មិនចង់ឲ្យអ្នកជំនាន់ក្រោយជួបការឈឺចាប់

ស ទូច រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ស ទូច ភេទស្រី មានអាយុ ៧៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ទូច មានបងប្អូន២នាក់ ក្នុងនោះប្រុសម្នាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឪពុករបស់ទូច ដែលជាអតីតទាហានរបបសង្គមរាស្ត្រនិយម បានផ្លាស់ទីលំនៅមកភូមិអូរស្វាយ។ កាលនោះ ទូច មានអាយុ១២ឆ្នាំ។ ទូច និយាយថា គ្រួសារទាហានត្រូវបានផ្លាស់មករស់នៅទីនេះដើម្បីការពារព្រំដែន ដោយមានការកសាងផ្ទះកាឡុង, មន្ទីរពេទ្យ, បន្ទាយទាហាន, ផ្សារ និងស្តូប។ ទូច បន្តថា នៅពេលនោះប្រជាជនរស់នៅ និងធ្វើស្រែចម្ការក្នុងភូមិអូរស្វាយ ដោយសម្បូរសប្បាយ។

នៅឆ្នាំ១៩៧០ ស្ថានភាពនៃការរស់នៅក្នុងភូមិត្រូវបានប្រែប្រួលទាំងស្រុង ដោយសារមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ និងក្រោយមកទៀតមានការទម្លាក់គ្រាប់បែកបំផ្លាញផ្ទះសម្បែងប្រជាជន។ គ្រួសាររបស់ ទូច បានរត់ចូលលេណដ្ឋាន ដើម្បីគេចពីគ្រាប់បែក។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលទើបតែឡើងកាន់អំណាច បានជម្លៀសប្រជាជនចេញពីភូមិ ដោយឲ្យទៅធ្វើពលកម្ម ដូចជាជីកប្រឡាយ លើកទំនប់ ភ្ជួរស្រែ នៅភូមិអូររនោង ស្រុកសៀមប៉ាង។ ឪពុកម្ដាយ និងកូនត្រូវរស់នៅព្រាត់ប្រាសទៅតាមកងការងាររៀងៗខ្លួន។ ទូច ត្រូវទៅលើកទំនប់នៅពេលថ្ងៃសម្រាប់ទប់ទឹកធ្វើស្រែប្រាំង និងដកសំណាបនៅពេលយប់។ ចំណែក កូនរបស់ទូច ដែលមានអាយុ៥ឆ្នាំ ត្រូវទៅធ្វើការតាមកងកុមារ។

នៅរបបខ្មែរក្រហម មនុស្សទាំងចាស់ទាំងក្មេង ទទួលបានរបបអាហារតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃ និងពេលល្ងាច។ ក្នុងមួយពេល ទូច ទទួលបានបាយមួយកូនចានចង្កឹះលាយជាមួយដំឡូង, ចេក និងពោត។ ចំណែកបាយក្ដាំងដែលគេចែកឲ្យ ទូច តែងតែទុកឲ្យកូនរបស់គាត់ហូប។

ទូច និយាយថា ខ្មែរក្រហម បានបង្អត់អាហារប្រជាជន, បង្ខិតបង្ខំឲ្យប្រជាជនធ្វើការហួសកម្លាំង និងត្រូវរស់នៅដោយគ្មានសិទ្ធិសេរីភាព។ ទូច បន្តទៀតថា នៅរបបខ្មែរក្រហម ប្តីរបស់គាត់ ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅគីឡូលេខ២។

ជាចុងក្រោយ ទូច សង្ឃឹមថារបបខ្មែរក្រហមនឹងមិនកើតឡើងសាជាថ្មី។ ទូច បន្តថា គាត់មិនចង់ឲ្យអ្នកជំនាន់ក្រោយជួបការឈឺចាប់ដូចរូបគាត់នោះទេ៕

សម្ភាសន៍ដោយ ទូច ស្រីទីន ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin