សំឡេងមេក្រូឮខ្លាំងជាងសំឡេងស្រែក

(ស្ទឹងត្រែង)៖ សេន សន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្នរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សន មានជំងឺសន្លាក់ដៃជើង និងជំងឺខ្លាញ់រុំថ្លើម។

នៅឆ្នាំ១៩៧០ គ្រួសាររបស់ សន រស់នៅខេត្តកំពង់ចាម។ សន បាននិយាយថា នៅពេលនោះមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក ទៅលើកងទ័ពវៀតណាមនៅក្នុងទឹកដីកម្ពុជា។ ការទម្លាក់គ្រាប់បែកនៅពេលនោះមិនមែនប៉ះពាល់ត្រឹមតែកងទ័ពវៀតណាមនោះទេ ក៏មានប៉ះពាល់ដល់ប្រជាជនកម្ពុជាដែរ។ ប្រជាជនដែលមានផ្ទះនៅជិតនឹងទីកន្លែងទម្លាក់គ្រាប់ ត្រូវនាំគ្រួសាររត់ចូលលេណដ្ឋាន ឬត្រូវភៀសខ្លួនចេញពីផ្ទះសំបែងទៅតំបន់មានសុវត្ថិភាព។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ទៅជនបទ ឬភូមិដាច់ស្រយាលឱ្យធ្វើការងារកសិកម្មនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហមបានស្រាវជ្រាវរកប្រជាជនដែលមានឋានៈ និងតួនាទីធំនៅក្នុងរបប លន់ នល់ យកទៅសម្លាប់។​ ខ្មែរក្រហម បានប្រើហេតុផលថាប្រជាជនដែលមានឋានន្តរសក្ដិអ្វីនៅក្នុងរបបចាស់ នឹងបញ្ជូនឱ្យកាន់តួនាទីនោះដដែល ដូច្នេះហើយទើបមានប្រជាជនមួយចំនួនប្រាប់ពីតួនាទីរបស់ខ្លួន ព្រោះគិតថាខ្មែរក្រហមនឹងធ្វើតាមអ្វីដែលបានប្រាប់។

នៅក្នុងរបបខ្មែរក្រហម សន មានបងប្រុសច្បងរបស់គាត់បានស្លាប់ ដោយសារកងទ័ព លន់ នល់ បាញ់សម្លាប់នៅក្នុងសមរភូមិ។ ក្រោយមកទៀត សន បានប្រទះឃើញមានសាកសពជាច្រើននៅតាមរណ្ដៅដែលកប់មិនបានជិតល្អ។ នៅក្នុងរណ្ដៅនីមួយៗមានសាកសពពេញៗ នៅរណ្ដៅខ្លះមានក្លិនស្អុយព្រោះស្លាប់យូរថ្ងៃ ហើយរណ្ដៅខ្លះទៀតសាកសពទើបតែស្លាប់ថ្មីៗ។​ ពេលសម្លាប់មនុស្ស ខ្មែរក្រហមតែងតែចាក់ចម្រៀងខ្មែរក្រហម ឬរោទ៍សំឡេងឡាន ដើម្បីលុបបំបាត់សំឡេងសម្រែកនៃភាពឈឺចាប់របស់អ្នកទោស, សំឡេងមេក្រូឮខ្លាំងជាងសំឡេងស្រែក ដូច្នេះហើយគ្មានប្រជាជននៅក្នុងភូមិដឹងថាខ្មែរក្រហមសម្លាប់មនុស្សឡើយ។ ខ្មែរក្រហមបានប្រើត្បូងចប, គល់ឫស្សី ឬកាំភ្លើង សម្រាប់សម្លាប់មនុស្សធំ ចំណែកកូនក្មេងគឺចាប់បោកនឹងគល់ឈើ។

នៅក្នុងរបបខ្មែរក្រហម សន ធ្វើការនៅក្នុងកងចល័ត ទទួលបន្ទុកការងារដូចជា លើកទំនប់, ជីកប្រឡាយ, លើកប្រព័ន្ធភ្លឺស្រែ និងធ្វើស្រែចម្ការ។ សន បាននិយាយថា របបអាហារនៅក្នុងរបបខ្មែរក្រហម ក្នុងមនុស្សម្នាក់ទទួលបានបាយចំនួនមួយចានតូច ហើយបាយនៅពេលនោះគឺដាំលាយជាមួយនឹងពោត និងដំឡូង។ សន បាននិយាយថានៅអំឡុងពេលនោះ គាត់មិនដែលបានហូបបាយឆ្អែតនោះទេ ព្រោះតែខ្មែរក្រហមបានកំណត់ចំនួនអាហារតិច ហើយត្រូវធ្វើការងារច្រើន, របបអាហារមិនសមមាត្រជាមួយនឹងការងារ។

ខ្មែរក្រហម បានលុបបំបាត់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា។ រូបសំណាក់ព្រះពុទ្ធប្បដិមា, វត្តអារាម ឬព្រះវិហារសាសនាទាំងអស់ត្រូវបានវាយកម្ទេចចោល, ប្ដូរទៅជាកន្លែងចិញ្ចឹមសត្វ, ជាកន្លែងប្រជុំ ឬជាទីជម្រករបស់ប្រជាជន។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សន និងប្រពន្ធរបស់គាត់ បានរៀបការជាមួយគ្នាតាមប្រពៃណីខ្មែរ និងបានផ្លាស់ប្ដូរទីលំនៅទៅរស់នៅខេត្តស្ទឹងត្រែង៕​

សម្ភាសន៍ដោយ៖ អឿង ម៉ូលីកា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin