ស្ទើរតែស្លាប់ដោយសារជក់បារី

(កណ្ដាល)៖ សែ សៀប អាយុ៧០ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ សៀប មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន២នាក់)។ សៀប បាននិយាយថា នៅអំឡុងឆ្នាំ១៩៧៣ មានយោធារបស់ខ្មែរក្រហមបានចាប់ខ្លួនគាត់ទៅតំបន់បាក់ដាវ ចំនួន៣យប់ ហើយពេលនោះមានយន្តហោះទម្លាក់គ្រាប់បែកនៅទីនោះ គាត់ត្រូវបានបញ្ជូនបន្តទៅស្វាយគល់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាប់អំណាចបានទូទាំងប្រទេស សៀប ត្រូវបានជម្លៀសទៅខេត្តព្រៃវែង។ នៅពេលនោះ សៀប មានអាយុជាង១៥ឆ្នាំ ហើយតាំងពីពេលនោះមកគាត់បែកពីឪពុកម្ដាយ និងបងប្អូនរបស់គាត់ទាំងអស់។ ខ្មែរក្រហម បានចាត់តាំងឱ្យគាត់ធ្វើការងារនៅក្នុងកងយុវជន ទទួលបន្ទុកភ្ជួររាស់, ដកស្ទូង និងជីកប្រឡយតាមបណ្ដោយមាត់ទន្លេ។
កន្លងមកមួយរយៈក្រោយ ខ្មែរក្រហម ចាត់តាំងឱ្យ សៀប ឃ្លាលគោចំនួន៣ក្បាលជាមួយនឹងសមាជិកចំនួន២នាក់ផ្សេងទៀត។ នៅពេលនោះគាត់ និងសមាជិកលួចជក់បារី ហើយបានចោលកន្ទុយបារីទៅប៉ះនឹងស្មៅងាប់ រួចបង្កទៅជាភ្លើងឆាបឆេះរាលទៅដល់រោងសន្តិសុខ។ សៀប គិតថាគាត់អាចនឹងត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់នៅពេលនោះ ប៉ុន្តែសំណាងល្អគឺមានការជួយពីប្រធានកង និងម្ដាយរបស់គាត់ ទើបគាត់អាចមានជីវិតរស់បន្ត។
នៅក្នុងរបបខ្មែរក្រហម សៀប បានបាត់បង់សមាជិកគ្រួសារចំនួន២នាក់ គឺឪពុក និងប្អូនស្រីរបស់គាត់។ សៀប បានសង្ស័យថា ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ដោយចោទប្រកាន់ថាជាទាហាន លន់ នល់។ ចំណែកប្អូនស្រីរបស់គាត់ គឺស្លាប់ដោយសារជំងឺ និងមិនមានថ្នាំសម្រាប់ព្យាបាល។
នៅក្នុងរបបខ្មែរក្រហម មិនមានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺឡើយ មានតែថ្នាំដែលផលិតនៅក្នុងស្រុក។ ថ្នាំដែលផលិតនៅក្នុងស្រុក មិនអាចព្យាបាលជាបានគ្រប់ជំងឺទេ ជំងឺមួយចំនួនលេបទៅបានធូរស្បើយ ចំណែកជំងឺមួយចំនួនទៀតលេបហើយបែរជាធ្ងន់ធ្ងរជាងមុន។ ចំពោះថ្នាំចាក់ ឬសេរ៉ូម នៅពេលនោះគឺប្រើទឹកដូងជំនួស។
សៀប បានលើកឡើងថានៅតំបន់ដែលគាត់រស់នៅក្នុងខេត្តព្រៃវែង ខ្មែរក្រហមបានអនុញ្ញាតឱ្យប្រជាជនហូបបាយនៅអំឡុងពេលប្រមូលផលស្រូវ បានរយៈពេលមួយខែ បន្ទាប់ពីនោះគឺត្រូវហូបបបររាវ លាយជាមួយសម្លម្ជូរដើមចេក។ សៀប បានបន្ថែមថា ជារៀងរាល់ថ្ងៃគាត់ហូបតែសម្លដដែលៗ គ្មានរសជាតិ គ្មានសារជាតិចិញ្ចឹមដល់សារពាង្គកាយ។
ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រឿងរ៉ាវដែលគាត់មិនអាចបំភ្លេចបានគឺ ខ្មែរក្រហមបានប្រើឱ្យគាត់ធ្វើការងារគ្មានពេលសម្រាកគ្រប់គ្រាន់ និងបញ្ជាឱ្យគាត់ធ្វើការងារទាំងមានជំងឺ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សៀប បានរៀបការនឹងប្រពន្ធរបស់គាត់ ហើយប្រកបរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាព៕

