អ្នកខ្លះគ្រាន់តែលួចស្រលាញ់គ្នាក៏មានទោស
(ព្រះវិហារ)៖ សុខ ឡៃ មានអាយុ ៦១ ឆ្នាំ គាត់ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនប្រមាណជាង ៥លាននាក់ដែលបានឆ្លងកាត់សង្គ្រាមនៅប្រទេសកម្ពុជាជាង៤ទសវត្សរ៍ និងបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃគាត់រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
រយៈពេលកន្លងហួសជាង៥០ឆ្នាំ គាត់នៅតែចាំខ្លះៗទៅនឹងការងារដែលគាត់ធ្វើមានដូចជាលើកទំនប់ ជីកប្រឡាយ ដកស្ទូង កាប់គាស់ រែកដីដាក់តាមទំនប់ជាដើម។ នៅសម័យនោះ គាត់ហូបមិនបានគ្រប់គ្រាន់ បរិភោគតែបបរ លាយជាមួយគល់ល្ហុង ឬគល់ចេក ដែលត្រូវតស៊ូធ្វើការពីព្រឹកព្រលឹមរហូតដល់ពេលល្ងាច។ ការរស់នៅវិញ គឺរស់នៅតាមរោងជាមួយបងប្អូនបង្កើតនិងក្មេងដទៃទៀត ដែលរោងនោះមានទំហំវែង ដែលគេសង់នៅតាមជើងភ្នំ។ ប្រសិនបើមានអ្នកភ្ញាក់មួយ គឺត្រូវភ្ញាក់ទាំងអស់ ត្រូវក្រោកទៅធ្វើការទាំងអស់។ នៅសម័យនោះគេបែងចែកប្រុសស្រីនៅដាច់ដោយឡែកពីគ្នា។
គាត់មិនដឹងពីមូលហេតុអ្វីដែលគេមិនឲ្យកាន់សាសនានោះទេ ដឹងតែគ្មានទេវត្តអារាម និងព្រះសង្ឃ។ នៅជំនាន់នោះ លោកស្រីមានអាយុ១៨ឆ្នាំ។ ពេលឈឺម្ដងៗ គេឲ្យសម្រាកបានខ្លះដែរ ដោយប្រាប់ប្រធានក្រុមឲ្យដឹង គេនឹងព្យាបាលដោយចាក់ថ្នាំជាដើម។ គាត់ក៏ឃើញគេលួចចាប់ក្តាម និងត្រីហូបបានខ្លះដោយមិនឲ្យយោធាគេដឹង។ គាត់មិនហ៊ានសម្បីតែហូបបន្លែដាំតាមផ្ទះ មានតែហូបរួមតាមរោងបាយតែប៉ុណ្ណោះ។ នៅពេលសម្រាកប្រហែលម៉ោង១០ ទៅ១១ ថ្ងៃត្រង់ មិនមានការបញ្ចេញមតិ ឬក៏និយាយគ្នាលេងនោះទេ ។ ប្រជាជនទាំងអស់ ត្រូវកាត់សក់ត្រឹមកទាំងអស់ ទាំងចាស់ទាំងក្មេង សម្រាប់គាត់ផ្ទាល់មានតែខោអាវមួយចង្កេះប៉ុណ្ណោះ។
ចំពោះក្តីស្រលាញ់វិញ មានអ្នកខ្លះសម្លាប់ខ្លួនដោយសារមិនស្រលាញ់ ឬមិនពេញចិត្តនឹងការចាប់បង្ខំរៀបការរបស់ខ្មែរក្រហម។ អ្នកខ្លះគ្រាន់តែលួចស្រលាញ់គ្នាក៏មានទោស ត្រូវបានខ្មែរក្រហមចាប់សំបុត្របាន មួយដងជាពីរដង ត្រូវបានគេយកទៅកសាង (សម្លាប់) ភាគច្រើនជាអ្នកមកពីទីក្រុង។ ការលំបាកសម្រាប់ សុខ ឡៃ គឺខ្វះព្រឹកខ្វះល្ងាច ការទទួលទានមិនបានគ្រប់គ្រាន់។
ជាចុងក្រោយទាក់ទងនឹងការសម្លាប់មនុស្ស គាត់លឺតែគេនិយាយអំពីការចាប់ចងមនុស្សយកទៅសម្លាប់ ដោយមានយោធាដើរអង្កេត ប្រសិនឃើញមានកំហុស គេចាប់យកទៅ។ គាត់មិនបានដឹងលឺពីការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែសង្ឃឹមថា អ្នកជំនាន់ក្រោយនឹងបានសិក្សារៀនសូត្រពីប្រវត្តិដ៏ជូរចត់មួយនេះ៕
សម្ភាសន៍ដោយ ភេទ សុភីម ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣