ស៊ន យ៉ាប៖ អង្គការកុហកថាសប្បាយ

ស៊ន យ៉ាប អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម យ៉ាប មានកូនចំនួន៣នាក់។ គ្រួសាររបស់យ៉ាប មិនបានរស់នៅក្នុងសហរណ៍ព្រៃក្ដីនោះទេ គឺអង្គការបញ្ជូនគាត់ទៅធ្វើការងារនៅក្បែរ បារាយទឹកថ្លា, ធម្មវិន័យ ទូលព្រះធម៌ និងនៅភាគខាងកើតខេត្តតាកែវ។ មុនពេល យ៉ាប ជម្លៀសចេញពីភូមិ អង្គការបានមកឃោសនាថា នៅទីនោះសម្បូរសប្បាយ មានអាហារហូបគ្រប់គ្រាន់។
ពេលទៅដល់សហករណ៍ថ្មី អង្គការបានចាត់តាំង យ៉ាប ឲ្យធ្វើការងារមើលកុមារតូចៗចំនួន៥ ទៅ៦នាក់ នៅក្នុងសហករណ៍ ហើយប្ដីរបស់គាត់ ត្រូវធ្វើការងារភ្ជួររាស់ និងលើកទំនប់ជីកប្រឡាយ ក្រៅសហករណ៍។ មូលហេតុដែល យ៉ាប អាចនៅមើលកុមារក្នុងសហករណ៍ ដោយសារតែគាត់មិនសូវមានកម្លាំង ហើយណាមួយបានឈ្មោះ ណាន និងពេជ ដែលទៅពីភូមិជាមួយគ្នាជាអ្នកធានា។ យ៉ាប បានបន្តថា ការងារមើលកុមារមិនសូវជាស្រួលប៉ុន្មានទេ ព្រោះកុមារយំច្រើន។ ជារៀងរាល់ថ្ងៃ យ៉ាប ត្រូវទទួលក្មេងមកមើលតាំងពីព្រលឹម រួចបញ្ចុកអាហារ រហូតដល់ព្រលប់ឡើងទើបឪពុកម្ដាយមកយកទៅផ្ទះ។ ចំណែក ការហូបអាហារវិញ យ៉ាប ទទួលបានរបបរាវៗស្ទើរតែគ្រប់ពេល និងមិនគ្រប់គ្រាន់ទេ សូម្បីតែក្មេងៗដែលគាត់មើលក៏ត្រូវអត់ឃ្លានដែរ។ នៅពេលដែលជួបការលំបាកបែបនេះ យ៉ាប បានសុំអង្គការត្រលប់ទៅភូមិព្រៃក្ដីវិញ ប៉ុន្តែត្រូវបានបដិសេធ។
ក្រោយមក យ៉ាប បានធ្វើការងារ រែកដីធ្វើផ្លូវ, លើកភ្លឺស្រែ, លើកទំនប់ និងជីកប្រឡាយ។ យ៉ាប ធ្វើការងារបានមួយរយៈ ទើបរត់ភៀសខ្លួនគេចពីទាហានរំដោះតាមការឃោសនារបស់អង្គការ។ ក្រោយមក យ៉ាប បានត្រលប់មកសហករណ៍ព្រៃក្ដីវិញ និងចាប់ផ្ដើមធ្វើខ្ទមរស់នៅ។ បន្ទាប់ពីខ្មែរក្រហមដួលរលំ គ្រួសាររបស់មិនមានអាហារគ្រប់គ្រាន់នោះទេ ព្រោះក្នុងពេលនោះនៅធ្វើស្រែរួម ចែកផល។ ក្រោយមក បន្ទាប់ពីមានស្រូវច្រើន ទើបខាងមេឃុំនាំគ្នាចែកដី និងផល ដើម្បីធ្វើស្រែរៀងខ្លួន ហើយការហូបអាហារចាប់ផ្ដើមគ្រប់គ្រាន់វិញ។
នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស យ៉ាប មានជំងឺ ឈឺក្បាលជង្គង់, ឈឺក្បាល និងវិលមុខបន្តិចបន្តួច ហើយជំងឺរបស់គាត់កើតឡើងដោយសារតែគាត់មានអាយុច្រើន។ នៅពេលដែលឈឺម្ដងៗ កូនរបស់គាត់បានទៅទិញថ្នាំពីពេទ្យឯកជនយកមកលេប។
សម្ភាសដោយ៖ កាន់ សុខភាព ថ្ងៃទី២៧ ខែកញ្ញា ២០២១
អត្ថបទដោយ៖ ភា រស្មី

