រស់ នាង៖ ភ្លក់លាមកឲ្យដឹងរសជាតិប្រៃ ឬសាប

រស់ នាង អាយុ៥៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នាង មានបងប្អូន៣នាក់ ហើយនៅក្នុងសម័យខ្មែរក្រហមប្អូនពៅរបស់គាត់ត្រូវទៅរស់នៅក្នុងមណ្ឌល ហើយប្អូនបន្ទាប់ធ្វើការងារក្នុងកងកុមារ។ នៅក្នុងកងកុមារ ប្អូនរបស់នាងមិនបានធ្វើការសកម្មដូចក្មេងដទៃទៀតទេ ហេតុនេះហើយបានជាប្រធានកងបង្អត់អាហារគាត់ជាច្រើនដង និងដេញឲ្យទៅដេកនៅលើរោងមាន់។ ពេលឃើញដូច្នេះ នាង បាននាំប្អូនទៅរស់នៅក្នុងមណ្ឌលកុមារវិញ ប៉ុន្តែប្អូនរបស់គាត់ចេះតែរត់។ នាង បានឲ្យដឹងថា នៅកន្លែងដែលកងកុមារស្នាក់នៅ គឺមានសត្វសង្កើចធំៗជាច្រើន ខាំកុមារពេលសម្រាកនៅពេលយប់។

នៅក្នុងកងកុមារ នាង ធ្វើការងារ រែកដី, រែកជីដាក់ស្រែ, កើបលាមកមនុស្ស, រែកអាចម៍គោ និងកាប់ដើមទន្ទ្រានខែត្រ ឬស្លឹកស្ដៅយកទៅលាយជាមួយអាចម៍គោ។ ពេលព្រឹកឡើង អង្គការបានចាត់តាំងកុមារម្នាក់ឲ្យរែកអាចម៍គោពីផ្ទះចំនួន៤ ទៅចាក់នៅស្រែ ឬរណ្ដៅជី។ នៅពេលដែលកុមារកំពុងធ្វើការងារ ប្រធានក្រុមបានដាក់អាចម៍គោច្រើននៅក្នុងបង្គី រួចជាន់ពីលើឲ្យហាប់ ដើម្បីឲ្យនាងរែក ប៉ុន្តែដោយសារគាត់នៅក្មេងពេកទើបលើកអាចម៍គោមិនរួច ហើយប្រធានធាក់ឲ្យដួល។ បន្ទាប់ពីត្រូវប្រធានក្រុមធាក់ នាង បានខំលើកអាចម៍គោរហូតដល់រួច ប៉ុន្តែបានធ្វើឲ្យបង្គីដាច់ និងរែកមិនទាន់កុមារផ្សេងទៀត។ នៅពេលដែលបង្គីដាច់ អង្គការបានកាត់របបអាហាររបស់នាងមួយថ្ងៃ ប៉ុន្តែបានឪពុករបស់គាត់ធ្វើការងារក្នុងរោងបាយទើបគាត់បានហូបវិញនៅពេលក្រោយ។

បន្ទាប់ពីរែកអាចម៍គោរួច អង្គការចាត់តាំងឲ្យកុមារទៅកាប់ស្លឹកឈើ យកមកចិញ្ច្រាំលាយជាមួយជី។ មួយវិញទៀត នៅពេលដែលត្រូវកើបលាមកមនុស្ស ប្រធានកងបានឲ្យកុមារយកផេះទៅចាក់ក្នុងលូ រួចឲ្យ នាង ចុះទៅកើបផ្ទាល់ដៃដាក់ក្នុងបង្គី។ នៅពេលកើបលាមកមនុស្ស នាង ឃើញមានសត្វដង្កូវធំៗជាច្រើន ហើយមានក្លិនស្អុយជាប់ខ្លួន។ អង្គការបានឲ្យ នាង លាងសម្អាតខ្លួនជាមួយខ្លាញ់គោ។ ចំណែក ជី ដែលកុមារទាំងអស់លាយរួច ប្រធានកងធ្លាប់ឲ្យ នាង​ ភ្លក់ដើម្បីឲ្យដឹងថាមានរសជាតិប្រៃ ឬសាប។

នៅថ្ងៃមួយ អង្គការបានឲ្យ នាង ធ្វើជាប្រធានក្រុម ព្រោះគាត់ធ្វើការងារបានល្អ។ ពេលធ្វើជាប្រធានក្រុម គាត់ត្រូវបានចាត់តាំងឲ្យនាងដេកនៅក្បែរទ្វារ ដើម្បីចាំមើលកុមារកុំឲ្យទៅផ្ទះ។ នៅយប់នោះ កុមារជាច្រើននាក់នៅក្នុងមណ្ឌល បានមកយំសុំអង្វរ នៅចុងជើង នាង ថាខ្លួននឹងម្ដាយខ្លាំងណាស់ ចង់ត្រលប់ទៅផ្ទះវិញទាំងយប់។ បន្ទាប់ពីកុមារយំសុំអង្វរច្រើននាក់ពេក នាង បានសម្រេចចិត្តបើកទ្វារឲ្យកុមារចេញទៅផ្ទះទាំងអស់  ហើយពេលព្រឹកឡើងប្រធានកងបានផ្លាស់ប្ដូរប្រធានក្រុមថ្មី។ មួយវិញទៀត នាង ក៏ចង់ត្រលប់ទៅផ្ទះ ជួបមុខម្ដាយដូចគ្នា ប៉ុន្តែនៅពេលដែលគាត់ទៅប្រធានកងរបស់គាត់តែងតែបដិសេធ និងចាប់ នាង ត្រលប់មកវិញនៅពាក់កណ្ដាលផ្លូវ ពេលដែលគាត់លួចទៅផ្ទះ។

នៅក្នុងកងកុមារ នាង ធ្លាប់កើតជំងឺហើមពេញខ្លួន ហត់ និងរាគ ដោយសារតែការហូបអាហារដែលអង្គការរៀបចំ។ នៅក្នុងរោងបាយ នាង និងប្រជាជនផ្សេងទៀត តែងតែទទួលបានបបរមួយចាន ហូបជាមួយសម្លមួយចានសម្រាប់គ្នា៤នាក់។ នៅពេលដែលដាច់ស្បៀងខ្លាំង អង្គការបានដាំបបរ រួចចែកស្ករដុំតូចៗឲ្យហូបជាមួយ និងពេលខ្លះអង្គការសម្លាប់សត្វគោមួយដើម្បីស្លហូប ដោយគ្មានបបរក៏មាន។ ការហូបបបរជាមួយស្ករ និងមិនមានរសជាតិអំបិលគ្រប់គ្រាន់នេះហើយបានធ្វើឲ្យ នាង បានមានជំងឺ។

ចំណែកឪពុករបស់ នាង មិនបានធ្វើការងារនៅក្នុងរោងបាយរយៈពេលយូរនោះទេ ដោយសារតែគាត់ចិត្តល្អ ផ្ដល់សាច់ ឬអាហារទៅចាស់ៗ។ ឪពុករបស់នាង ត្រូវអង្គការបញ្ជូនឲ្យទៅកងចល័តក្រៅសហករណ៍ ដើម្បីធ្វើការងារកាប់ដី ហើយក្រោយមកគាត់បានឡើងត្នោត និងធ្វើស្ករ។ ពេលមួយ ឪពុករបស់នាង បានឲ្យទឹកត្នោតទៅតាៗធ្វើចម្ការ ព្រោះអាណិតគាត់ខ្លាំងពេក។ ប៉ុន្តែពេលធ្វើដំណើរដល់ពាក់កណ្ដលផ្លូវ ទឹកត្នោតនោះបានកំពប់ខ្ចាយអស់ ដោយសារដាច់ខ្សែបំពុង ហើយតានោះបានត្រលប់មកសុំឪពុកគាត់ម្ដងទៀត។ ពេលត្រលប់មកវិញ ឪពុករបស់នាង បានឲ្យទឹកត្នោតទៅម្ដងទៀត ប៉ុន្តែពេលអង្គការដឹង បែរជាចោទគាត់ថា យកស្ករទៅដូរជាមួយថ្នាំជក់ពីតាៗទៅវិញ។

បន្ទាប់មក ប្រធានកងឈ្មោះ និល បាននាំគ្នាមកចាប់ឪពុករបស់នាង និងតាឈ្មោះងឹម ដែលមកសុំទឹកត្នោត ទៅសួរចម្លើយនៅមុខវត្ត។ ពេលសួរចម្លើយ កម្មាភិបាលខ្មែរក្រហម បានកាន់អង្រែភ្លៅដែក, ដងចប និងខ្សែ ដើម្បីគំរាម ហើយបើឈ្មោះ ងឹម ឆ្លើយដូចការចោទប្រកាន់ នោះឪពុករបស់នាង និងត្រូវអស់ជីវិត។ មិនតែប៉ុណ្ណោះ សូម្បីតែប្រពន្ធ និងកូន ក៏មិនរួចខ្លួនដែរ។ ជាសំណាង ល្អ ប្រធានកងធំ បានមកដល់ រួចប្រាប់ឲ្យ និល ត្រលប់ទៅផ្ទះរវិញ ព្រមទាំងនិយាយថា “យីអានេះធ្វើការយូរចង់សម្លាប់គ្នាឯង។” ពេលឮដូច្នេះ និល ប្រញាប់ត្រលប់ទៅវិញ ហើយឪពុករបស់នាង រួចផុតពីការចោទប្រកាន់។

នៅដើមខែមករា ឆ្នាំ១៩៧៩ នាង ដាច់ចិត្តសុំប្រធានកងត្រលប់ទៅផ្ទះវិញបន្តទៀត ប៉ុន្តែអង្គការបានបដិសេធព្រោះសភាពការណ៍មិនស្រួល។ ពេលឮដូច្នេះ នាងបានឈរយំនៅក្នុងរោងបាយមួយសន្ទុះធំ ទើបសម្រេចចិត្តត្រលប់ទៅផ្ទះដោយខ្លួនឯង។ នាង ធ្វើដំណើរដល់ផ្សារជ្រែ មានមិត្តភក្ដិប្រាប់គាត់ឲ្យរៀបចំសម្លៀកបំបាក់រត់ទៅលិច។ នាង កំពុងតែរៀបចំខោអាវ និងកាន់កាំបិទមួយដើម្បីការពារខ្លួន ស្រាប់តែមានវៀតណាមចូលមក ហើយអ្នកភូមិនិយាយថាកងទ័ពជួយរំដោះ។ ពេលដឹងដូច្នេះ នាង សប្បាយចិត្តណាស់ រត់ទៅយកប្អូននៅក្នុងមណ្ឌល រួចត្រលប់ទៅរកម្ដាយ។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី២៤ ខែសីហា ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin