អ្នកដាំបន្លែនៅសម័យខ្មែរក្រហម

សុខ សួត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀតពីភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ឈ្មោះ សុខ សួត សព្វថ្ងៃមានអាយុ៦៦ឆ្នាំ បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម ប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាពេលចុះសួរសុខទុក្ខ។

នៅក្រោមរបបនោះ គាត់មានវ័យ២៥ឆ្នាំ ខ្មែរក្រហមឲ្យគាត់ដាំបន្លែ ដូចជា ត្រសក់ ក្រកួន ត្រប់ និងបន្លែផ្សេងៗ និងជីកដី រែកដីឲ្យបានមួយថ្ងៃ ១ គូប នៅតាមទំនប់ស្រុក។ ចំពោះការបរិភោគវិញ គឺមិនគ្រប់គ្រាន់ ដោយមានតែដើមចេក និងក្តួច លាយជាមួយអង្ករពីរទៅបីកំប៉ុង ធ្វើបបរមួយខ្ទះ គ្មានជីវជាតិនោះទេ។

គាត់ក៏ដូចអ្នកឯទៀតត្រូវធ្វើការទាំងហួសកម្លាំង។ មិនមានការហូបដំណាំតាមផ្ទះនោះទេ។ នៅពេលមួយ គាត់បានកាប់ចេកយកឲ្យកូនហូប ខ្មែរក្រហមចង់យកគាត់ទៅកសាង គាត់បានលើកឡើងថា គាត់មិនខុសនោះទេ គ្រាន់តែកាប់ចេកឲ្យកូនហូប។ បន្ទាប់មក គាត់ត្រូវបានខ្មែរក្រហមយកទៅដាក់នៅរោង។ ប្អូនរបស់គាត់ធ្វើការនៅក្នុងកងពិសេស តែសម្រាប់វិញគាត់ធ្វើការនៅក្នុងកងចល័ត។ នៅពេលមួយ គាត់បានសុំបាយក្ដាំងពីខ្មែរក្រហម តែគេមិនឲ្យហូបនោះទេ។

ចំពោះដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម គាត់ពុំបានដឹងនិងតាមដាននោះទេ ប៉ុន្តែគាត់យល់ថាបានផ្តល់យុត្តិធម៌ នឹងបានឲ្យខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រពីរបបនោះ៕

សម្ភាសន៍ដោយ ភេទ សុភីម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin