ទង្វើយ៉ាងឃោរឃៅរបស់ខ្មែរក្រហម

សៅ ឡាត់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ សៅ ឡាត់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ អាយុ ៦៣ឆ្នាំ សព្វថ្ងៃគាត់ជាកសិករម្នាក់។ នៅសម័យនោះ គាត់កំពុងមានវ័យពេញកម្លាំង​ មានតែខោមួយចង្កេះ។ ខ្មែរក្រហមតម្រូវគាត់ឲ្យធ្វើជាអ្នកសេដ្ឋកិច្ច (ធ្វើការងារនៅផ្ទះបាយ)។ ការងារចម្បាងរបស់គាត់ គឺដាំបាយ កាប់គល់ចេក គាស់គល់ល្ហុង យកមកលាយដើម្បីធ្វើជាម្ហូប មួយថ្ងៃ ពីរពេល។ គាត់បាននិយាយថា មនុស្សប្រៀបបានដូចសត្វ ខ្មែរក្រហមប្រើមនុស្សទាំងថ្ងៃទាំងយប់ គ្មានថ្ងៃឈប់សម្រាក។

ឆ្នាំ ១៩៧៨ គាត់ត្រូវបានខ្មែរក្រហមចាប់ឃុំឃាំង អស់រយៈពេលមួយខែ ដោយសារគាត់កំពុងឈឺគ្រុន ខ្មែរក្រហមចោទថា គាត់ជាមនុស្សខ្ជិលច្រអូស មិនព្រមធ្វើការ។ ក្រោយមកគាត់ធ្វើការរត់គេច ពួនអាត្មាតាមផ្ទះ រហូតដល់ឆ្នាំរំដោះនៅឆ្នាំ ១៩៧៩ ទើប សៅ ឡាត់ រស់រានមានជីវិតមកទល់សព្វថ្ងៃ។ គាត់​មិនរៀនសូត្រនៅវ័យកំពុងត្រូវបានសិក្សា ដែលធ្វើឲ្យឆាកជីវិតរបស់គាត់ជួបការលំបាក។

ការសម្លាប់មនុស្សក្នុងសម័យខ្មែរក្រហមជារឿងមួយដែលសាមញ្ញ គ្មានការឲ្យតម្លៃទៅលើជីវិតរបស់មនុស្សម្នាក់ៗនោះទេ។ សៅ ឡាត់ បានឃើញទង្វើយ៉ាងឃោរឃៅរបស់ខ្មែរក្រហម ដោយមានការចាប់ចងមនុស្សប្រៀបទៅដូចសត្វជ្រូក យកទៅដាក់ឡាន។ សម្រាប់ការរៀបការវិញ មួយគូ ពីរគូ ឬបីគូ ក៏គាត់បានឃើញដែរ អំពីការរៀបការក្នុងរបបនោះ។ សៅ ឡាត់ លើកឡើងថាការស្លៀកពាក់ពណ៌ខ្មៅជាការបិទបាំងការប្រឡាក់។ សម្រាប់រូបគាត់ផ្ទាល់ នៅខែវិច្ឆិកា ឆ្នាំ ១៩៧៨ គាត់បានការរៀបការ ក្នុងនោះមានចំនួន ៧៧ គូ។ ក្រោយមកគាត់ ដោយសារខ្លាចគេយកទៅរៀនសូត្រ (វាយចោល ឬសម្លាប់) ដូច្នេះគាត់ត្រូវធ្វើការទាំងហួសកម្លាំង។

សៅ ឡាត់បានចូលរួមដំណើរការការកាត់ទោសមេដឹកនាំខ្មែរក្រហមបានម្តង គាត់ពេញចិត្តចំពោះការហៅប្រជាពលរដ្ឋដូចរូបគាត់ ឲ្យបានស្គាល់ និងឃើញមុខមេដឹកនាំទាំងនោះ គាត់បានលើកឡើងថានេះជាយុត្តិធម៌សម្រាប់ប្រជាជនខ្មែរ។ គាត់បានប្រាប់កូនចៅជំនាន់ក្រោយឲ្យជឿពីការកើតមានឡើងនៃសម័យខ្មែរក្រហម ជាក់ស្ដែងទំនប់តូចធំដែលបានកសាងនាសម័យនោះ និងបានគាំទ្រការសិក្សាអំពីខ្មែរក្រហម៕

សម្ភាសន៍ដោយ កាត សារ៉ាត់ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin