ខ្មែរក្រហមហៅឪពុកទៅដឹកអំបិល

(ស្ទឹងត្រែង)៖ សាន រិទ្ធី ភេទប្រុស កើតនៅឆ្នាំ១៩៦៩។ រិទ្ធី មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រិទ្ធី មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ គាត់ មានកូនប្រុសបីនាក់។
រិទ្ធី និយាយថា បើតាមរយៈអ្វីដែលឪពុកម្ដាយរបស់គាត់ប្រាប់ ភូមិអូរស្វាយត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារព្រំដែនពីការឈ្លានពាន។ ប្រជាជនជាច្រើនគ្រួសារ មកពីភូមិភាគខាងត្បូង បានមកធ្វើស្រែចម្ការ និងនេសាទនៅភូមិអូរស្វាយ។ ចំណែក ឪពុករបស់រិទ្ធី គឺជាប៉ូសិលនៅក្នុងភូមិ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន រួមទាំងគ្រួសាររបស់រិទ្ធី ចេញពីភូមិទៅកាន់ភូមិញើន ស្រុកសៀមប៉ាង។ នៅពេលនោះ រិទ្ធី ចូលធ្វើការក្នុងកងកុមារ ដោយខ្មែរក្រហមបញ្ជាឲ្យគាត់ទៅកាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី។ រិទ្ធី និយាយថា គាត់ត្រូវរស់នៅយ៉ាងលំបាកក្នុងរបបខ្មែរក្រហម ដោយសារហូបចុកមិនគ្រប់គ្រាន់។ ឪពុករបស់រិទ្ធី តែងតែផ្ដែផ្ដាំឲ្យរិទ្ធី ផឹកទឹកឲ្យច្រើននៅពេលឃ្លាន ជាជាងទៅលួចដំឡូង ដែលដាំមុខផ្ទះហូប។ រិទ្ធី បន្តថា កុមារ១៧មេសា ឬកូនអ្នកជម្លៀសមកពីទីក្រុងណា ដែលលួចដំឡូង នឹងត្រូវខ្មែរក្រហមយកទៅកសាង ឬត្រូវសម្លាប់ចោល ប្រសិនបើអ្នកទាំងនោះធ្លាប់ត្រូវបានខ្មែរក្រហមកសាងពីមុនមក។
នៅឆ្នាំ១៩៧៨ រិទ្ធី និងឪពុកម្ដាយ ត្រូវបានជម្លៀសទៅភូមិឡប៉ ស្រុកសៀមប៉ាង។ នៅទីនោះ ឪពុករបស់រិទ្ធី ត្រូវបានខ្មែរក្រហមហៅទៅដឹកអំបិល ហើយមិនដែលឃើញត្រលប់មកវិញនោះទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រិទ្ធី និងម្ដាយ បានត្រលប់មកភូមិកោះព្នៅវិញ ដើម្បីកសាងជីវិតសាជាថ្មី។ រិទ្ធី និយាយថា គាត់នៅតែមិនអាចបំភ្លេចបានពីការបាត់ខ្លួនរបស់ឪពុក៕
សម្ភាសដោយ យ៉ោន ចំរើន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥