាំង។ ក្នុងមួយថ្ងៃ សារ៉េត ត្រូវលើកទំនប់ឲ្យបានបួនម៉ែត្រគូប។ ខ្មែរក្រហមបញ្ជាឲ្យ សារ៉េត ដាំដើមស្វាយមួយដើមនៅតាមផ្លូវទៅកាន់ទំនប់ទួលក្រសាំង។ សារ៉េត និយាយថា សមាជិកម្នាក់ត្រូវដាំដើមស្វាយមួយដើម ប្រសិនបើដើមស្វាយងាប់ នោះអ្នកដែលដាំដើមស្វាយនោះនឹងត្រូវខ្មែរក្រហមសម្លាប់។

ក្រោយមក សារ៉េត និងសមាជិកក្រុម១៥នាក់ត្រូវទៅដកស្ទូងឲ្យបានមួយហិចតាក្នុងមួយថ្ងៃនៅឃុំតាលន់។ សារ៉េត និយាយថា ប្រសិនបើក្រុមរបស់គាត់ធ្វើមិនបានតាមផែនការដែលខ្មែរក្រហមកំណត់ នោះខ្មែរក្រហមនឹងយកក្រុមរបស់គាត់ទៅសម្លាប់នៅកោះគរ។ នៅពេលទំនប់ទឹកបាក់ សារ៉េត ត្រូវទៅទប់ទំនប់ទឹកនោះទាំងថ្ងៃទាំងយប់។ ក្រោយមក សារ៉េត ត្រូវបន្តទៅលើកទំនប់ និងជាន់រហាត់ទឹកនៅអាងបឹងកើត។ សារ៉េត ត្រូវធ្វើបង្គីដោយខ្លួនឯង ហើយគាត់ត្រូវសម្រាន្តនៅក្នុងព្រៃ។

ជារៀងរាល់ថ្ងៃ សារ៉េត ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ នៅពេលព្រឹក ខ្មែរក្រហមចែកចេក ឬពោត ដោយគាត់ទទួលបានចេក ឬពោតចំនួនពីរផ្លែ។ នៅពេលថ្ងៃត្រង់ សារ៉េត ទទួលបានសម្លស្ងោរត្រកួន និងបាយដាក់ក្នុងស្មុក។ នៅការដ្ឋានឃុំប្រាសាទ ខ្មែរក្រហមចែកសម្លមួយចានដែក។ សារ៉េត និយាយថា មួយចានដែកនោះ គឺសម្រាប់សមាជិក១០នាក់ហូប។ ដូច្នេះនរណាដែលហូបលឿន ទើបគេហូបបានច្រើន។

បន្ទាប់ពីហូបអាហាររួច ក្រុមរបស់សារ៉េតសម្រាកបានមួយម៉ោង។ នៅពេលសម្រាក សារ៉េត បានឆ្លៀតឱកាសទៅរកក្ដាម, ត្រី ឬមើមឈូក។ សារ៉េត និយាយថា ប្រសិនបើគណៈកងឃើញគាត់រកក្តាមនោះ គណៈកងនឹងហៅគាត់ទៅណែនាំ។ ប្រជាជន១៧មេសាជាច្រើន ត្រូវបានខ្មែរក្រហមហៅទៅណែនាំ ឬសម្លាប់ ដោយសារប្រជាជនទាំងនោះលួចហូបជាច្រើនដង។ សារ៉េត បន្តថា ស្រូវដែលប្រជាជនប្រមូលផលបាន ត្រូវខ្មែរក្រហមដឹកយកចេញទៅប្រទេសចិន ដើម្បីដោះដូរជាមួយកាំភ្លើង។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្រុសទី១ និងទី២របស់សារ៉េត ដែលជាមេកងនៅសហករណ៍ បានបាត់ខ្លួននៅភូមិព្រែកថ្មី។ នៅចុងឆ្នាំ១៩៧៩ សារ៉េត បានរៀបការ ហើយគាត់ប្រកបរបរធ្វើស្រែចម្ការរហូតមកទល់បច្ចុប្បន្ន៕

សម្ភាសន៍ដោយ​ ស៊្រុន លីគួង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin