សុខ សឿន៖ តស៊ូដើម្បីបានជួបមុខកូន

(កណ្ដាល)៖ សុខ សឿន ភេទស្រី មានអាយុ ៧៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ នៅអំឡុងទសវត្យរ៍ឆ្នាំ១៩៥០ សឿន ដែលមានអាយុ ១៤ឆ្នាំ បានចូលរៀននៅសាលាវត្តតាពុធ។ មួយឆ្នាំក្រោយមក សឿន បានឈប់រៀនដោយសារជំងឺ និងជួយឪពុកម្ដាយធ្វើស្រែចម្ការ។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សឿន បានរៀបការ និងប្រកបរបររកស៊ីជាមួយប្តី។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែក និងការបាញ់ប្លោងនៅក្នុងភូមិ ធ្វើឲ្យគ្រួសាររបស់សឿន រត់គេចខ្លួនទៅភូមិបឹង ស្ថិតក្នុងឃុំស្វាយប្រទាល។
នៅឆ្នាំ១៩៧៤ ខ្មែរក្រហមដែលចូលកាន់កាប់ក្នុងភូមិ បានជម្លៀសគ្រួសាររបស់សឿនទៅរស់នៅភូមិព្រែកឃ្លោក។ មិនយូរប៉ុន្មាន គ្រួសាររបស់សឿន បានរត់ចេញពីទីនោះ និងទៅរស់នៅម្ដុំចាក់អង្រែលើ ទីក្រុងភ្នំពេញ ដោយប្រកបរបរដាំបន្លែ និងដាក់លបត្រី។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សឿន និងក្មួយឈ្មោះ ឈួង ដែលជាអតីតទាហាន លន់ នល់ ត្រលប់មកភូមិព្រែកឃ្លោកវិញ។ នៅពេលធ្វើដំណើរទៅដល់រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ កងទ័ពខ្មែរក្រហមបានស្ទាក់ និងនាំក្មួយរបស់សឿនយកទៅមាត់ច្រាំង និងបាញ់សម្លាប់តែម្តង។ នៅពេលនោះ ប្តីរបស់សឿន បានប្រញាប់ដោះអាវទាហានដែលគាត់បានពីទាហានម្នាក់ចោល។ សឿន និយាយថា ក្មួយរបស់គាត់មិនបានពាក់អាវទាហាននោះទេ ប៉ុន្តែកងទ័ពខ្មែរក្រហមនៅតែដឹងអំពីប្រវត្តិក្មួយរបស់គាត់។ សឿន បានបីកូន ចំណែកប្តីរបស់សឿន ដឹកអង្ករ និងលប បានប្រញាប់បន្តដំណើរទៅមុខ។
នៅភូមិព្រែកឃ្លោក គ្រួសាររបស់សឿន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី ឬប្រជាជន១៧មេសា ដោយត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ និងត្រូវរស់នៅដោយឡែកពីប្រជាជនមូលដ្ឋាន។ នៅទីនោះ ខ្មែរក្រហមតែងតែចោទប្រកាន់អ្នកដែលមានជំងឺ ថាធ្វើពុត ហើយយកទៅកសាង។ ចំណែកអ្នកដែលមានជំងឺធ្ងន់ធ្ងរ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។
សឿន និយាយថា នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចែកបាយឲ្យប្រជាជនហូប ប៉ុន្តែក្រោយមក គឺមានតែបបរលាយជាមួយព្រលិត ឬពោតក្រហមប៉ុណ្ណោះ។ សឿន ត្រូវធ្វើពលកម្មតាំងពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង១០យប់ ដោយគាត់ត្រូវលើកទំនប់, ជីកប្រឡាយ និងរែកដីនៅពេលថ្ងៃ ហើយត្រូវស្ទូង និងដកសំណាបនៅពេលយប់។ ចំណែកប្ដីរបស់សឿន ត្រូវទៅភ្ជួររាស់ និងបររទេះគោនៅកោះទឹកវិល អស់រយៈពេលប្រាំបីខែ ទើបត្រលប់មករស់នៅជាមួយសឿនវិញ។
នៅថ្ងៃមួយ ឈ្លបខ្មែរក្រហមបានមកសួរនាំ និងចោទប្តីរបស់សឿនថាជាខ្មាំង និងគំរាមនាំខ្លួនយកទៅកោះគរ ដោយសារនង្គ័លរបស់គាត់បាក់ផាល។ ក្រោយមក ខ្មែរក្រហមបញ្ជាឲ្យប្តីរបស់សឿន ទៅដឹកសសរធំមួយទៅដាក់នៅរោងបាយបណ្ដាលឲ្យបាក់រទេះ ដោយសារសសរនោះមានទំហំធំ។ ឈ្លកខ្មែរក្រហមនោះ បានមកសួរនាំ និងចោទប្តីរបស់សឿនថាជាខ្មាំងម្តងទៀត។
បីថ្ងៃក្រោយមក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៧៧ ខ្មែរក្រហមបានហៅប្តីរបស់សឿន ទៅកោះគរ និងបាត់ខ្លួនរហូតមក។ សឿន និយាយថា មានប្រជាជនមូលដ្ឋានច្រណែន និងចោទប្រកាន់ប្តីរបស់គាត់ថាជាអតីតទាហានសក្ដិមួយ។
មិនយូរប៉ុន្មាន សឿន ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការនៅកោះខ្សាច់ទន្លា ដោយត្រូវដកស្ទូង និងដាំពោត។ បីក្រោយមក ខ្មែរក្រហមបានបញ្ជូនសឿនដែលជាសមាជិកកងស្រ្តីមេម៉ាយឲ្យទៅធ្វើការនៅកងពល១៥៤ នៅសៀមរាបកន្ទួត ដោយធ្វើដំណើរតាមកាណូត និងឡាន អស់រយៈពេលប្រាំបីខែ។ សឿន និយាយថា គាត់ត្រូវគាស់គល់ឈើ, ភ្ជួររាស់ និងបររទេះដឹកស្រូវ ប៉ុន្តែនៅទីនោះ គឺមានការហូបចុកគ្រប់គ្រាន់ ដោយមានបាយចំហុយ និងសាច់ជ្រូកសម្រាប់ហូប។
ក្រោយមក ខ្មែរក្រហមនៅភូមិព្រែកឃ្លោកបានស្នើឲ្យកងស្រ្តីមេម៉ាយ រួមទាំងសឿន ឲ្យត្រលប់មកធ្វើការនៅកោះខ្សាច់ទន្លាវិញ។ សឿន និយាយថា ទោះជាបីជាគាត់រងទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏គាត់ត្រូវតែតស៊ូដើម្បីបានជួបមុខកូនៗ។
នៅរបបខ្មែរក្រហម សឿន មានកូនចំនួនបាំ្រនាក់ ក្នុងនោះកូនច្បងរបស់សឿនទៅធ្វើការនៅរោងកុមារ, កូនដែលមានអាយុ៥ឆ្នាំឡើង ត្រូវទៅបោចស្មៅជាមួយគ្រូបង្រៀន និងកូនតូចត្រូវយកទៅផ្ញើជាមួយយាយនៅរោងកុមារ។ សឿន ចាំថា មានថ្ងៃមួយ កូនរបស់គាត់ម្នាក់ ត្រូវខ្មែរក្រហមកសាង ដោយសារលួចបេះសណ្តែកខ្ចី។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សឿន បានត្រលប់មកភូមិកំណើត និងធ្វើស្រែប្រវាស់ដៃក្នុងក្រុមសាមគ្គី ដើម្បីចិញ្ចឹមកូនៗ៕
សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥

