សេក ឈឿន៖ ធ្វើជាចោរព្រៃនៅស្រុកកំចាយមារ តំបន់២០
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៧៣ ឈឿនបានចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា។ រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ អង្គការប្ដូរឲ្យ ឈឿន ចូលមកសហករណ៍ព្រៃខ្លូតវិញ។ ឈឿន បានចូលមករស់នៅក្នុងសហករណ៍ព្រៃខ្លូត ឃុំស្មោងខាងត្បូង[1] ស្រុកកំចាយមារ ជាមួយមីងឈ្មោះ ង៉ាន់។ ក្រោយមកទៀត ឈ្មោះ អូន ដែលជាអនុប្រធានកងផលិត បានសរសេរសំបុត្រឲ្យ ឈឿន ទៅលេងឪពុកម្ដាយជិតមួយខែនៅភូមិប្រម៉ាត់ មុនពេលអង្គការហៅទៅធ្វើការ។ ពេលត្រឡប់មកវិញ អូន បានឲ្យ ឈឿន រត់ទៅបន្តទៀតដើម្បីគេចពីការចាប់ខ្លួនរបស់អង្គការ។ ខាងក្រោមនេះគឺជាសកម្មភាពនៅក្នុងព្រៃរបស់ឈ្មោះ សេក ឈឿន។
ឈ្មោះ សេក ឈឿន ភេទប្រុស អាយុ២៥ឆ្នាំ[2]។ ឈឿន មានស្រុកកំណើតនៅភូមិរកាកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៨ អង្គការបានហៅ ឈឿន ឲ្យទៅចូលរួមប្រជុំដើម្បីចាប់ខ្លួន ប៉ុន្តែដោយសារឈ្មោះ អូន បានប្រាប់ឲ្យដឹងមុន ទើបបងថ្លៃឈ្មោះ អេន ស្រី បានប្រាប់ឲ្យ ឈឿន រត់មកព្រៃស្បាត ខាងកើតភូមិចំការកោះ។ នៅតាមផ្លូវ ឈឿន បានជួបជាមួយយុវជនភូមិ៣នាក់ឈ្មោះ ភី, សឿន និងខាន់ និងប្រជាជន ភូមិព្រៃខ្លូត ៤នាក់ មានដូចជាឈ្មោះ តាដុង, នារីឌឿន, អិន និងអួក បន្ថែមទៀត ហើយបានធ្វើដំណើរជាមួយគ្នា។ តាដុក បាននាំ ឈឿន ចូលទៅក្នុងភូមិចំការកោះដើម្បីទាក់ទងឈ្មោះ សេង ហើយសួរនាំអំពីសភាពការណ៍នៅក្នុងភូមិ។
នៅពេលដឹងដំណឹងថាសភាពការណ៍នៅក្នុងភូមិធម្មតា ឈឿន និងអ្នកឯទៀតបានស្នាក់នៅក្នុងភូមិ។ នៅក្នុងភូមិ ឈឿន បានជួប និងសម្រាកជាមួយឈ្មោះ កន្ថូវ ដែលជាយុទ្ធជនភូមិជាមួយគ្នា។ នៅល្ងាចថ្ងៃដដែល ឈឿន និង កន្ថូវ បាននាំគ្នាទៅហូបបាយនៅរោងសហកណ៍។ នៅតាមផ្លូវអ្នកទាំងពីរបានជួបជាមួយឈ្មោះ ភី និងសឿន រត់មកប្រាប់ឲ្យចេញពីភូមិ ហើយ ឈឿន បានចេញទៅជាមួយយុវជនផ្សេងទៀតរហូតដល់ព្រៃកំប៉ូត ខាងកើតទួលស្រះប្រហែល១គីឡូ។
នៅព្រៃកំប៉ូត ឈឿន បានជួបជាមួយឈ្មោះ ណាវ និងហ៊ន ដែលជាសន្តិសុខតំបន់២៣, និង ប្រជាជនប្រមាណ ១០នាក់ផ្សេងទៀត។ ព្រឹកឡើង ណាវ និងហ៊ន បាននាំ ឈឿន រួមជាមួយអ្នករត់ចូលព្រៃផ្សេងទៀត ទៅរស់នៅក្នុងព្រៃវាលក្មា ចម្ងាយពីភូមិបាក់ចុង ឬភូមិចាស់ប្រហែល៣គីឡូ។ នៅព្រៃវាក្មា បាន២ថ្ងៃ ណាវ បានចាប់គូដណ្ដឹងឈ្មោះ វ៉ាត់[3] ឲ្យធ្វើជាគូជាមួយ ឈឿន និងយុទ្ធនារី ៣ គូទៀតឲ្យយកគ្នាធ្វើជាគ្រួសារតែមួយ។ ពីរថ្ងៃក្រោយមក ណាវ និងហ៊ន បាននាំ ឈឿន និងមិត្ត ៥នាក់ទៀត ទៅយកអង្ករនៅភូមិព្រៃខ្លូត។ ណាវ គឺជាអ្នកចូលទៅចរចា ហើយ ហ៊ន គឺជាអ្នកឲ្យ ឈឿន ចូលទៅយកអង្ករនៅក្នុងរោងបាយ។ ឈឿន បានចូលទៅកើបអង្ករបានមួយបាវរួចត្រឡប់មកវិញ ហើយឈ្មោះ ហ៊ន ឆ្លៀតប្រាប់ទៅខាងអ្នកធ្វើការនៅក្នុងរោងបាយឲ្យរកប្រហុក និងអំបិលទុកមួយចំនួនផង។
នៅពេលធ្វើដំណើរមកដល់ ព្រៃកំប៉ូត មួយមានដើមត្រាចមួយដើមខ្ពស់ និងព្រៃឬស្សីសុបស្លុប ណាវ បានប្រាប់ ឈឿន ថា នេះគឺជាកន្លែងដែលនីរសារទាក់ទកមកខាង ព្រៃវាលក្មា។ ព្រឹកឡើងពេលធ្វើដំណើរទៅដល់កន្លែងស្នាក់ ណាវ បានឲ្យឈ្មោះ អួក, ប៉ាក និងយាត ទទួលខុសត្រូវប្រជាជនទាំងអស់គ្នា។ ល្ងាចឡើង អ្នកទាំង៣ បានឲ្យ ឈឿន និងមិត្តភក្ដិ៥នាក់ទៀត ទៅយកអង្ករ ប្រហុក និងអំបិល នៅព្រៃខ្លូត ហើយមានមានអ្នកនាំមកយកដដែល។
នៅពេលមកដល់ភូមិព្រៃខ្លូតក៏ចូលទៅជួប ពូសរ ម្ដងទៀត ហើយពូសរ បានប្រាប់អំពីស្ថានភាពក្នុងភូមិ និងនាំទៅជួបអ្នកកាន់ឃ្លាំង។ ក្រុមរបស់ ឈឿន ចាំមួយសន្ទុះ មានឈ្មោះ ជន់ មកដល់ ហើយឲ្យ ឈឿន ទៅយកនៅកន្លែងចង្ក្រានបាយ។ ស្បៀងដែលក្រុម ឈឿន យកបានមានអង្ករកន្លះបាវ អំបិល២គីឡូ ប្រហុកជិតមួយពាង និងស្ករបំពុង រួចធ្វើដំណើរត្រឡប់ទៅព្រៃវិញ។ ស្អែកឡើង ណាវ បានសួររកស្ករ ហើយបានយកស្ករទាំងអស់ទៅឲ្យអង្គភាពនៅព្រៃកូនជ្រូក។
នៅថ្ងៃបន្ទាប់មកទៀត ណាវ បាននាំអ្នករត់ចូលព្រៃទាំងអស់ទៅនៅដំបូកដើមឬស្សីក្នុងព្រៃស្មាច់ខាងលិចព្រៃកូនជ្រូកប្រហែល ៣០០ម៉ែត្រ។ ឈឿន មកសម្រាកនៅព្រៃកូនជ្រូកបានពីរយប់ ឈ្មោះ អួក បានចាត់តាំង ក្រុម ឈឿន ឲ្យទៅយកអង្ករនៅព្រៃខ្លូតម្ដងទៀត។ សកម្មភាពទៅម្ដងនេះគឺមិនខុសពីពេលមុនៗប៉ុន្មានទេ គ្រាន់តែម្ដងនេះបានអង្ករតែកន្លះបាវប៉ុណ្ណោះ។ ពីរថ្ងៃក្រោយមក ណាវ បាននាំសមាជិក៥នាក់ និងជនជាតិវៀតណាមម្នាក់ចូលមកកន្លែងស្នាក់នៅ។
នៅពេលមកដល់វៀតណាម ណាវ បានប្រាប់ប្រជាជននៅក្នុងព្រៃទាំងអស់កុំឲ្យព្រួយបារម្មណ៍ ពីព្រោះនៅតែ៣ថ្ងៃទៀត កងទ័ពវៀតណាមចូលមកវាយរំដោះចាប់ពីស្រុកកំចាយមារ ទៅដល់ពាមភ្លើង។ បន្ទាប់ពីនិយាយចប់ ណាវ បានជូនអ្នកទាំង ៥នាក់ត្រឡប់ទៅវិញ។
នៅពេលយប់ឡើង អួក បានឲ្យក្រុមរបស់ ឈឿន ទៅយកស្បៀងនៅភូមិព្រៃក្ដី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក តំបន់២៣ វិញម្ដង។ អ្នកនាំផ្លូវមាន ណាវ, ហ៊ន និងពីរនាក់ទៀតគឺជាអ្នកភូមិព្រៃក្ដី។ ពេលយកអង្ករបានហើយត្រឡប់ទៅវិញបានពីរថ្ងៃ អង្គការបានចូលទៅតាមចាប់ក្រុមរបស់ ឈឿន។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨ អង្គការចាប់បានគ្រួសាររបស់ ឈឿន ពីរនាក់ និងគ្រួសារឈ្មោះ ភី ពីរនាក់ទៀត។ ចម្លើយសារភាពរបស់ សេក ឈឿន បានសរសេរបញ្ចប់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧៨៕
កំណត់ចំណាំ៖ អត្ថបទនេះដកស្រង់ចេញពីចម្លើយសារភាពឯកសារ D59655។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាអត្ថបទរបស់ សេក ឈឿន ពិតឬយ៉ាងណានោះទេ?
អត្ថបទដោយ ភា រស្មី
[1] ឯកសារលេខ D59655 ចម្លើយសារភាព (ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ តំបន់២០) ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ទំព័រទី១។
[2] ឯកសារ D59655 ចម្លើយសារភាពរបស់អ្នកទោសជាប់ឃុំឃាំង (នៅពេលឃាត់ខ្លួននិងចងក្រងជាចម្លើយសារភាព សេក ឈឿន មានអាយុ២៥ឆ្នាំ) ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ទំព័រទី១។
[3] ឯកសារលេខ K07578 ប្រវត្តិរូបអ្នកជាប់ឃុំឃាង (ញូង អ៊ាង គឺជាប្រពន្ធរបស់ឈ្មោះ សេក ឈឿន) ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី១។