“ឃ្លាតឆ្ងាយពីគ្រួសារនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)”

ខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានរៀបចំប្រទេសជាថ្មី បានប្រមូលរបស់របរទាំងអស់ដាក់រួមគ្នា និងមានការជ្រើសរើស យុវជន យុវនារីឲ្យធ្វើជាកងទ័ព កងកុមារ និងកងចល័ត។ យុវជន យុវនារីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារទាំងអស់ គ្មានពេលឈប់សម្រាក។ ខ្មែរក្រហមចាត់តាំងយុវជន យុវនារីទាំងនោះ ធ្វើការតាមតួនាទីរៀងៗខ្លួន ដូចជាកងចល័ត ឃ្វាលគោក្របី កើបស្មៅ រើសអាចម៍គោ ដើម្បីធ្វើជីដាក់ដំណាំ។  ប្រជាជនត្រូវធ្វើការងារធ្ងន់ៗ និងលំបាកឲ្យជីកប្រឡាយឬអាងស្តុកទឹក  លើកទំនប់​ កាប់ភ្លឺស្រែ រានដី ដើម្បីធ្វើស្រែចម្ការ។ សាន់ ទិចជា យុវជនម្នាក់ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែនៅភូមិត្រម៉េង ឃុំត្រមូង និងដឹកនាំសមាជិកក្រុម១២នាក់ដើម្បីគាស់គល់ឈើ និងរានដីសម្រាប់ធ្វើស្រែ ចម្ការ ។ បន្ទាប់មកដឹកនាំសមាជិកក្រុមពីភូមិងើ ទៅលើកទំនប់នៅបឹងក្រចាប់ ក្នុងឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ដូច្នេះ សាន់ ទិត ត្រូវឃ្លាតឆ្ងាយពីគ្រួសារ ដោយសារការចាត់តាំងរបស់ខ្មែរក្រហម។

ឈ្មោះ សាន់ ទិត[1] អាយុ៨២ឆ្នាំ កើតនៅភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នខ្ញុំរស់នៅភូមិឃុំដដែល។ មានឪពុកឈ្មោះ ម៉ក សាន់ និងម្ដាយឈ្មោះ ស៊ីម និងមានបងប្អូនចំនួន៤នាក់ គឺប្រុសទាំង៤នាក់។ ឪពុកម្តាយខ្ញុំបានស្លាប់បាត់បង់ជីវិតអស់ហើយ ។ សព្វថ្ងៃខ្ញុំមានប្រពន្ធឈ្មោះ ពិល អឿម អាយុ៧៥ឆ្នាំ។

កាលពីកុមារភាព​ ទិត មិនបានរៀនទេ ព្រោះនៅមើលថែម្ដាយដែលឈឺជើងដើរទៅណាមិនរួចបានតែនៅមួយកន្លែង។ អាយុ១៣ឆ្នាំ ទិត ចេះដាំបាយធ្វើម្ហូប រ៉ាប់រងការងារគ្រប់បែបយ៉ាងជំនួសម្ដាយ។ បន្ថែមពីនេះ ទិត ត្រូវមើលថែប្អូនតូចៗបីនាក់ទៀត ព្រោះទិត គឺជាកូនច្បងនៅក្នុងគ្រួសារ។ ក្រៅពីមើលថែម្តាយ និងជីដូនម្នាក់ទៀត។ ជាហេតុធ្វើឲក្មេងប្រុសម្នាក់នេះមិនបានសិក្សារៀនសូត្រ មិនចេះសរសេរ អានអក្សរដល់សព្វថ្ងៃ។ ចំណែកប្អូនប្រុសទាំង៣នាក់បានចូលរៀនទាំងអស់គ្នា​។ ប្អូនៗទាំងបីរបស់ទិតបានរៀនសូត្រនៅវត្តកន្ទួត។ ចំណែកក្មេងស្រីៗមិនបានរៀនសូត្រព្រោះកាលសម័យនោះព្រះ​សង្ឃ គឺជាអ្នកបង្រៀននៅវត្តកន្ទួត។ ប្អូនឈ្មោះ គិត បានរៀនសូត្រ និងបួសជាព្រះសង្ឃមានចំណេះដឹងច្រើន ចំណែកប្អូនពីរនាក់ទៀតឈ្មោះ ពេញ និងឈ្មោះ ទ្រឹង បានរៀនសូត្រដែរ ប៉ុន្តែមិនបានបួសជាព្រះ​សង្ឃទេ។

នៅឆ្នាំ១៩៧០ សាន់ ទិត រៀបការនិងមានកូនចំនួន២នាក់ ប៉ុន្តែជាអកុសលកូនទីមួយកើតមកភ្លាមក៏បាត់បង់ជីវិតភ្លាម។ ដំបូង សាន់ ទិត រស់នៅភូមិទំព័រ(ទំព័រ ជាភូមិមួយរបស់ជនជាតិដើមភាគតិចស្ទៀង រហូតសម័យអាមេរិកកាំងមានការទម្លាក់គ្រាប់ខ្លាំង ធ្វើឱ្យប្រជាជនរត់ទៅស្នាក់នៅក្រោមដើមជ្រៃ ទើបក្លាយជាភូមិជ្រៃដល់បច្ចុប្បន្ន) ឃុំជាំតាម៉ៅ។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកជាខ្លាំងដែលបណ្តាលឲ្យមានមនុស្សចំនួន៦នាក់ស្លាប់។ ចំណែក ទិត និងអ្នកភូមិដែលនៅរស់បាននាំគ្នារត់ចេញពីភូមិទំព័រទៅរស់នៅភូមិជ្រៃ ឃុំជាំតាម៉ៅ។ បន្ទាប់មកទៀត ដោយ​សារមានការទម្លាក់គ្រាប់បែកគ្មានស្រាកស្រាន្ត ទើប ទិត និងអ្នកភូមិរត់ចេញពីភូមិជ្រៃ ទៅនៅភូមិអង្គាំ ភូមិថ្មទទឹងត្បូង ឃុំជាំតាំម៉ៅ ស្រុកមេ​មត់ ខេត្តត្បូងឃ្មុំ។ នៅខណៈពេលនោះប្រពន្ធ ទិត ឆ្លងទន្លេកូនទី២បាន៣យប់ ក៏នាំគ្នាបីកូនតូចរត់គេចពីគ្រាប់បែក។ ចាប់តាំងពីមានការទម្លាក់គ្រាប់បែកភូមិជ្រៃលែងមានមនុស្សរស់នៅ ហើយភូមិមានសភាពស្ងាត់ជ្រងំ ដោយសារខ្លាចយន្តហោះទម្លាក់គ្រាប់បែក។

អំឡុងឆ្នាំ១៩៧០ដល់១៩៧៣ នៅភូមិទំព័រមានការទម្លាក់គ្រាប់ប្រភេទបេ-៥២។ ឪពុកធំឈ្មោះ សេង ត្រូវអំបែងគ្រាប់ប្លោងស្លាប់ភ្លាមៗនៅមួយកន្លែងតែម្ដង។ ចំណែកក្មួយឈ្មោះ ស្បុន ត្រូវអំបែងគ្រាប់ ​ចំឆ្អឹងជំនី ប៉ុន្តែមិនទាន់ស្លាប់ភ្លាមៗទេ គឺបញ្ជូនទៅដល់ភូមិជ្រៃស្ថានភាពរបួសធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់។ នៅពេលនោះប្រជាជននៅតាមផ្ទះនីមួយៗជីករណ្ដៅត្រង់សេឬលេណដ្ឋានគ្រប់ៗគ្នាសម្រាប់ឲ្យសមាជិកគ្រួសារចូលជ្រកការពារខ្លួន ដើម្បីជៀសវាងពេលមានការទម្លាក់គ្រាប់បែកមកម្តងៗ។ ទិត បានចូលលាក់ខ្លួនក្នុងត្រង់សេជាញឹក​ញាប់ និងមិនបានចេញធ្វើការងារឡើយ ហើយពេលខ្លះ ទិត ដេកក្នុងត្រង់សេតែម្តង។ ការទម្លាក់គ្រាប់បែក និងវាយប្រយុទ្ធគ្នាមានរយៈពេល៥ឆ្នាំ គឺពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ទើបឈប់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហមឡើងគ្រប់គ្រងអំណាចទាំងស្រុង។ សាន់ ទិត និងប្រជាជនក៏ត្រឡប់មកភូមិកំណើតវិញ។ ពេលនោះនៅក្នុងភូមិជ្រៃលែងមានការទម្លាក់គ្រាប់ទៀតហើយ ព្រោះខ្មែរក្រហមវាយឈ្នះទាហាន លន់ នល់។ ពេលខ្មែរក្រហមចូលមក ខ្មែរ​ក្រហមបានចាត់តាំងកូនប្រុសច្បងឈ្មោះ ផាត ឲ្យធ្វើជាឈ្លបឃុំ ចំណែក ទិត ត្រូវបានចាត់តាំងឲ្យធ្វើជាមេក្រុម។ ទិត នៅក្រុមទីមួយដោយកាលនោះមាន៤ក្រុម ហើយក្នុងមួយក្រុមមានសមាជិកចំនួន១២គ្រួសារ។ ក្នុងមួយក្រុមមានអ្នកដឹកនាំចំនួន៣នាក់ គឺមានប្រធាន អនុប្រធាន និងសមា​ជិកដែលមើលការខុសត្រូវលើសមាជិកចំនួន១២គ្រួសារ។

ក្រោយមក ខ្មែរក្រហមបានជម្លៀស ទិត និងប្រជាជនចេញពីភូមិជ្រៃឲ្យទៅភូមិអណ្ដូងជោរ ស្ថិតនៅក្នុងស្រុកមេមត់ ព្រោះប្រជាជននៅក្នុងភូមិអណ្ដូងជោរមួយចំនួនបានទៅរស់នៅប្រទេសវៀតណាម។ ខ្មែរក្រហមបញ្ជូនប្រជា​ជននៅក្នុងភូមិជ្រៃឲ្យទៅរស់នៅជំនួសប្រជាជននៅភូមិអណ្តូងជោរវិញ។ ពេលទៅដល់ភូមិអណ្ដូងជោរ ខ្មែរក្រហមចាប់ផ្ដើមចាត់តាំងប្រជាជនឲ្យហូបបាយរួម និងបែងចែកកម្លាំងប្រជាជនឲ្យធ្វើការងារតាមក្រុមរៀងៗខ្លួន។ ខ្មែរក្រហមមិនឲ្យប្រជាជនរស់នៅជួបជុំគ្រួសារទេ គឺបំបែកប្រជាជនឲ្យទៅរស់នៅឆ្ងាយៗពីគ្នា ហើយយូរៗម្តង ទើបអនុញ្ញាតឲ្យមកជួបគ្នាវិញ។ ខ្មែរក្រហមបែងចែកយុវជនឲ្យទៅធ្វើកងទ័ព ចំណែកកុមារទៅឃ្វាលគោ និងធ្វើការងារផ្សេងទៀតតាមការចាត់តាំងរបស់ខ្មែរក្រហម។ អំឡុងពេលនោះ ខ្មែរក្រហមចាត់តាំង ទិត ឲ្យមកធ្វើស្រែនៅភូមិត្រម៉េង ឃុំត្រមូង។ ដូច្នេះ ទិត មិនបានរស់នៅជាមួយប្រពន្ធកូនឡើយ។ មួយរយៈក្រោយមក ខ្មែរក្រហមផ្លាស់ឲ្យទៅនៅភូមិងើវិញ។ នៅទីនោះ ខ្មែរក្រហមចាត់តាំង ទិត ឲ្យធ្វើជាមេក្រុមដឹកនាំសមាជិកក្រុម១២នាក់ដើម្បីគាស់គល់ឈើ និងរានដីសម្រាប់ធ្វើស្រែចម្ការ ។ បន្ទាប់មក ទិត ដឹកនាំសមាជិកក្រុមភូមិងើ ទៅលើកទំនប់នៅបឹងក្រចាប់ ក្នុងឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បឹងក្រចាប់នេះ បើគិតពីត្បូងទៅជើងគឺមានប្រវែង៣គីឡូម៉ែត្រ ហើយបើគិតពីកើតទៅលិចគឺមានប្រវែង៥គីឡូម៉ែត្រ ដោយទិសខាងលិចមានខ្នងទំនប់ខ្ពស់ជាងគេ។ សាន់ ទិត លើកទំនប់នៅបឹងក្រចាប់រួចរាល់ ក៏ត្រឡប់មកនៅភូមិអណ្ដូងជោរវិញ ស្រាប់តែកងទ័ពវៀតណាមចាប់ផ្តើមវាយប្រយុទ្ធជាមួយកងកម្លាំងខ្មែរក្រហមនៅស្រុកមេមត់យ៉ាងខ្លាំងក្លា។ ទិតនិងខ្មែរក្រហមមួយចំនួនបានរត់ចូលពួនក្នុងរណ្ដៅត្រង់សេរួមគ្នា។ ឃើញដូច្នេះ ខ្មែរក្រហមក៏ជម្លៀស ទិត ចេញពីភូមិអណ្ដូងជោរឲ្យមកភូមិជ្រៃវិញ។ ទិត ធ្លាប់ឃើញខ្មែរក្រហមសម្លាប់មនុស្សដោយផ្ទាល់ភ្នែកចំនួនបីនាក់ ដោយ​វាយទម្លាក់ចូលអណ្ដូង នៅខាងភូមិអង្គាំ ឃុំជាំតាម៉ៅ។ ទិត មិនស្គាល់អ្នកដែលស្លាប់ទាំង​នោះទេ ព្រោះសុទ្ធតែជាអ្នកខ្មែរក្រហមជម្លៀសមកថ្មី។  ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ទាំងនោះ គឺខ្មែរក្រហមចោទថា បក្ខពួករបស់ លន់ នល់។

ក្រោ​យមក ទិត រត់ភៀសខ្លួនទៅនៅថ្មគ្រែ ក្នុងខេត្តក្រចេះរយៈពេលពីរយប់ ទើបជិះកប៉ាល់បន្តទៅស្រុកស្ទឹងត្រង់។ ទិត ដេកទាំងអត់អាហារនៅស្រុកស្ទឹង​ត្រង់​មួយយប់ ទើបធ្វើដំណើរបន្តទៅខេត្តកំពង់ធំរហូតដល់ប្រទេសកម្ពុជាត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបទិត ធ្វើដំណើរត្រ​ឡប់មកស្រុកកំណើត។ ពេលមកដល់ខេត្តកំពង់ចាម ទិត បានជួបជាមួយកងទ័ពវៀតណាម ហើយកងទ័ពវៀតណាមក៏បានចែកអង្ករឲ្យ ទិត ដាំបាយហូបតាមផ្លូវ។ ទិត បានដើរនិងដេកនៅតាមផ្លូវអស់រយៈពេលជាច្រើនថ្ងៃទើបមកដល់​ភូមិជ្រៃ។ ពេលមកដល់ភូមិជ្រៃដំបូង ទិត ឃើញមានប្រជាជនខ្លះមកដល់ផ្ទះសំបែងមុនខ្លួនទៀត។ ចំណែកផ្ទះរបស់ ទិត ត្រូវបានកងទ័ពវៀតណាមយកធ្វើជាស្នាក់ការពេទ្យ។ ចាប់តាំងពីពេលនោះ ទិត មិនបានផ្លាស់ទៅណាទៀតទេ គឺរស់នៅក្នុងភូមិជ្រៃរហូតមកដល់បច្ចុប្បន្ន។

ពេលដែល ទិត ធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ទិត ពិតជាសប្បាយរីករាយណាស់ដោយបានជួបជុំប្រពន្ធកូន ហើយរស់នៅប្រកបដោយសុខសន្តិភាព មានសេរីភាព មានសិទ្ធគ្រប់បែបយ៉ាង។ ទិត សង្ឃឹមថារបបខ្មែរក្រហម មិនវិលត្រឡប់មកម្ដងទៀត។ សូមឲ្យប្រទេសយើងសុខសប្បាយរហូតទៅ។

ក្នុងនាមខ្ញុំជាអ្នករស់រានមានជីវិតម្នាក់នៅក្នុងរបបខ្មែរក្រហម សូមឲ្យក្មេងៗជំនាន់ក្រោយខិតខំរៀនសូត្រឲ្យមានចំណេះដឹង ដោះស្រាយបញ្ហាដោយសន្តិវិធី និងចេះស្រឡាញ់ប្រទេសជាតិខ្លួន។

[1] មជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ាប់ ស៊ីណា សម្ភាសជាមួយ សាន់ ទិច ភេទប្រុស អាយុ៨២ឆ្នាំ

សរសេរអត្ថបទដោយ៖ ម៉ាប់ ស៊ីណា

កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin