វត្តអារាមត្រូវបានលុបបំបាត់
(កណ្ដាល)៖ ខ្មែរក្រហម បានលុបបំបាត់វត្តអារាម មិនឲ្យប្រជាជនគោរពប្រណិប័តន៍សាសនាឡើយ។ សូត្រ សម្បត្តិ ភេទស្រី កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៥១ មានអាយុ៧៣ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅឃុំលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នៅអំឡុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥ សម្បត្តិ មានអាយុ២៥ឆ្នាំ។ ពេលនោះ សម្បត្តិ នៅលីវ គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី។ នៅក្នុងកងចល័ត រាល់ខែប្រាំង អង្គការបានចាត់តាំងឲ្យប្រជាជនកាប់ដីធ្វើប្រឡាយ ចំណែកឯ សម្បត្តិ ត្រូវ អង្គការចាត់តាំងឲ្យ ធ្វើជើងទេទំនប់ឲ្យដីហាប់។ នៅខែវស្សា ប្រជាជនត្រូវកាប់ដីដើម្បីស្ទូងស្រូវ។
របបអាហារ គឺមានភាពខ្វះខាតច្រើន។ ប្រជាជនស្ទើរតែទាំងអស់ តែងតែត្អូញត្អែរពីរបបអាហារដែលហូបមិនគ្រប់គ្រាន់។ សម្បត្តិ បាននិយាយថា អង្គការបានបែងចែកមនុស្សជាក្រុម ហើយត្រូវមានអ្នកតំណាងម្នាក់ឡើងទៅយកបាយ និងសម្លទៅចែកគ្នា។ នៅក្នុងមួយថ្ងៃប្រជាជនទទួលបានអាហារ២ពេល ពេលថ្ងៃត្រង់ និងពេលល្ងាច។ ឈានចូលដល់ឆ្នាំ១៩៧៨ អង្គការផ្ដល់អាហារ៣ពេលក្នុង១ថ្ងៃ។
ដោយសារតែធ្វើការងារហួសកម្លាំង សម្បត្តិ បានឈឺសន្លប់នៅសហករណ៍។ អង្គការបានអនុញ្ញាតឲ្យគាត់ឈប់សម្រាក១រសៀល។ បន្ទាប់ពីសម្រាកស្រួលខ្លួនវិញហើយ ស្អែកព្រឹកឡើងគាត់ត្រូវទៅធ្វើការបន្តទៀត។ គាត់មិនហ៊ានឈប់សម្រាកយូរទេ ព្រោះខ្លាចអង្គការបង្អត់អាហារ និងចោទប្រកាន់គាត់ថាធ្វើពុតឈឺមិនទៅធ្វើការ។
ការសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម គឺមានភាពលាក់កំបាំងពីភ្នែកប្រជាជន។ អង្គការ បានប្រើហេតុផលផ្សេងៗគ្នា ដើម្បីចាប់ប្រជាជនទៅ។ អ្នកខ្លះត្រូវអង្គការប្រាប់ថានាំទៅទប់ទឹក, កាប់ឫស្សី, កាប់រំពាក់ និងការងារជាច្រើនផ្សេងទៀត។ នៅពេលដែលចាប់យកម្នាក់ទៅ កងឈ្លបបានធ្វើទារុណកម្មសួរចម្លើយ ដើម្បីដឹងថាមានប្រជាជនប៉ុន្មាននាក់នៅក្នុងសហករណ៍មានតួនាទីជាមន្រ្តីរាជការ និងទាហាន លន់ នល់។ ក្នុងករណីមានការឆ្លើយដាក់គ្នា នោះកងឈ្លប នឹងមកចាប់ខ្លួនយកទៅជាបន្តបន្ទាប់។
វត្តអារាមត្រូវបានវាយកម្ទេចចោល ឬយកធ្វើជាឃ្លាំងសម្រាប់ដាក់សម្ភារផ្សេងៗ។ មិនត្រឹមតែសាសនា វិស័យអប់រំក៏ដូចគ្នាដែរ ខ្មែរក្រហម បានស្រាវជ្រាវស្វែងរកអ្នកមានចំណេះដឹង ដើម្បីសម្លាប់ ព្រោះខ្មែរក្រហមមិនចូលចិត្តអ្នកចេះដឹងឡើយ។ នេះគឺដោយសារតែខ្មែរក្រហមបានគិតថា អ្នកដែលមានចំណេះដឹងទាំងនោះគឺជា ពួកនាយទុន សក្ដិភូមិ តែងតែកេងប្រវ័ញ្ចគាបសង្កត់អ្នកក្រ។
មកទល់ពេលបច្ចុប្បន្ន សម្បត្តិ មានជំងឺខ្សោយកម្លាំង និងខ្យោយបញ្ញា ដោយសារតែនៅក្នុងរបបខ្មែរក្រហម គាត់ត្រូវធ្វើការងារធ្ងន់ៗ សម្រាកមិនគ្រប់គ្រាន់។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ សម្បត្តិ មានបំណងចង់សិក្សាបន្ថែម ព្រោះតែនៅក្នុងរបបខ្មែរក្រហមគាត់មិនបានរៀនសូត្រនោះទេ ប៉ុន្តែគាត់មិនអាចចាប់បានមេរៀនដែលគាត់បានរៀនឡើយ ដោយសារតែមានបញ្ហាខ្សោយបញ្ញា។ គាត់បានផ្ដាំផ្ញើដល់ក្មេងៗជំនាន់ក្រោយឲ្យខិតខំសិក្សារៀនសូត្រ ឲ្យមានចំណេះដឹងជ្រៅជ្រះ កុំឲ្យដូចជារូបគាត់៕
សម្ភាសន៍ដោយ៖ កេត ស្រីនុត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥