សោម សារុន៖ ខ្លាចអង្គការធ្វើបាប ប្រសិនបើរាយការណ៍កុហក

សោម សារុន អាយុ៨១ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារុន បាត់បង់ប្ដី, កូន៣នាក់, ម្ដាយម្នាក់, បងម្នាក់, ប្អូន២នាក់ និងបងប្អូនផ្សេងទៀត ដែលសរុបទាំងអស់ប្រមាណជាង១២នាក់។ បងប្អូន និងគ្រួសាររបស់សារុន ស្លាប់ដោយសារការអត់ឃ្លាន។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសគ្រួសារសារុន ទៅរស់នៅខេត្តបាត់ដំបង។ ក្នុងពេលជម្លៀស សារុន មានអាយុ៤៥ឆ្នាំ។  នៅខេត្តបាត់ដំបង អង្គការបានបញ្ជូនគ្រួសារសារុន ឲ្យទៅរស់នៅក្បែរភ្នំធិបតី ស្រុកមោង តំបន់២។ នៅក្នុងសហករណ៍ អង្គការចាត់តាំង សារុន ឲ្យចូលក្នុងក្រុមកងចល័ត ហើយប្ដី និងកូនៗរបស់គាត់ធ្វើការងារក្នុងកងផ្សេងគ្នា។

សារុន ធ្វើការងារនៅក្នុងកងចល័តបានកន្លះខែ អង្គការចាត់តាំងគាត់ឲ្យធ្វើជាប្រធានកងចល័ត ដឹកនាំប្រជាជនជាង១០នាក់ ធ្វើការងារតាមអង្គការរៀបចំ។ ក្រុមរបស់សារុន ត្រូវក្រោកតាំងពីម៉ោង៤ព្រឹក ដើម្បីដើរទៅធ្វើការងារនៅតាមការដ្ឋានឆ្ងាយៗ ហើយឈប់ធ្វើការងារវិញនៅម៉ោង៤រសៀល និងដើរត្រលប់មកដល់ផ្ទះវិញនៅម៉ោងប្រមាណ៦យប់។ ប៉ុន្តែពេលធ្វើការងារនៅកន្លែងជិតៗ ក្រុមរបស់សារុន អាចចេញទៅធ្វើការងារនៅម៉ោង៥ភ្លឺ និងសម្រាកនៅម៉ោង៥ល្ងាចវិញ។

នៅពេលធ្វើការងារ ប្រសិនបើការដ្ឋានការងារនៅឆ្ងាយ អង្គការបានរៀបចំអង្ករឲ្យក្រុមសារុន ដាំហូបដោយខ្លួនឯង។ ក្នុងមួយក្រុមរបស់សារុន ទទួលបានអង្ករមួយកំប៉ុងក្នុងមួយពេល ហើយបើចែកគ្នាគឺបានម្នាក់មួយស្លាបព្រាបាយ យកទៅដាំបបរហូបជាមួយសម្លត្រកួន ឬគល់ចេក។ ដើម្បីចម្អែតក្រពះ សារុន បាននាំសមាជិករបស់ខ្លួនលួចរកត្រីហូបបន្ថែមទៀត។ នៅពេលរកបានត្រី សារុនបានរៀបចំជីករណ្ដៅកប់ត្រីនោះ រួចដាំទឹកពីលើ ហើយនៅពេលគ្មានមនុស្សទើបហ៊ានយកហូប។

ក្រោយមក អង្គការបានប្ដូរ សារុន ឲ្យធ្វើការងារជាឈ្លបភូមិ និងតាមដានអ្នកដែលទើបតែរៀបការរួច។ សារុន បានឲ្យដឹងថា អង្គការបានរៀបចំឲ្យយុវជន-យុវនារីរៀបការជាមួយគ្នា ដែលមួយសប្ដាហ៍ម្ដង មានចំនួន៣០ ទៅ៤០គូ ក្នុងពេលតែមួយនៅពេលយប់។ ពេលរៀបការរួច គូដែលទើបតែរៀបការថ្មី ត្រូវសម្រាកក្នុងបន្ទប់មួយដែលអង្គការរៀបចំ ហើយសារុន និងកងឈ្លបផ្សេងទៀតត្រូវទៅលួចស្ដាប់ក្បែរនោះ ដើម្បីឲ្យដឹងថាអ្នកទាំងពីរនាក់ចុះសម្រុងគ្នាដែរឬទេ។ នៅពេលចាំស្ដាប់ ប្រសិនបើប្ដីប្រពន្ធគូណាមិនព្រមគេងជាមួយគ្នា អង្គការនិងចាប់អ្នកដែលបដិសេធយកទៅសម្លាប់ភ្លាម។  សារុន បានបន្តថា អ្នកដែលរៀបការរួច ​គឺសុទ្ធតែប្រថុយយកគ្នាជាប្ដីប្រពន្ធ ព្រោះខ្លាចស្លាប់។ សារុន ត្រូវតែរាយការណ៍ពីការពិត បើមិនដូច្នេះទេ អង្គការដាក់ពិន័យគាត់ដូចគ្នា។

នៅក្នុងសហករណ៍ ការហូបអាហាររបស់សារុន មានសភាពល្អប្រសើរជាងមុន។ អង្គការបានរៀបចំបាយចំហុយមួយកំប៉ុង ចែកឲ្យកងឈ្លប៤នាក់ ហូបជាមួយសម្ល។ មួយវិញទៀត គណៈសហករណ៍តែងតែលួចយកត្រីឆ្អើរ, ត្រីចំហុយ, អំបិល និងអាហារផ្សេងៗឲ្យ សារុន បន្ថែមទៀត។ សារុន បានរៀបរាប់ថា មុនពេលទទួលបានអាហារគ្រប់គ្រាន់ សមាជិកគ្រួសាររបស់គាត់ត្រូវបាត់បង់ជីវិតស្ទើរតែទាំងអស់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ សារុន បាននាំកូនម្នាក់ដែលនៅរស់ ត្រលប់មករស់នៅខេត្តតាកែវវិញ។ សារុន មិនបានរៀបការម្ដងទៀតទេ គឺគាត់រស់នៅជាមួយកូន រហូតដល់កូនរៀបការ ទើបធ្វើផ្ទះរស់នៅក្បែរគ្នា។ នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស សារុន មានជំងឺចុកក្នុងទ្រូង និងរោយក។ គាត់ព្យាបាលជំងឺរបស់ខ្លួន ដោយដាំថ្នាំខ្មែរហូបនៅពេលដែលមានជំងឺស្រាល ប៉ុន្តែបើជំងឺធ្ងន់ គាត់ត្រូវទិញថ្នាំពេទ្យលេប។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី៣១ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៩ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin