បងប្រុសទាំងបីនាក់ដែលបានបាត់បង់ជីវិត

សាន សេងឡោ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ សាន សេងឡោ ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សេងឡោ មានទីកន្លែងកំណើតនៅភូមិទឹកអាង (បច្ចុប្បន្នភូមិពោធិ៍តាប៉ាង) និងជាកូនទី៧ ក្នុងចំណោមបងប្អូនប្រាំបួននាក់។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ បងប្រុសទី១របស់សេងឡោ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក និងឲ្យចូលធ្វើយោធាខ្មែរក្រហម។ បងប្រុសគាត់ បានស្លាប់ដោយសារការប្រយុទ្ធជាមួយទាហាន លន់ នល់ នៅវត្តឫស្សីស្រុក។ នៅឆ្នាំ១៩៧២ គ្រួសារសេងឡោ បានចាកចេញពីភូមិកំណើត ទៅរស់នៅក្នុងភូមិព្រែកបាឡាត់ឆឹង និងបន្តទៅរស់នៅក្នុងភូមិព្រែកតាតិន ដោយសារការទម្លាក់គ្រាប់បែក។ សេងឡោ និយាយថា ឪពុកមាគាត់ត្រូវស្លាប់ ដោយសាររត់ចូលលេណដ្ឋានមិនទាន់ នៅពេលគ្រាប់បែកផ្ទុះ។

នៅឆ្នាំ១៩៧៥ គ្រួសារសេងឡោ បានត្រលប់មករស់នៅភូមិកំណើតវិញ។ នៅវ័យ១២ឆ្នាំ គាត់ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងកុមារ។ សេងឡោ ចងចាំថា កុមារណាដែលមិនទៅធ្វើការ នឹងអត់អាហារ ឬត្រូវបញ្ជូនទៅធ្វើការនៅកងសេរី។ ចំណែកកុមារណា ដែលលួចហូបនឹងត្រូវចាប់ខ្លួនយកទៅកោះគរ។ នៅកងកុមារ របបអាហារ គឺមានបបរបីវែក ឬដំឡូងបីដុំ និងសម្លម្ជូរត្រកួន។ នៅពេលយប់ កុមារត្រូវសម្រាកដោយគ្មានមុង។ គាត់និយាយថា នៅរបបខ្មែរក្រហម គាត់គ្មានស្បែកជើង និងសម្លៀកបំពាក់ដែលមានទំហំសក្តិសមនឹងខ្លួនគាត់នោះទេ។

នៅឆ្នាំ១៩៧៧ នៅអាយុ១៤ឆ្នាំ ខ្មែរក្រហមចាត់តាំងឲ្យ សេងឡោ ធ្វើការក្នុងកងអង្គភាពនារី ដែលមានសមាជិកពី៣០ទៅ៤០នាក់។ នៅទីនោះ គាត់ត្រូវប្រមូលដំឡូង, បេះត្រកួន, ស្ទូងស្រូវ និងដេញចាប។ សេងឡោ និយាយថា នៅកងអង្គភាពនារី គាត់ត្រូវធ្វើការទាំងថ្ងៃទាំងយប់។ គាត់ត្រូវប្រមូលស្មៅទាំងយប់ក្រោមពន្លឺចង្កៀងប្រេងកាត។ ចំណែករបបអាហារក្នុងមួយថ្ងៃ គាត់ទទួលបានបាយមួយស្មុគ ឬពោតបីផ្លែ និងទឹកប្រហុកលាយជាមួយសណ្តែកដី និងត្រកួនជាដើម។ សេងឡោ និយាយថា អ្នកដែលចេះយកចិត្តមិត្តបង ឬប្រធានក្រុម នឹងហូបបានច្រើនបន្តិច។ នៅពេលគាត់មានជំងឺ គាត់ទទួលបានត្រឹមតែថ្នាំរាងដូចអាចម៍ទន្សាយមួយមុខប៉ុណ្ណោះ សម្រាប់ព្យាបាលជំងឺគ្រប់មុខ។ សេងឡោ ក៏ធ្លាប់ទៅធ្វើពុម្ព និងសូនថ្នាំនេះដែរ។

នៅរបបខ្មែរក្រហម ឪពុកម្ដាយ និងបងប្អូនរបស់សេងឡោ ត្រូវធ្វើការផ្សេងៗពីគ្នា។ ម្ដាយគាត់ ធ្វើការនៅកងភ្ជួររាស់។ ម្ដាយគាត់តែងតែលួចពោត និងប្រាប់ឲ្យគាត់យកទៅឲ្យបងប្រុសទី៥ ដែលធ្វើការនៅទួលក្រសាំង។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សេងឡោ បានចូលរៀននៅសាលាស្វាយប្រទាល និងឈប់រៀនត្រឹមថ្នាក់ទី៤។ សេងឡោ បានរៀបការ និងមានកូនពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ សេងឡោ និងម្ដាយបានធ្វើដំណើរឆ្លងកាត់ទន្លេទៅជួបបងប្រុសឈ្មោះ សែ ដែលនៅរស់ក្នុងខេត្តកំពង់ចាម។ សេងឡោ បានបាត់បង់បងប្រុសទី១ នៅឆ្នាំ១៩៧១, បងប្រុសទី៥ នៅរបបខ្មែរក្រហម និងបងប្រុសម្នាក់ទៀត ស្លាប់ដោយសារជាន់មីន នៅឆ្នាំ១៩៧៩៕

សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin