សាយ ជា៖ បានគុណបុណ្យចេះឡើងត្នោត

សាយ ជា អាយុ៧៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជា មានបងប្អូនចំនួន៧នាក់ ក្នុងនោះស្លាប់អស់ចំនួន ៤នាក់(ប្រុស៣នាក់ និងស្រីម្នាក់)។ នៅក្នុងសម័យខ្មែរក្រហម ជា មានកូនចំនួន៤នាក់។ គ្រួសាររបស់ ជា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយសារកូនៗរបស់គាត់ ត្រូវទៅរស់នៅក្នុងកងចល័ត និងកងយុវជន ហើយប្រពន្ធរបស់គាត់ចូលទៅក្នុងកងជី ឯ ជា ត្រូវអង្កការចាត់តាំងឲ្យឡើងត្នោត និងទទួលបន្ទុកលើ​រទេះដឹកស្បៀង នៅក្នុងក្រុមសេដ្ឋកិច្ច។ ជា បានឲ្យដឹងថា គាត់បានទៅជួបប្រពន្ធរបស់គាត់១ខែម្ដង ប៉ុន្តែមិនបានសម្រាកឆ្លងយប់នោះទេ ព្រោះការងាររបស់គាត់រវល់ខ្លាំងពេក។ មួយវិញទៀត ប្រសិនបើ ជា ទៅធ្វើការងារមិនទាន់ពេលវេលា អង្គការនឹងកាត់របបអាហារប្រចាំថ្ងៃរបស់គាត់។

នៅក្នុងមូលដ្ឋានធ្វើស្ករត្នោត មានសមាជិកប្រមាណជាង១០នាក់។ នៅក្នុងក្រុមស្ករត្នោត ជា ត្រូវក្រោកតាំងពីម៉ោង៣យប់ ដើម្បីយកទឹកត្នោតប្រមាណ៣០០បំពង់ ពីដើមត្នោតប្រហែល២៥ដើម។ ពេលយកទឹកត្នោតចុះមករួច ជា ត្រូវជួយចេញទៅរកអុស ឬក៏រម្ងាស់ស្ករត្នោតចំនួន១២ខ្ទះក្នុងមួយព្រឹក។ នៅម៉ោង២រសៀល ជា ចាប់ផ្ដើមឡើងដើមត្នោតម្ដងទៀត រហូតដល់ពេលយប់។ នៅក្នុងមួយថ្ងៃ ក្រុមរបស់ជា ត្រូវធ្វើស្ករត្នោត ឲ្យបានយ៉ាងហោចណាស់១ពាងអុង ហើយមួយខែមានឡាន ឬរទេះ ទៅដឹកស្ករចេញពីកន្លែងរបស់គាត់ចំនួន ៣០ ទៅ៤០ពាងអុង។

ជា ត្រូវធ្វើការងារច្រើនក្នុងមួយថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានមិនគ្រប់គ្រាន់នោះទេ។ នៅពេលដែលខ្វះស្បៀងអាហារ អង្គការបានដាំបបរមួយខ្ទះ ដាក់អង្ករប្រមាណ៣កំប៉ុងប៉ុណ្ណោះ លាយជាមួយព្រលឹត ឬត្រកួន​ ហើយហូបជាមួយសម្លម្ជូរត្រកួន មានត្រីបន្តិចបន្តួច។ ពេលហូបអាហារ ប្រជាជនមិនអាចតវ៉ា ឬក៏សុំបន្ថែមបានទេ ប្រសិនបើហ៊ានធ្វើដូច្នេះអង្គការនិងយកទៅរៀនសូត្រឬសម្លាប់ចោល។ ដើម្បីចម្អែតក្រពះ ជា បានលួចគាស់ដំឡូងទៅកប់ក្នុងរណ្ដៅ រួចដុតភ្លើងភ្នក់ពីលើ។ មូលហេតុដែល ជា ហ៊ានលួចដំឡូង ព្រោះគាត់ដឹងថាអង្គការមិនតាមដានប្រជាជនមូលដ្ឋានដូចជាគាត់ទេ ប៉ុន្តែប្រជាជនថ្មី ត្រូវទទួលរងភាពតឹងតែងខ្លាំង។

ចូលដល់រដូវភ្លៀង អង្គការបានចាត់តាំង ជា ឲ្យចូលក្នុងក្រុមសេដ្ឋកិច្ច ធ្វើការងារបររទេះដឹកស្បៀង។ ជាញឹកញាប់ ជា ត្រូវបររទេះទៅខាងត្បូងភ្នំរមៀល ដើម្បីយកគ្រឿងសឹក, សម្ភារ និងស្បៀងអាហារ យកទៅឲ្យយោធា និងដឹកគ្រាប់ស្អុយត្រលប់មកវិញ។ នៅមូលដ្ឋានទ័ព ជា បានឃើញ យោធា មានអាហារហូបគ្រប់គ្រាន់ មានម្ហូបឆ្ងាញ់ៗ ខុសពីប្រជាជននៅមូលដ្ឋាន។ លើសពីនេះទៅទៀត អ្នកនៅមូលដ្ឋានទ័ពចិត្តល្អណាស់ បានផ្ដល់អាហារឲ្យអ្នកដឹកជញ្ជូនទាំងអស់គ្រប់គ្រាន់ និងរៀបចំជាកញ្ចប់សាច់គោ ឬម្ហូបអាហារឲ្យមកហូបតាមផ្លូវត្រលប់មកវិញទៀតផង។ មួយវិញទៀត នៅពេលដែល ជា ទៅដឹកអំបិលនៅខេត្តកំពត គាត់ធ្លាប់ចូលសុំម្ហូបអាហារពីយោធាដែលប្រចាំការនៅតាមមន្ទីរស្រែអំបិលនៅខេត្តកំពត និងនៅមន្ទីរអង្គធ្លក។ នៅតាមមន្ទីរទ័ព យោធាបានផ្ដល់អាហារមកឲ្យអ្នកដឹកជញ្ជូន ចំនួន៨នាក់ ព្រមទាំងផ្ដាំឲ្យ ជា ចូលសុំអាហារនៅតាមមន្ទីរផ្សេងទៀត ប្រសិនបើអាហារមិនគ្រប់គ្រាន់។

ក្រៅពីការធ្វើការងារ ជា បានឃើញអង្គការវាយសម្លាប់ក្មេង, សម្លាប់ទាហាន លន់ នល់ និងសម្លាប់គ្រូពេទ្យដែលខុសសីលធម៌។ ជា បានរៀបរាប់ថា នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះដំបូង គាត់បានឃើញកម្មាភិបាលខ្មែរក្រហមចាប់ទាហាន លន់ នល់ ម្នាក់ចងមុខ និងចងស្លាបសេក យកទៅសម្លាប់នៅបឹងខាងកើតភូមិ។ នៅពេលដែលសម្លាប់ទាហានរួច កងឈ្លបបានយកកាំបិតត្នោត វះយកគ្រឿងក្នុងចេញ រួចយកប្រមាត់ទៅត្រាំក្នុងស្រា។ ក្រៅពីហេតុការណ៍នៃការសម្លាប់ទាហានខាងលើ ជា បានឃើញអង្គការយកចបកាប់ក្មេងម្នាក់ដែលអង្គុយលើភ្លឺស្រែ ហើយមិនព្រមចុះទៅធ្វើការងារ។ មូលហេតុដែល ក្មេងនោះមិនចុះទៅធ្វើការងារ ដោយសារតែកុមារម្នាក់នោះហេវហត់អស់កម្លាំង និងមានជំងឺ។

នៅក្នុងសហករណ៍ ជា បានឃើញអង្គការវាយក្មេងម្នាក់ដែលលួចដំឡូងអង្គការ។ ពេលឃើញដូច្នេះ ជា បានលួចខ្សឹបក្មេងនោះកុំឲ្យយំបន្តទៀត ហើយគាត់បានលួចដំឡូងអង្គការឲ្យក្មេងនោះនៅពេលល្ងាច។ នៅពេលដែលបានដំឡូង ក្មេងនោះបានយកទៅហូបភ្លាមៗទាំងមិនទាន់សម្អាត។ ហេតុការមួយទៀតដែល ជា បានឃើញ គឺអង្គការចាប់យកពេទ្យនារី៤នាក់ ទៅសម្លាប់នៅមាត់ស្ទឹង។ មូលហេតុដែលអង្គការសម្លាប់ពេទ្យនារី ដោយសារតែអង្គការដឹងថានារីនោះខុសសីលធម៌រហូត​មានកូនជាមួយប្រធានពេទ្យ និងពេទ្យដូចគ្នា។

នៅដើមឆ្នាំ១៩៧៩ អង្គការ បានជម្លៀសប្រជាជនទាំងអស់ទៅស្រុកលើ ដើម្បីគេចពីទាហានវៀតណាម។ ការរស់នៅរបស់ជា នៅស្រុកលើ ប្រឈមនឹងការខ្វះខាតស្បៀងអាហារខ្លាំងណាស់ ហេតុនេះហើយ គាត់សម្រេចចិត្តលួចចូលភូមិវិញនៅពេលយប់។  ពេលធ្វើដំណើរតាមផ្លូវ ជា បានជួបជាមួយកម្មាភិបាលខ្មែរក្រហមដែលចិត្តល្អ ព្រមទាំងប្រាប់ផ្លូវគាត់ឲ្យដើរគេចពីកងឈ្លប និងធ្វើយ៉ាងណាកុំឲ្យអង្គការចាប់បាន។ ក្រោយមក គ្រួសារជា បានវិលត្រលប់ចូលក្នុងភូមិវិញ បន្ទាប់ពីខ្មែរក្រហមដួលរលំ។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២៥ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២១ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin