បងជីដូនមួយត្រូវបានសម្លាប់

សុខ វីន (ស្ដាំ) រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និង អុី រក្សា

(ស្ទឹងត្រែង)៖ សុខ វីន មានអាយុ៦១ឆ្នាំ មានឪពុកឈ្មោះ សុខ យ៉ង និងម្ដាយឈ្មោះ សម ទ្រព្យ និងបងប្អូនចំនួនបីនាក់។ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់​ប្រកបមុខរបរធ្វើស្រែចម្ការ។

សុខ វីន មានការចងចាំខ្លះៗពីការយាងមកដល់ភូមិអូរស្វាយ របស់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៦៨ នៅទីតាំងសាលាឆទាន ដើម្បីសម្ពោធសមិទ្ធផលដូចជា វត្តអារាម សាលរៀន មន្ទីរពេទ្យ និង ផ្សារសម្រាប់ប្រជាពល​រដ្ឋមកពីខេត្តផ្សេងៗ ដែលបានផ្លាស់ទីលំនៅមកភូមិអូរស្វាយ និងមានការចែកក្រណាត់ដល់អ្នកចូលរួមទាំងអស់។

នៅអំឡុងឆ្នាំ១៩៧០ ដោយសារសង្គ្រាម និងការទម្លាក់​គ្រាប់បែក សុខ វីន បានបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី២ នៅអាយុប្រហែល៨ឆ្នាំ។ ការទម្លាក់គ្រាប់បែកបានធ្វើឲ្យខូចខាតនូវអ្វីដែលបានកសាងពីមុនមក។ ក្រោយមក ប្រហែលឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ផ្តើមជម្លៀសឲ្យប្រជាជនរស់នៅតាមសហករណ៍ដែលនៅឆ្ងាយពីភូមិអូរស្វាយ។ សុខ វីន ត្រូវបាន​បញ្ជូនឲ្យធ្វើការ​ក្នុង​កងចល័ត និងធ្វើការងារហួសកម្លាំងៗ ដូចជាលើកដី រែកដីដាក់ទំនប់ ដោយបែកបាក់ពីគ្រួសារ និងបងប្អូន ។

នៅសម័យនោះមានការធ្វើបាប និងការបរិភោគមិនគ្រប់គ្រាន់។ ប្រជាជនត្រូវ​​បរិភោគបបរលាយជាមួយពោត ត្រកួន និងអំបិល។ សុខ វីន បានបញ្ជាក់ថា ដល់ម៉ោងធ្វើការប្រជាជនត្រូវតែធ្វើការ ខ្លះបានបាត់បង់ជីវិតដោយសារការធ្វើពលកម្មហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ ជួន​កាល​ត្រូវងើបម៉ោង៣ភ្លឺទៅធ្វើស្រែ។ វីន ត្រូវបន្តទៅលើកទំនប់នៅអូរពូក និងនៅអូររនោង និងធ្វើស្រែ គាស់គល់ឈើ នៅក្រោមកំដៅថ្ងៃ ដោយគ្មានពេលឈប់សម្រាក ដែល​ធ្វើ​ឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់​រហូត​មកដល់​បច្ចុប្បន្ន។

វីន មិនដឹងអំពីទីកន្លែងសម្លាប់មនុស្សនោះទេ។  បងប្រុសជីដូនមួយរបស់ វីន ចំនួនពីរនាក់ត្រូវបានវាយសម្លាប់ចោលដោយខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧៨ នៅពេលកំពុងលើកទំនប់ កងទ័ពដែលមករំដោះបានប្រាប់គាត់​ថាឈប់ធ្វើការ ហើយឲ្យទៅជួបជុំគ្រួសារវិញ។ វីន បានត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ ដោយដាំដំណាំក្រូច។

សុខ វីន បានឃើញថាការនេសាទដោយឧបករណ៍ឆក់ និងគ្រាប់បែកបានផ្តល់ផលប៉ះពាល់ដល់ធនធានធម្មជាតិក្នុងភូមិ និងការរស់នៅប្រចាំថ្ងៃដល់អ្នកនេសាទដោយប្រើប្រាស់សន្ទូច និងមង សម្រាប់ដាក់ទឹក។ រីន បន្តថាមានអ្នកមកពីភូមិផ្សេងបានមកនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។ វីន អំពាវអំនាវសូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលប៉ះពាល់ដល់អ្នករស់នៅជំនាន់ក្រោយ៕

សម្ភាសន៍ដោយ អុី រក្សា​ ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin