អ្នកដាំបាយក្នុងរបបខ្មែរក្រហម

(កណ្ដាល)៖ សោម យុន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ យុន មានបងប្អូនចំនួនបីនាក់ (ស្រីទាំងបី)។

យុន បានរៀបការជាមួយស្វាមីនៅក្នុងរបប លន់ នល់ និងមានកូនចំនួនបីនាក់ (ស្រីម្នាក់ និងប្រុសពីរនាក់)។ នៅពេលមានការទម្លាក់គ្រាប់បែក ប្ដីរបស់គាត់បាននាំសមាជិកគ្រួសារចូលក្នុងព្រៃ។ ឈានចូលដល់របបខ្មែរក្រហម យុន មិនត្រូវបានជម្លៀសទៅកន្លែងណាផ្សេងឡើយ។ អង្គការបានចាត់តាំងឲ្យ យុន ធ្វើការងារនៅក្នុងរោងអាហារ ជាអ្នកដាំបាយ។ ការងារជាអ្នកដាំបាយ គឺមិនសូវមានផលលំបាកប៉ុន្មានទេ មិនដូចប្រជាជនដែលធ្វើការងារនៅការដ្ឋានឡើយ។

ចំពោះការងារនៅក្នុងរបបនោះ គឺបែងចែកដាច់ពីគ្នា ដោយអ្នកដាំបាយផ្សេង អ្នកដាំស្លផ្សេង និងអ្នកចែករបបអាហារផ្សេង។ ចំពោះរបបអាហារដែល យុន ទទួលបាននៅក្នុងរបបនោះ គឺមិនមានការខ្វះខាតឡើយ។ នៅក្នុងរបបខ្មែរក្រហម យុន ត្រូវក្រោកតាំងពីម៉ោងបួនទៀបភ្លឺ ដើម្បីចេញទៅធ្វើការងារ។ ក្រៅពីការដាំបាយ យុន មានការងារបន្ទាប់បន្សំមួយទៀត គឺកាប់ឆ្ការព្រៃ។

នៅក្នុងរបបខ្មែរក្រហម មានក្រុមគ្រូពេទ្យចាំជួយព្យាបាលជំងឺរបស់ប្រជាជន ប៉ុន្តែមិនមានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលតាមជំងឺឡើយ។ ថ្នាំគ្រាប់ដែលនិយមប្រើប្រាស់នៅអំឡុងពេលនោះជាប្រភេទថ្នាំបុរាណ ដែលផលិតនៅក្នុងស្រុក មានពណ៌ខ្មៅ និងរាងមូល មានឈ្មោះថាថ្នាំអាចម៍ទន្សាយ ចំណែកឯថ្នាំចាក់គឺ ប្រើទឹកដូងជំនួសឲ្យសេរ៉ូម។ យុន បានបន្ថែមថា ម្ដាយរបស់គាត់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ដោយសារជំងឺ ហើយពេលនោះគ្មានថ្នាំសម្រាប់ព្យាបាលជំងឺទេ។

ការរៀបការនៅក្នុងរបបខ្មែរក្រហម ធ្វើឡើងជាក្រុមធំៗ ដោយរៀបចំកម្មវិធីម្ដង គឺចាប់បីប្រាំគូ រហូតដល់៥០គូ។ នៅអំឡុងពេលនោះមិនមានរៀបចំពិធីតាមបែបប្រពៃណីឡើយ គឺគ្រាន់តែឲ្យប្រជាជនអង្គុយទល់មុខគ្នា និងចាប់ដៃគ្នាឡើងប្ដេជ្ញាចំពោះមុខអង្គការ។ ប្រជាជនដែលរៀបការនៅពេលនោះភាគច្រើន គឺរៀបការដោយបង្ខំ។

នៅក្នុងរបបខ្មែរក្រហម សាសនាត្រូវបានលុបបំបាត់ មានការវាយកម្ទេចវត្តអារាម វិហារសាសនា និងព្រះពុទ្ធប្បដិមា។ បដិមាដែលត្រូវបានបំផ្លាញទាំងប៉ុន្មាននោះ ត្រូវយកទៅទម្លាក់ចោលនៅក្នុងទឹកទន្លេ។ នៅពេលនោះ ទោះបីជាវត្តអារាមមិនត្រូវបំផ្លាញ ក៏គ្មានព្រះសង្ឃប្រចាំការនៅក្នុងវត្តដែរ ព្រោះព្រះសង្ឃត្រូវចាប់ផ្សឹកឲ្យទៅធ្វើការងារដូចប្រជាជនធម្មតា។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ប្ដីរបស់ យុន បានស្លាប់ដោយសារតែជំងឺក្រពះ។ យុន ត្រូវមើលថែទាំកូនរបស់គាត់ទាំងបីនាក់តែម្នាក់ឯង។ បច្ចុប្បន្ននេះ ដោយសារភាពជរា យុន តែងតែអស់កម្លាំងល្ហិតល្ហៃ និងពិសាអាហារមិនសូវបានច្រើន៕

សម្ភាសន៍ដោយ៖ វ៉ាន សុខពៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin