ត្រូវធ្វើតាមខ្មែរក្រហមទាំងអស់
(ព្រះវិហារ)៖ សុខ អៀត អាយុ ៨៥ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់ស្នាក់នៅ ភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឋិតនៅក្នុងវ័យចាស់ជរា សុខ អៀត មិនបានប្រកបមុខរបរអ្វីនោះទេ ប៉ុន្តែនាសម័យខ្មែរក្រហម គាត់ គឺ ជាឈ្លបភូមិម្នាក់។
ក្នុងអាយុ ៣០ឆ្នាំជាង នាសម័យកម្ពុជាប្រជាធិបតេយ្យ សុខ អៀត ជា ឈ្លបភូមិ បន្ទាប់មកជា សហករណ៍ភូមិ ដែលមានតួនាទីជាអ្នកចែកសម្ភារៈក្នុងភូមិ និង លើកទំនប់ ជីកប្រឡាយ ខ្លះៗ។
សុខ អៀត បានលើកឡើងថា អង្គភាពរបស់គាត់ ទទួលបានការហូបចុក ១ កំប៉ុង ២ នាក់ សម្រាប់អាហារ ៣ ពេលក្នុងមួយថ្ងៃ ដែលច្រើនជាងអ្នករស់រានមានជីវិតដទៃទៀត។ សុខ អៀត មានការចេះដឹង និង អាចសរសេរបានខ្លះៗចាប់តាំងពីមុនសម័យខ្មែរក្រហម។ នៅសម័យនោះមានតែពេទ្យបុរាណ ដូចជាថ្នាំអាចម៍ទន្សាយ ដែលប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ពីជីវប្រវត្តិរបស់ សុខ អៀត គឺគាត់ក៏បានចូលរួមក្នុងការវ៉ៃសម្លាប់មនុស្សនាសម័យនោះ ដោយលើកឡើងថា “មិនវ៉ៃ គឺខុស ត្រូវធ្វើតាមគេទាំងអស់” តាមកាលៈទេសៈសង្គម។ ការសម្លាប់មនុស្សដោយផ្ទាល់នេះ បានកើតឡើងនៅស្រុកជ័យសែន។ អ្នកស្ម័គ្រចិត្តបានសួរនាំថាតើគាត់បានឃើញគេសម្លាប់មនុស្សដែលឬទេ? គាត់បានឆ្លើយថា “បានចូលរួមវាយមនុស្សសម្លាប់នឹងគេ”។
សម្រាប់ការកាត់ទោសមេដឹកនាំខ្មែរក្រហម មានយុត្តិធម៌ខ្លះ មិនយុត្តិធម៌ខ្លះ នេះជាការលើកឡើងរបស់ សុខ អៀត។ ជាចុងក្រោយ សុខ អៀត បានសូមកុំឲ្យកើតឡើងសារជាថ្មី នូវអំពើឧក្រិដ្ឋប្រល័យពូជសាសន៍ខ្មែរក្រហម។ ការអប់រំ និង ចងក្រងឯកសារនៃប្រវត្តិសាស្ត្រខ្មែរក្រហម នឹងអាចឲ្យអ្នកជំនាន់ក្រោយបានដឹង និងជៀសផុតពីរបបនេះ៕
សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣