ចងចាំមិនភ្លេចពីភាពវេទនា

សៀវ អ៊ាវហេង រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ សៀវ អ៊ាវហេង ភេទប្រុស អាយុ ៧២ឆ្នាំ ជាកសិករ មានភូមិកំណើតនៅភូមិទួលក្តី និងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៦៨ អ៊ាវហេង ឈប់រៀនត្រឹមថ្នាក់មជ្ឈិមដ្ឋានទី៣ និងធ្វើជាកម្មករ។

នៅឆ្នាំ១៩៧០ អ៊ាវហេង បានរៀបការ និងរស់នៅឃុំរកាខ្ពស់។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ មានការទម្លាក់គ្រាប់បែកបណ្ដាលឲ្យផ្ទះរបស់ឪពុកក្មេកគាត់ ឆាប់ឆេះ។ នៅឆ្នាំ១៩៧៣ យោធាខ្មែរក្រហមបានចូលគ្រប់គ្រងភូមិ អ៊ាវហេង និងគ្រួសារក៏សម្រេចចិត្តទៅរស់នៅទីក្រុងភ្នំពេញ និងប្រកបរបរដាំបន្លែ។

នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមចូលគ្រប់គ្រងទីក្រុងភ្នំពេញ គ្រួសារអ៊ាវហេង ត្រូវបានខ្មែរក្រហមជម្លៀសចេញពីក្រុងភ្នំពេញ និងត្រលប់មកឃុំត្រើយស្លាវិញ។ នៅពេលមកដល់ គាត់ត្រូវខ្មែរក្រហមសួរថា តើគាត់ធ្វើការអ្វីនៅទីក្រុងភ្នំពេញ? អ៊ាវហេង ឆ្លើយថា គាត់ជាអ្នកដាំបន្លែ។ ខ្មែរក្រហមបានចាត់ទុក អ៊ាវហេង ជាប្រជាជនថ្មី ដោយត្រូវធ្វើជីលាមក និងដាំបន្លែនៅសហករណ៍។ អ៊ាវហេង បន្តថា ខ្មែរក្រហមចែកអង្ករមួយកំប៉ុងប៉ុណ្ណោះ សម្រាប់ឲ្យហូបពីរថ្ងៃ។

នៅឆ្នាំ១៩៧៦ អ៊ាវហេង ត្រូវរែកដី, ដកសំណាប និងរែកសំណាប ដោយហូបចុកមិនគ្រប់គ្រាន់។ អ៊ាវហេង និយាយថា ខ្មែរក្រហមចែកតែបបរ, ដំឡូង, ឬបាយលាយជាមួយពោតប៉ុណ្ណោះ។ នៅពេល អ៊ាវហេង មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយដែលគ្មានប្រសិទ្ធភាពសម្រាប់ព្យាបាល។

ក្រោយមក ប្អូនថ្លៃរបស់គាត់ ឈ្មោះ ហួត និងប្រជាជនដទៃ ដែលមិនធ្វើការ និងមិនពេញចិត្តអង្គការ ត្រូវបានខ្មែរក្រហមចោទថា ជាសេ.អ៊ី.អា. ឬកា.ហ្សេ.បេ.។ អ្នកដែលខ្មែរក្រហមចោទ ត្រូវបានហៅទៅ លីអង្ករ, លីអំបិល, ទៅដាំចេក ឬទៅរស់នៅភូមិថ្មីជាដើម។ អ៊ាវហេង រំឭកថា នៅពេលខ្មែរក្រហមហៅទៅ គ្មាននរណាបានត្រលប់មកវិញនោះទេ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អ៊ាវហេង បានប្រកបរបរនេសាទត្រី, ធ្វើស្រែចម្ការ និងមានកូនប្រាំមួយនាក់។

ជាចុងក្រោយ អ៊ាវហេង ថាគាត់មិនធ្លាប់រៀបរាប់រឿងរ៉ាវនារបបខ្មែរក្រហមកន្លងមកនោះទេ ប៉ុន្តែគាត់នៅតែចងចាំមិនភ្លេចពីភាពវេទនា ដូចជាការហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំង។ គាត់សង្ឃឹមថា អ្នកជំនាន់ក្រោយនឹងបានសិក្សាតាមរយៈឯកសារ និងទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតឡើងសាជាថ្មី។ សព្វថ្ងៃ អ៊ាវហេង មានជំងឺតម្រងនោម៕

សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin