សឿង ថា៖ ធ្វើការងាររួចរាល់មុនគេបានរង្វាន់

សឿង ថា ភេទស្រី អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថាឈ្មោះ ម៉ាក សឿង ហើយម្ដាយឈ្មោះឡៅ ផុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់។ ថាមានប្ដីឈ្មោះ ម៉ាក សយ និងមានកូន៥នាក់ ក្នុងនោះមានស្រី៤នាក់។ កាលពីក្មេង ថា បានរៀនសូត្របានបន្តិចបន្តួច ព្រោះប្រទេសមានសង្គ្រាម។ នៅឆ្នាំ១៩៧២ នៅក្នុងភូមិត្រពាំងក្រសាំង មានការទម្លាក់គ្រាប់បែក ហើយប្រជាជននៅក្នុងភូមិទាំងអស់នាំគ្នារត់ភៀសខ្លួនទៅភូមិផ្សេងទៀត រហូតដល់ស្ងប់ស្ងាត់ទើបត្រលប់មកវិញ។ នៅឆ្នាំ១៩៧៣ សាលាទាំងអស់ត្រូវបានបិត ហើយ ថា បានស្នាក់នៅផ្ទះ និងជួយម្ដាយឪពុកត្បាញ។
នៅឆ្នាំ១៩៧៥ ក្រុមខ្មែរក្រហមបានចូលទៅគ្រប់គ្រងក្នុងភូមិត្រពាំងក្រសាំង និងចាប់ផ្ដើមបង្កើតជាសហករណ៍ ធ្វើការងាររួម និងហូបបាយរួម។ ចំណែក ថា អង្គការបានបញ្ចូនគាត់ចូលក្នុងកងចល័ត ដើម្បីធ្វើការងារ ធ្វើស្រែ ដក ស្ទូង ឬច្រូតស្រូវ។ នៅពេលដែល ថា ធ្វើការងារក្បែរភូមិ គាត់ឆ្លៀតពេលរត់ទៅសម្រាកជាមួយឪពុកម្ដាយមួយយប់ និងក្រោកទៅធ្វើការងារឲ្យទាន់ពេលវេលាវិញនៅពេលព្រឹក។
នៅរដូវប្រាំង ថា បានចេញធ្វើការងារធ្ងន់ៗដូចជា រែកដី, លើកទំនប់ និងជីកប្រឡាយ ពីទីកន្លែងមួយទៅទីកន្លែងមួយទៀតដូចជា ក្បែរព្រះរាម, ស្រមោចហែម, កន្លែងខ្លា ខាងត្បូងអូព័ទ្ធ និងឆ្ងាយៗជាងនេះ។ នៅពេលធ្វើការ យុវជនទាំងអស់ត្រូវវប្រកួតប្រណាំងគ្នា ហើយប្រសិនបើអ្នកណាធ្វើការងារគ្រប់ចំនួនកំណត់មុនគេ នោះអង្គការផ្ដល់រង្វាន់ឲ្យអ្នកឈ្នះលេខមួយនូវស្ករមួយពាង ឬអ្វីផ្សេងទៀត។ នៅក្នុងកងចល័ត ប្រសិនបើ យុវជន និងយុវនារីមានជំងឺគឺអាចសុំច្បាប់សម្រាកបាន ប៉ុន្តែមិនអាចសុំត្រលប់ទៅផ្ទះនោះទេ ព្រោះអង្គការបានថ្នាំឲ្យលេប ហើយបើឈឺធ្ងន់គឺត្រូវបញ្ជូនទៅពេទ្យ។ មួយវិញទៀត អ្នកជំងឺអាចផ្ដាំតាមប្រជាជនផ្សេងទៀត ឲ្យប្រាប់ទៅឪពុកម្ដាយរកថ្នាំខ្មែរឲ្យកូនលេបបន្ថែម។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមបានដួលរលំ៣ថ្ងៃ បងប្អូនរបស់ថា បានរៀបចំមង្គលការឲ្យគាត់។ បន្ទាប់ពីរៀបការរួច ថា បានប្ដូរទៅរស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលជាស្រុករបស់ឪពុក។ នៅភូមិតានប់ ថា ចាប់ផ្ដើមប្រកបរបបចិញ្ចឹមជីវិត និងឆ្លៀតពេលស្វែងរកបងប្អូន២នាក់(ស្រីម្នាក់)ដែលបានបាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម បន្ទាប់ពីគាត់ចេញទៅធ្វើជាយោធា។ ក្នុងចំណោមបងប្អូន ថា ទាំងពីរ មានម្នាក់ចេញទៅធ្វើយោធាដោយស្ម័គ្រចិត្ត ហើយម្នាក់ទៀតទៅដោយសារអង្គការបង្ខំ។ ថា មិនបានទទួលដំណឹងពីបងប្អូនរបស់ខ្លួនទាល់តែសោះ រហូតដល់ឪពុកម្ដាយ និងបងប្អូនគាត់ផ្សេងទៀតបានបាត់បង់ជីវិតជាបន្តបន្ទាប់ទៀត។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

