ធ្វើការទាំងមានផ្ទៃពោះជិតគ្រប់ខែ

(ស្ទឹងត្រែង)៖ សូត្រ សៀង ភេទស្រី មានអាយុ ៨៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ សៀង មានស្រុកកំណើតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ សៀង មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។
នៅទសវត្សរ៍ឆ្នាំ១៩៦០ នារបបសង្គមរាស្ត្រនិយម សៀង បានរៀបការជាមួយប្តីដែលជាទាហាន និងបានមករស់នៅភូមិអូរស្វាយ ដោយក្រុមគ្រួសាររបស់សៀង ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋក្នុងមួយខែ ៧០០រៀល ។ នៅឆ្នាំ១៩៦៨ សៀង និងកូនប្រុសម្នាក់ បានទៅចូលរួមពិធីសម្ពោធសមិទ្ធផលថ្មីនៅអូរស្វាយ។
នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ ក្រោយមកសមិទ្ធផលដែលទើបតែសម្ពោធ ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ប្រជាជនដែលរស់នៅភូមិអូរស្វាយត្រូវទទួលរងការលំបាក និងរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមតាំងពីមុនឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅទីក្រុងភ្នំពេញ អតីតទាហាននៃរបបសង្គមរាស្ត្រនិយម ព្រមទាំងប្តីរបស់ សៀង ត្រូវបានខ្មែរក្រហមយកទៅវាយសម្លាប់។ ចំណែក សៀង ត្រូវធ្វើការ និងរស់នៅយ៉ាងលំបាក ដោយធ្វើការទាំងមានផ្ទៃពោះ។ នៅពេល សៀង មានផ្ទៃពោះជិតគ្រប់ខែ គាត់ត្រូវរែកដីនៅតាមការដ្ឋានទំនប់ ដោយគ្មានពេលសម្រាក។ សៀង និយាយថា គ្រាន់តែអង្គុយសម្រាកបន្តិច ខ្មែរក្រហមបានស្រែកសន្ធាប់គំរាមថា៖ “អង្គុយធ្វើអីហ្នឹង គ្មានអាណាឲ្យអង្គុយទេ!”
នៅពេល សៀង សម្រាលកូនរួចបានមួយខែ កូនរបស់ សៀង ត្រូវដាក់ផ្ញើ អ្នកទើបតែសម្រាលកូនរួចក្រោយគាត់ មើលថែ។ សៀង ត្រូវទៅ បុកស្រូវ និងដកស្ទូង ទាំងហូបចុកមិនគ្រប់គ្រាន់។ សៀង បន្តថា ទទួបានតែបាយកន្លះចានចង្កឹះ លាយជាមួយគល់ចេក ហើយមួយថ្ងៃហូបបានពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។
សៀង រំឭកថាអ្នកមានផ្ទៃពោះមួយចំនួនបានរលូតកូន ដោយសារធ្វើពលកម្មហួសកម្លាំង។ សៀង បានបញ្ជាក់ថា នៅរបបខ្មែរក្រហម ប្រជាជនត្រូវធ្វើទៅតាមការបញ្ជារបស់ខ្មែរក្រហម ដោយមិនអាចប្រកែកបាន។ ប្រជាជនណាដែលប្រកែកជាមួយខ្មែរក្រហម ត្រូវបាត់បង់ជីវិតដោយសារខ្មែរក្រហមចោទថាក្បត់។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សៀង បានត្រលប់មករស់នៅភូមិអូររុន និងប្រកបរបរជាកសិករ ដើម្បីចិញ្ចឹមកូនៗ។ សព្វថ្ងៃ សៀង មានជំងឺក្រពះពោះវៀន និងជំងឺផ្សេងទៀត ដោយសារវ័យចាស់ជរា៕
សម្ភាសដោយ នី ឡាយ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥