ឪពុកមាស្លាប់ដោយសារចែកស្ករ

រឿន នី (ឆ្វេង) រស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ខេត្តស្ទឹងត្រែង និង ស្រេង ករុណា (ស្ដាំ)/(២០២៤)

(ស្ទឹងត្រែង)៖ រឿន នី ភេទប្រុស អាយុ ៥៨ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ខេត្តស្ទឹងត្រែង។ នី មានឪពុកឈ្មោះ មុំ សារី ជាអាចារ្យ និងម្ដាយឈ្មោះ សែម ស៊ី រស់នៅ និងធ្វើស្រែចម្ការនៅកោះព្នៅ។ នី ជាកូនទី២ ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបីនាក់។ ឪពុករបស់ នី ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅលើកោះស្រឡៅ ដោយសារធ្លាប់ធ្វើជាអាចារ្យពីមុនមក។ នី បន្តថា ម្ដាយរបស់គាត់ មិនហ៊ានយំនោះទេ នៅពេលដឹងថាខ្មែរក្រហមសម្លាប់ប្តីរបស់ខ្លួន។

នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅតាមកោះក្នុងឃុំអូរស្វាយ និងជម្លៀសប្រជាជនទាំងអស់ចេញពីកោះព្នៅ តាមរយៈទូកចំនួន៥គ្រឿងឲ្យទៅរស់នៅសហករណ៍អូររនោង។ នៅសហករណ៍អូររនោង ប្រជាជនត្រូវរស់នៅរួម, ធ្វើការរួម និងហូបរួម។ ជារៀងរាល់​ថ្ងៃ នៅម៉ោង ៤ទៀបភ្លឺ នី ត្រូវក្រោកទៅធ្វើពលកម្ម ដូចជាឃ្វាលក្របី, ជីកប្រឡាយ, និងលើកទំនប់។ បន្ទាប់ពីធ្វើពលកម្មរួច នៅម៉ោង ១២ថ្ងៃត្រង់ ទើប នី បានហូបបាយ និងរៀនបន្តិចបន្តួចក្រោមម្លប់ដើមឈើ។ អ្នកដែលទៅធ្វើការយឺត នឹងត្រូវខ្មែរក្រហមហៅទៅកសាង។ ប្រសិនបើ មានអ្នកទៅធ្វើការយឺតចំនួន៣ដង អ្នកដែលទៅយឺតនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់។

របបអាហារនៅពេលនោះ មានតែបាយប្រហែលបីស្លាបព្រា និងសម្លលាយជាមួយស្លឹកដំឡូង។ ដំឡូងដែលដាំបាន, មាន់ទាដែលចិញ្ចឹម និងត្រីដែលនេសាទបាន ប្រជាជន ត្រូវទុកជារបស់សមូហភាពទាំងអស់ និងមិនហូបជាឯកជននោះទេ។ អ្នកដែលមានជំងឺ បន្ទាប់ពីចាក់ថ្នាំរួច ត្រូវបន្តធ្វើការទាំងមិនទាន់ជាសះស្បើយ។ ប្រជាជននៅក្នុងសហករណ៍ ត្រូវធ្វើការទាំងគ្មានពេលសម្រាក, ហូបចុកមិនគ្រប់គ្រាន់ និងគ្មានសិទ្ធិតវ៉ាជាមួយខ្មែរក្រហមនោះទេ។

ក្រៅពីឪពុកបង្កើត ឪពុកមារបស់នី ក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ថ្ងៃមួយ ឪពុកមារបស់ នី ត្រូវបានអង្គការបញ្ជាឲ្យទៅយកស្ករអំពៅ។ នៅពេល ឪពុកមារបស់នី ធ្វើដំណើរត្រលប់មកវិញ ក៏មានអ្នកសុំស្ករពីគាត់មួយស្លាបព្រាដើម្បីហូប។ ក្រោយមក មានអ្នករាយការណ៍ប្រាប់អង្គការថា ឪពុកមារបស់នី បានឲ្យស្ករទៅជនជាតិវៀតណាមទាំងគីឡូៗ។ នៅប្រហែលម៉ោង ១២ថ្ងៃត្រង់ យោធាខ្មែរក្រហមមកពីអូរស្វាយ បានមកចាប់ឪពុកមារបស់នី ចងស្លាបសេក, បិទភ្នែកទាំងសងខាង និងបណ្តើរយកទៅចាក់ចំពុះទុង នៅលើខ្នងទំនប់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នី បានត្រលប់មករស់នៅ និងធ្វើស្រែចម្ការនៅកោះព្នៅវិញ។ នៅឆ្នាំ១៩៨០ នី បានធ្វើជាទាហាន និងប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម នៅតាមបណ្ដោយព្រំដែនប្រទេសថៃ ក្នុងខេត្តប៉ៃលិន និងខេត្តព្រះវិហារ។ នៅឆ្នាំ១៩៩០ នី បានឈប់ធ្វើជាទាហាន និងបានរៀបការជាមួយប្រពន្ធឈ្មោះ ឡៃ ស្រី និងមានកូនស្រីប្រាំនាក់៕

សម្ភាសដោយ ស្រេង ករុណា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin