បងប្អូនខ្ញុំប្រាំមួយនាក់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម

សុខ សាវន់ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ សុខ សាវន់ ភេទស្រី មានអាយុ ៧៨ឆ្នាំ។ សាវន់ មានស្រុកកំណើតខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ននៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។​ សាវន់ មានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីបួននាក់។

នៅទសវត្សរ៍ឆ្នាំ១៩៧០ សាវន់ និងបងបានមករស់នៅភូមិអូរស្វាយ។ នៅពេលមករស់នៅភូមិអូរស្វាយ សាវន់ បានដឹងថាប្រជាជនមកទីនេះដើម្បីការពារទឹកដីពីប្រទេសជិតខាង។ ប្រជាជនដែលមករស់នៅភូមិអូរស្វាយ ទទួលបានផ្ទះកាឡុងមួយខ្នង និងដីស្រែចម្ការសម្រាប់បង្កបង្កើនផលក្នុងមួយគ្រួសារ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនិងបង្ខំឲ្យប្រជាជនធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ សាវន់ ត្រូវខ្មែរក្រហមជម្លៀសទៅធ្វើការក្នុងកងចល័តនៅខេត្តរតនគិរី។ សាវន់ ត្រូវធ្វើស្រែ, ដកសំណាប, ស្ទូងស្រូវ, ជីកប្រឡាយ និងលើកទំនប់ ទាំងថ្ងៃទាំងយប់ ដោយគ្មានពេលសម្រាន្តគ្រប់គ្រាន់។ របបអាហារនៅរបបខ្មែរក្រហម មានតែបបរលាយជាមួយដើមចេក និងពោតប៉ុណ្ណោះ។ សាវន់ នៅតែចងចាំអំពីការហូបចុកមិនគ្រប់គ្រាន់ និងការយកមនុស្សទៅសម្លាប់ក្នុងរបបខ្មែរក្រហម។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ សាវន់ និងបង បានត្រលប់មករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូរស្វាយ។ ចំណែកបងប្អូនប្រាំមួយនាក់ទៀត បានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ក្រោយមក សាវន់ បានរៀបការ និងមានកូនប្រុសពីរនាក់។ សព្វថ្ងៃ សាវន់ និងគ្រួសាររស់នៅពឹងផ្អែកទៅលើការនេសាទតាមដងទន្លេមេគង្គ ដូច្នេះ សាវន់ មានការបារម្ភអំពីការបាត់បង់ធនធានធម្មជាតិនៅក្នុងភូមិអូរស្វាយ និងនាពេលអនាគត៕

សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin