ខ្មែរក្រហមប្រើធ្វើអ្វី ធ្វើហ្នឹង

(ព្រះវិហារ)៖ រស់ អូង អាយុ៨៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃលោកតា ប្រកបមុខរបរជាកសិករដើម្បីចិញ្ចឹមជីវិត។ គាត់មានស្រុកកំណើតនៅខេត្តតាកែវ ដែលមានបងប្អូនចំនួន៦នាក់។
នៅមុនសម័យកម្ពុជាប្រជាធិបតេយ្យ គាត់បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មករស់នៅខេត្តព្រះវិហារ ជាមួយបងប្រុសម្នាក់ទៀត។ ក្រោយមកខ្មែរក្រហម បានជម្លៀសគាត់ឲ្យទៅលើកទំនប់ស្អាង ទំនប់អូររំដួល និងទំនប់មួយទៀត ដែលគាត់មិនចាំឈ្មោះនៅឯស្រុកសំរោង។ ប្រជាពលរដ្ឋទាំងអស់នៅសម័យនោះ ត្រូវធ្វើការស្មើភាពគ្នា និងស្លៀកពាក់ពណ៌ខ្មៅ។ គាត់ត្រូវរស់នៅដាច់ដោយឡែកពីប្រពន្ធកូន ដែលត្រូវទទួលរងទុក្ខលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត។ គាត់បានបន្តថាវត្តអារាម និងព្រះពុទ្ធបដិមាត្រូវបានវាយកម្ទេចចោលដោយខ្មែរក្រហម។ ទោះបីជាចង់តវ៉ា ក៏គ្មានអ្នកណាហ៊ាននោះទេ គាត់បញ្ជាក់ថា មានមិត្តម្នាក់បានប្រាប់គាត់ថា «ប្រឹងតែធ្វើការទៅ កុំចាំបាច់ទៅតមាត់ ប្រយ័ត្នគេយកទៅកសាង»។ មនុស្សភាគច្រើនត្រូវបានខ្មែរក្រហមយកទៅហើយ គឺបាត់ដំណឹងសូន្យឈឹង ដែលគាត់ជឿជាក់ថា អ្នកទាំងនោះប្រហែលជាត្រូវខ្មែរក្រហមសម្លាប់។
ថ្ងៃមួយគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារធ្វើការហួសកម្លាំង និង បរិភោគមិនគ្រប់គ្រាន់ដែលមានតែបបរលាយជាមួយដំឡូង។ ខ្មែរក្រហមបានបញ្ជូនគាត់មកព្យាបាលនៅមន្ទីរពេទ្យ នៅពេលនោះ គាត់បានឃើញមនុស្សជាច្រើនបានស្លាប់ ដោយសារតែការធ្វើការហួសកម្លាំង។ រីឯតំបន់គ្រប់គ្រងដោយ តាស្រួច មានការសង្កត់សង្កិន និងសម្លាប់មនុស្សជាច្រើននាក់ ដែលភាគច្រើនជាទាហានសម័យលន់នល់។ ដោយសារគាត់ខិតខំធ្វើការកសាងទំនប់ឲ្យបានជាប់ ទើបគាត់បានរស់រានមានជីវិតមកទល់សព្វថ្ងៃ នៅពេលដែលពន្លឺនៃក្តីសង្ឃឹម គ្មានពន្លឺទាល់តែសោះ។
ក្រោយពីថ្ងៃរំដោះ គាត់បានក្លាយជាអាចារ្យនៅវត្តដែលខ្មែរក្រហមបានកម្ទេចចោល និងជួយកសាងវត្តក្នុងសហគមន៍ដែលគាត់រស់នៅឡើងវិញ។ ជាចុងក្រោយ គាត់សង្ឃឹមថាការចែករំលែកនូវអ្វីដែលគាត់បានឆ្លងកាត់ ដល់អ្នកជំនាន់ក្រោយ នឹងជួយការពាររបបនេះកុំឲ្យកើតឡើងសារជាថ្មី។ គាត់បានពន្យល់ថា ភាពលោភលន់ ទើបធ្វើឲ្យមនុស្សហ៊ានធ្វើអំពើអាក្រក់សព្វបែបយ៉ាងដូចកើតមានឡើងនៅសម័យខ្មែរក្រហម ដែលមេដឹកនាំនាសម័យនោះលោភលន់អំណាច ដោយមិនគិតគូរពីប្រជាជន៕
សម្ភាសន៍ដោយ តាល់ សុគន្ធា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤