អតីតអ្នកចម្រៀងចាប៉ីកងសិល្បៈខ្មែរក្រហម

(ខេត្តស្វាយរៀង) សោម ណៃ មានអាយុ៧០ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិអង្គប្រសែ្រ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ណៃ មានឪពុកឈ្មោះ សោម ចេស និងម្តាយឈ្មោះ លាក់ ភឹម។ ណៃ រៀនបានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្រ្តនិយម ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។
នៅរបបសង្គមរាស្រ្តនិយម ណៃ ឃើញនៅខេត្តស្វាយរៀងមានការរីកចម្រើនដោយមានរោងចក្រ វត្តអារាម និងសាលារៀន។ ឪពុកម្តាយរបស់ណៃ ធ្លាប់ទទួលបានក្រណាត់ និងសម្លៀកបំពាក់ពីសម្តេចព្រះនរោត្តម សីហនុ ដែលបានយាងតាមឧទ្ធម្ភាគចក្រ និងទម្លាក់ក្រណាត់ និងសម្លៀកបំពាក់មកដល់ប្រជាជន។
នៅក្នុងរបបខ្មែរក្រហម ណៃ រស់នៅភូមិអង្គប្រស្រែ ស្ថិតក្នុងកងចល័តនារី។ ការងាររបស់ណៃត្រូវជីកទំនប់, លើកភ្លឺស្រែ និងធ្វើស្រែ។ ក្រៅពីការងារនេះនៅរដូវប្រាំង ណៃ និងកងចល័តនារី ត្រូវបានបញ្ជូនទៅគាស់គល់ឈើធំៗ និងកាប់រំលំដើមឈើនៅក្នុងព្រៃឆ្ងាយពីភូមិ។ ចំណែកឪពុកម្តាយ និងបងប្អូនត្រូវអង្គការតម្រូវឲ្យរស់នៅផ្សេងៗពីគ្នា។ នៅពេលទៅធ្វើការងារ ណៃ ធ្លាប់ជួបប្រទះសាកសពយ៉ាងច្រើនដែលគេសម្លាប់ទុកចោលនៅក្នុងព្រៃ ហើយប្រធានកងចល័តបានប្រាប់ណៃថា ជាខ្មោចទាហានវៀតណាម។ សមាជិកមួយចំនួនក្នុងកងចល័តជាមួយណៃ បានបាត់ខ្លួនជាញឹកញាប់ដោយអង្គការប្រាប់ថានាំទៅរៀនសូត្រ។ នៅក្នុងរបបខ្មែរក្រហម ឪពុកម្តាយរបស់ណៃ បានស្លាប់ដោយសារតែជំងឺ និងគ្មានអាហារហូបគ្រប់គ្រាន់។ នៅថ្ងៃមួយដោយសារតែនឹករឭកឪពុកម្តាយពេក ណៃ បានធ្វើការបណ្តើរ ច្រៀងបណ្តើរ គាប់ជួននៅពេលនោះឈ្លបខ្មែរក្រហមដើរមកទាន់និងបានឮចម្រៀងពីរបបមុនដែលត្រូវបានអង្គការហាមឃាត់មិនឲ្យច្រៀង។ បទចម្រៀងដែល ណៃ បានច្រៀងមានចំណងជើងថា «សំបួរមាសអើយខែលាក់សន្លឹក» ឈ្លបមិនបានបានធ្វើបាប ឬដាក់ទណ្ឌកម្មអ្វីដល់ណៃទេ ប៉ុន្តែដោយសារ ណៃ ធ្លាប់ដឹងពីបម្រាមរបស់អង្គការមិនឲ្យច្រៀងបទពីសង្គមចាស់ទើបគាត់ភិតភ័យ។ រំលងបានមួយសប្តាហ៍ ឈ្លប បានជ្រើសរើសណៃ ឲ្យចូលទៅក្នុងក្រុមសិល្បៈផ្នែកចម្រៀងចាប៉ីរបស់ឃុំ ហើយគាត់បានចេញទៅច្រៀងចម្រៀងចាប៉ីឲ្យប្រជាជនស្តាប់នៅពេលមានកម្មវិធីក្នុងឃុំ។ នៅពេលណៃ ច្រៀងចម្រៀងមិនត្រូវចិត្តអង្គការត្រូវគេស្តីបន្ទោស និងដាក់ទណ្ឌកម្ម។ ណៃ និយាយថា «ចម្រៀងចាប៉ីដែលខ្ញុំបានច្រៀងគឺទាក់ទងនឹងការធ្វើកសិកម្ម, ជីកប្រឡាយ, លើកទំនប់, លើកតម្កើងរបបខ្មែរក្រហមថាដឹកនាំល្អ មានការរីកចម្រើន… ខ្ញុំតែងតែចេញទៅច្រៀងនៅតាមភូមិឃុំ និងមានពេលខ្លះត្រូវច្រៀងឲ្យកម្មាភិបាលខ្មែរក្រហមស្តាប់ក៏មាន។ នៅពេលខ្ញុំច្រៀងចាប៉ីមិនត្រូវចិត្តគេ គេបានស្តីបន្ទោសថាច្រៀងមិនកើត និងគម្រាមដាក់ទោសទៀតផង»។ ទោះបីជាការងារក្នុងកងសិល្បៈទទួលរងការស្តីបន្ទោសខ្លះ ប៉ុន្តែ ងាយស្រួលជាងការងារក្នុងកងចល័តនារីដែលណៃ ធ្លាប់ធ្វើក្នុងរបបខ្មែរក្រហម។
នៅក្នុងឃុំអង្គប្រស្រែ អង្គការបានបំផ្លិចបំផ្លាញវត្តអារាមមិនឲ្យប្រជាជនគោរពប្រណិប័តន៍សាសនា ហើយកំណត់ឲ្យប្រជាជនគោរពតែអង្គការមួយគត់។ ទោះបីជាខ្មែរក្រហមលុបបំបាត់ និងមិនឲ្យមានការគោរពសាសនាក៏ដោយក៏ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្ថិតក្នុងចិត្តណៃជានិច្ច។ ណៃ បន្តរស់នៅឃុំអង្គប្រស្រែ រហូតដល់របបខ្មែរក្រហមដួលរលំ។ សព្វថ្ងៃ ណៃ មានជំងឺលើសឈាម ស្រវាំងភ្នែក និងជំងឺខ្សោយបេះដូង៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

