សន លាជ៖ ខ្ញុំសំណាងហើយ ដែលមិនព្រមទៅតាមការកៀររបស់ខ្មែរក្រហម ឡើងទៅលើភ្នំឆ្កែកូន កុំអី ខ្ញុំមិនមានជីវិតរស់រហូតមកដល់សព្វថ្ងៃនេះទេ

ខ្ញុំឈ្មោះ សន លាជ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំមិនបានចូលសិក្សារៀនសូត្រទេ។ កាលនោះ ខ្ញុំមិនបានរស់នៅភូមិព្រៃកំពែងនេះទេ។ ខ្ញុំនិង គ្រួសារ បានរត់ទៅភូមិត្រោក ឃុំទឹកថ្លា ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ លន់ នល់ តាំងពីឆ្នាំ១៩៧២មក ហើយបានធ្វើកិច្ចការងារដូចជា ជីកអាង រែកដី មើលគោ ក្របី និងបញ្ជាន់ស្រូវ។

នៅឆ្នាំ១៩៧៥ ក្រោយខ្មែរក្រហម ទទួលបានជ័យជម្នះលើទីក្រុងភ្នំពេញ ខ្ញុំមិនបានវិលមករស់នៅភូមិកំណើតវិញទេ។ ខ្ញុំធ្វើការនៅភូមិត្រោក រហូតដល់ ខែធ្នូ ឆ្នាំ១៩៧៨ គ្រួសារខ្ញុំត្រូវបានអង្គការជម្លៀសទៅខេត្តពោធិ៍សាត់។ យើងបានឡើងកប៉ាល់ពីអ្នកលឿងទៅ រួចបន្តឡើងជិះរថភ្លើងនៅពេលយប់។ នៅវេលាម៉ោង៥ ភ្លឺ យើងបានទៅដល់ស្រុកបាកាន ខេត្តពោធិ៍សាត់។ យើងបានដើរបន្តដំណើរដោយថ្មើជើង រហូតបានមកដល់ ភូមិមួយមានឈ្មោះថា ភូមិរកា ។ គ្រួសារខ្ញុំបានសង់ខ្ទមនៅទីនោះ។ ផលវិបាក ដែលកើតមានចំពោះខ្ញុំនៅពេលនោះ គឺភាពរងារ ព្រោះ ខ្ញុំត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់នៅចំខែរងាយ ហើយ ខ្ញុំមិនមានភួយដើម្បីដណ្តប់ទេ នៅពេលនោះ។ សូម្បីតែកន្ទេលក៏មិនមានដែរ។ ពេលនោះ មានត្រឹមតែធាងដូង យកក្រាលដេកប៉ុណ្ណោះ។ ផលវិបាកចំពោះខ្ញុំមួយទៀត គឺការហូបចុកពុំបានគ្រប់គ្រាន។ ខ្ញុំមានអារម្មណ៍ឈឺចាប់ ព្រោះអង្គការឲ្យហូបមិនឆ្អែត ហើយប្រើឲ្យយើងធ្វើពលកម្មឥតឈប់ឈរទៀត។ ទោះបីជាមានអារម្មណ៍មិនល្អ ក៏មិនដឹងធ្វើយ៉ាងណា ព្រោះយើងគ្រាន់តែជារាស្ត្រធម្មតា មិនអាចតវ៉ាអ្វីបានទេ។ ខ្ញុំត្រូវបានអង្គការប្រើឲ្យបញ្ជាន់ស្រូវ ជាមួយក្មេងឯទៀត(ឈរកាន់ដៃគ្នាជារង្វង់ រួចនាំគ្នាជាន់)ទាំងយប់ទាំងថ្ងៃ។

ការមកដល់ខេត្តពោធិ៍សាត់ ខ្ញុំបានជួបរឿងជាច្រើន ហើយឃើញជាក់ស្តែងផ្ទាល់ភ្នែកតែម្តង ។ មានពេលមួយ ខណៈពេលដែលខ្ញុំកំពុងបញ្ជាន់ស្រូវ មានពូម្នាក់មានវ័យប្រហែលជា៣០ឆ្នាំជាង ប៉ុន្តែខ្ញុំមិនស្គាល់គាត់ទេ។ គាត់មានរូបកាយស្គមស្គាំង ទំនងមិនមានអ្វីហូបចុកគ្រប់គ្រាន់ ហើយធ្វើការហួសកម្លាំង។ គាត់បោកស្រូវសុខៗ ស្រាបតែទន់ខ្លួនដួលព្រឹប ទៅនឹងដី ប៉ុន្តែគាត់មិនទាន់ស្លាប់ទេ។ គាត់នៅមានដង្ហើមតិចៗ។ ខាងឈ្លប មកដល់ភ្លាម បានអូសគាត់យកទៅចោលនៅក្នុងព្រៃបាត់។ គ្មាននរណាម្នាក់ហ៊ាននៅឈរមើលគាត់ទេ។ ម្នាក់ៗនៅធ្វើការរៀងខ្លួន។ ក្រោយមកក៏មានអ្នកទន់ខ្លួនដួលស្លាប់នៅកន្លែងធ្វើការអ៊ីចឹងទៀត ហើយឈ្លប បានមកអូសអ្នកទាំងនោះចេញទៅកប់នៅក្នុងព្រៃ ដូចអ្នកមុនអ៊ីចឹងទៀត។ មនុស្សចំនួន៣នាក់ហើយ ដែលបានស្លាប់ ខណៈពេលដែលគាត់កំពុងតែធ្វើការដូច្នេះ។

លើសពីនេះទៅទៀត ខ្ញុំបានឃើញផ្ទាល់ភ្នែក និងជាក់ស្តែងចំពោះការសម្លាប់មនុស្សដោយអា-ក នឹងធាងត្នោត។ លោកពូម្នាក់ គាត់មានរូបរាងស្អាត ហើយខ្ពស់។ គាត់ទំនងជាអ្នកធ្វើការងារធំ​(ថ្នាក់មជ្ឈិម) នៅរាជធានីភ្នំពេញ ព្រោះគាត់ស្លៀកពាក់ស្អាតបាត មានទីនុយអាវខ្មៅ ពាក់មួក ស្បែកជើង និងមានក្រមាពណ៌ក្រហម។ ក្រោយបែកទីក្រុងភ្នំពេញ គាត់បានមកតាមរកប្រពន្ធរបស់គាត់ ដែលត្រូវបានអង្គការជម្លៀសមកខេត្តពោធិ៍សាត់នេះ។ គាត់បានមកស្វែងរកប្រពន្ធនៅក្នុងភូមិរកានេះ ក៏ត្រូវបានឈ្លបចាប់ខ្លួនបាន ហើយចងស្លាបសេក បណ្តើរមកស្រះ ខាងក្រោយផ្ទះរបស់ខ្ញុំ រួច អាក គាត់ទៅនឹងធាងត្នោត ទម្លាក់ចូលស្រះនោះ។ ឪពុកម្តាយ និង បងប្អូនរបស់ខ្ញុំមិនហ៊ានមើលនោះទេ ព្រោះខ្លាចគេយកទៅសម្លាប់ចោលដែរ។ មុនពេលស្លាប់ ពូម្នាក់នោះ ត្រូវបានឈ្លប ចាប់សម្រាត ខោអាវ, មួក, ស្បែកជើង, ក្រមា អស់រលីង នៅសល់តែ ខោខ្លី។ ឈ្លបនោះ និយាយថា មានតែហែងនេះហើយ ដែលជាអ្នកបំផុសបំផុលថាយួនចូលមកដល់ទីនេះ ធ្វើឲ្យប្រជាជនបែកអារម្មណ៍ធ្វើការ។ ពូម្នាក់នោះ បានស្រែកប្រាប់ឲ្យអ្នកភូមិជួយគាត់ផង ប៉ុន្តែមិនមាននរណា ហ៊ានជួយគាត់ទេ។​ ជាចុងក្រោយ ឈ្លបនោះបានប្រកាសបែបនេះទៀតថា៖ “សូមបងប្អូនកុំយកតម្រាប់តាមវា ព្រោះពួកវាជាខ្មាំង សូមបងប្អូនធ្វើការរៀងខ្លួនចុះ”។ ឈ្លបនោះតូចពិតមែន មិនធំទេ ស្ពាយកាំភ្លើងអូសដី ប៉ុន្តែគេជិះសុទ្ធតែសេះ។ រាល់យប់ឈ្លបនោះតែជិះសេះ មកស្តាប់នៅតាមផ្ទះប្រជាជនថាមាននិយាយអ្វីឬអត់។ អ្នកខ្លះគ្រាន់តែឃើញឈ្លបនោះមកដល់ភ្លាម ភ័យឡើងរាគនោមដាក់ខោក៏មាន។

ប្រហែលជាពាក់កណ្តាល ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាម បានចូលមកដល់ភូមិដែលខ្ញុំរស់នៅ។ គ្រាន់តែឮសម្លេងគ្រាប់ផ្លោងភ្លាម ម្នាក់ៗ យំឲ្យទ្រហឹង ដូចចាបចូលសម្បុក។ ខណៈពេលនោះ ប្រធានៗ បានកៀរប្រជាជនទាំងអស់ឡើងទៅលើភ្នំឆ្កែកូន ហើយបានប្រាប់ថាមានទទួលនំបញ្ចុក សម្លការី សាច់គោ សាច់ក្របី នៅទីនោះ។ ប្រជាជនជាច្រើន ត្រូវបានខ្មែរក្រហម កៀរទៅទីនោះ។ ប៉ុន្តែប្រជាជនមិនទាន់បានហូបនំបញ្ចុកទេ គ្រាន់តែទៅដល់ទីតាំងភ្លាម ឈ្លបទាំងនោះ ចាប់ផ្តើមវាយទម្លាក់ប្រជាជនចូលទៅក្នុងរណ្តៅតែម្តង ក្នុងនោះ ក៏មានមិត្តភក្តិរបស់ខ្ញុំម្នាក់ដែរ ឈ្មោះ ស្រី។ មិត្តខ្ញុំបាននិយាយថា៖ ឈ្លបនោះ បានចាក់គាត់ត្រង់ នឹងចំពុះទង់ (ត្រង់ចំណុច-ក មានស្នាមរហូតមកដល់ឥឡូវ) ហើយបានកប់គាត់ជាមួយខ្មោចជាច្រើនទៀត ប៉ុន្តែគាត់នៅមិនទាន់ស្លាប់នៅឡើយ គាត់គ្រាន់តែសន្លប់។ បន្ទាប់ពីគាត់ដឹងខ្លួនឡើង គាត់បានរើខ្លួនចេញពីរណ្តៅនោះ។ គាត់បាននិយាយបន្តថា៖ ពេលនោះគាត់វង្វេងវង្វាន់អស់ហើយ មិនដឹងថាគាត់កំពុងតែនៅភូមិណានោះទេ។ គាត់ចេះតែដើរមករហូតបានជួបជាមួយមីងគាត់វិញ និងបានជួបជាមួយខ្ញុំនៅតាមផ្លូវ។ ចំណែកឯខ្ញុំវិញ ខ្ញុំសំណាងណាស់ ដែលមិនព្រមទៅតាមការកៀររបស់ខ្មែរក្រហម ឡើងទៅលើភ្នំឆ្កែកូន កុំអី ខ្ញុំមិនមានជីវិតរស់នៅរហូតមកដល់សព្វថ្ងៃនេះទេ។ ខ្ញុំ បានមករកឪពុកម្តាយខ្ញុំឃើញ វិញ។ ដោយសារមីងរបស់មិត្តភក្តិខ្ញុំចេះភាសាវៀតណាម គាត់ក៏បានសុំវៀតណាម ជិះឡានមកជាមួយ ហើយគ្រួសារខ្ញុំក៏បានជិះឡាយជាមួយវៀតណាមដែរ រហូតបានមកដល់ផ្ទះ។

សរសេរអត្ថបទដោយ៖ ថុន ស្រីពេជ្រ

កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin