ឪពុកខ្ញុំត្រូវខ្មែរក្រហមទាញទម្លាក់ពីលើផ្ទះ

(ស្ទឹងត្រែង)៖ ស៊ឹម ណារី មានអាយុ ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណារី មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន់ សុខុម។ ណារី កើតនៅផ្សារអូរឫស្សី ទីក្រុងភ្នំពេញ និងជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ណារី ដែលមានអាយុ ៨ឆ្នាំ បានទៅរស់នៅភូមិអូរស្វាយជាមួយឪពុក។ នៅពេលទៅដល់ភូមិអូរស្វាយ ប្រជាជន ដែលភាគច្រើនជាគ្រួសារទាហានត្រូវកាប់ឆ្ការព្រៃ។ គ្រានោះ ប្រជាជនមួយចំនួនបានស្លាប់ដោយសារជំងឺគ្រុនចាញ់ និងមួយចំនួនទៀតត្រលប់ទៅស្រុកកំណើតវិញ។ បន្ទាប់មក ប្រជាជនដែលបន្តរស់នៅភូមិអូរស្វាយ ទទួលបានផ្ទះឈើមួយខ្នង, គោមួយនឹម, រទេះមួយ និងដីដាំដុះប្រាំហិចតាក្នុងមួយគ្រួសារ។
នៅឆ្នាំ១៩៧៥ ឪពុករបស់ ណារី បានទៅលេងម្ដាយនៅទីក្រុងភ្នំពេញ និងត្រូវបានខ្មែរក្រហមទាញទម្លាក់ពីលើផ្ទះថ្ម បណ្ដាលឲ្យស្លាប់។ នៅភូមិអូរស្វាយឯណេះវិញ ខ្មែរក្រហម បានជម្លៀសប្រជាជនចេញពីភូមិអូរស្វាយ ឲ្យទៅរស់នៅតាមសហករណ៍សាមឃួយ, ត្រពាំងទា និងស្ដៅ។ នៅភូមិអូរស្វាយ គ្មានប្រជាជនរស់នៅនោះទេ ហើយផ្ទះសម្បែងត្រូវបានរុះរើ យកទៅធ្វើខ្ទមនៅសហករណ៍ត្រពាំងទា។
នៅឆ្នាំ១៩៧៦ ណារី ធ្វើជាកងចល័ត ដោយចាប់ផ្តើមធ្វើការតាំងពីម៉ោង ៤ទៀបភ្លឺ។ ណារី ត្រូវទៅលើកទំនប់, ជីកប្រឡាយ, ដកសំណាប និងស្ទូងនៅតាមភូមិ ដូចជាភូមិអូររុនជាដើម។ ណារី ក៏ត្រូវយាមល្បាត និងបិទចម្រូងតាមព្រំដែន ដោយដាក់ព្រួលឫស្សី និងបាចស្លឹកឫស្សីពីលើចម្រូង។ ដូច្នេះ គ្មានអ្នកណាម្នាក់ហ៊ានរត់ចេញតាមព្រំដែននោះទេ។ ទោះបីជាយ៉ាងណាក្តី នៅតែមានអ្នករត់គេចពីរបបខ្មែរក្រហម តាមទូកដោយឆ្លងកាត់កោះល្ង។ ចំណែក អ្នកដែលលួចរត់ ហើយត្រូវខ្មែរក្រហមចាប់ខ្លួនបានតាមព្រំដែន ត្រូវបានយកទៅសម្លាប់នៅចំពោះមុខមហាជន។
ក្រៅពីនោះ ណារី និងសមាជិកកងចល័តប្រាំនាក់ទៀត ត្រូវទៅភូមិអូរស្វាយ ដើម្បីបេះបន្លែ និងកាប់គល់ចេក ឬគល់ល្ហុង ដឹកតាមរទេះយកទៅរោងបាយនៅសហករណ៍។ របបអាហារ ត្រូវបានកាត់បន្ថយពីមួយឆ្នាំទៅមួយឆ្នាំ។ ណារី ទទួលបានត្រឹមតែបាយមួយកូនចានចង្កឹះលាយជាមួយគល់ចេក និងគល់ល្ហុង ឬ អង្ករមួយកំប៉ុងសម្រាប់មនុស្សបីនាក់ហូប ដោយមួយថ្ងៃហូបពីរពេល។ នៅពេលឃ្លាន ណារី តែងតែបេះស្លឹកឈើតាមព្រៃហូប ឬនៅពេលទៅងូតទឹកទន្លេ គាត់ហូបត្រីស្រស់ដែលចាប់បាន។
ក្នុងមួយខែ ខ្មែរក្រហមចែកថ្នាំរាងដូចអាចម៍ទន្សាយដែលផ្សំពីឫសឈើឲ្យប្រជាជនមួយគ្រាប់ម្នាក់ សម្រាប់ព្យាបាលជំងឺក្រពះ និងក្នុងមួយឆ្នាំ អង្គការចែកសម្លៀកបំពាក់ពណ៌ខ្មៅពីរសម្រាប់ប៉ុណ្ណោះដល់ប្រជាជន។
ណារី បានឲ្យដឹងថា នៅចុងឆ្នាំ១៩៧៨ មួយសប្ដាហ៍មុនរបបខ្មែរក្រហមដួលរលំ ខ្មែរក្រហមបានរៀបចំគម្រោងសម្លាប់សមាជិកកងចល័តនៅភូមិអូរពងមាន់។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីការមកដល់នៃកងទ័ពវៀតណាម ណារី បានរស់រានមានជីវិតពីការរៀបចំសម្លាប់ដោយខ្មែរក្រហម និងត្រលប់ចូលមករស់នៅភូមិអូរស្វាយ។
នៅឆ្នាំ១៩៨១ ណារី បានរៀបការជាមួយប្តីឈ្មោះ អំ ម៉ារ៉ាឌី និងមានកូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ គ្រួសាររបស់ ណារី ប្រកបរបរជាកសិករ និងអ្នកនេសាទ។ ការបាត់បង់ធនធានធម្មជាតិនៅភូមិអូរស្វាយនាពេលបច្ចុប្បន្ន បានធ្វើឲ្យ ណារី បារម្ភពីអនាគតរបស់កូនចៅជំនាន់ក្រោយដែលកំពុងរស់នៅភូមិអូរស្វាយ៕
សម្ភាសដោយ ហ៊ លីអឺរ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥