សយ ចន្ថន៖ បាត់បង់សាច់ញាតិជិត២០នាក់

សយ ចន្ថន រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ សយ ចន្ថន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ចន្ថន រស់នៅនិងមានភូមិកំណើតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចន្ថន មានបងប្អូនចំនួន៤នាក់។ នៅរបបខ្មែរក្រហម ចន្ថន បានបាត់បង់សាច់ញាតិជិត២០នាក់ រួមទាំងប្អូនប្រុសម្នាក់របស់គាត់។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ចន្ថនចេញពីទីក្រុងភ្នំពេញ។ គ្រួសាររបស់ចន្ថន ត្រូវទៅរស់នៅភូមិព្រែកហង់ ស្រុកកោះធំ ខេត្តកណ្ដាល។ មួយសប្តាហ៍ក្រោយមក ខ្មែរក្រហមជម្លៀសគ្រួសាររបស់ចន្ថនទៅកោះធំ។ មួយខែក្រោយមកទៀត ខ្មែរក្រហមជម្លៀសគ្រួសាររបស់ចន្ថនទៅរស់នៅភូមិកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ គ្រួសាររបស់ចន្ថន ដែលខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី ត្រូវបានប្រជាជនចាស់រើសអើង និងដៀលត្មះ។ នៅទីនោះ ឪពុករបស់គាត់ធ្វើជាជាងដំដែក ធ្វើញញួរ និងពូថៅ។ ចំណែកម្ដាយរបស់គាត់ត្បាញកន្ទេល។ ចន្ថន ដែលមានអាយុប្រហែល១០ឆ្នាំ ត្រូវធ្វើការនៅក្នុងអង្គភាពដើមពោធិ៍បីដើម។ ខ្មែរក្រហមមិនឲ្យ ចន្ថន រស់នៅជួបជុំជាមួយឪពុកម្ដាយរបស់គាត់នោះទេ។ ចន្ថន និយាយថា នៅអង្គភាពដើមពោធិ៍បីដើម មានរោងចំនួនពីរសម្រាប់ស្នាក់នៅ គឺរោងខាងលិចសម្រាប់កងកុមារី និងរោងខាងកើតសម្រាប់កងកុមារា។

ក្រោយមក ខ្មែរក្រហមបានជម្លៀសចន្ថនឲ្យទៅធ្វើការនៅភូមិអន្លង់សារ និងនៅភូមិព្រៃមាន់។ ជារៀងរាល់ថ្ងៃ ចន្ថន ត្រូវជញ្ជូនកណ្ដាប់ស្រូវ និងច្រូតស្រូវ។ ចន្ថន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ហើយគាត់ទទួលបានតែបបរលាយជាមួយដំឡូង, ក្តួច, ត្រកួន ឬគល់ចេកប៉ុណ្ណោះ។ នៅពេល ចន្ថន មានជំងឺ គាត់ទទួលបានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។ ចន្ថន និយាយថា គាត់ឃើញគ្រួសារជាប់សែស្រឡាយចិនមួយគ្រួសារ ដែលរត់ចេញពីភូមិ ត្រូវបានខ្មែរក្រហមចាប់ខ្លួនបាន និងសម្លាប់ទាំងគ្រួសារ។

ចន្ថន ឃើញខ្មែរក្រហមសម្លាប់មនុស្សដោយផ្ទាល់ភ្នែក។ ចន្ថន បន្តថា កូនស្រីរបស់ថៅកែម្នាក់ ឈ្មោះ ចែហេង ត្រូវបានខ្មែរក្រហមវាយសម្លាប់ដោយត្បូងចប ហើយខ្មែរក្រហមរុញទម្លាក់ចូលរណ្តៅ និងកប់ទាំងរស់។ ក្រៅពីនេះ នៅពេលខ្មែរក្រហមហៅស្ត្រីម្នាក់ដែលរស់នៅជិតផ្ទះរបស់ចន្ថនទៅកសាង ស្រ្តីនោះបានស្រែកថា “បងប្អូនអើយ ខ្ញុំលាហើយ!”។ ចន្ថន ចងចាំថា ចាប់តាំងពីថ្ងៃនោះមក គាត់មិនដែលឃើញស្រ្តីម្នាក់នោះទេ។

ចន្ថន និយាយថា បីថ្ងៃមុនរបបខ្មែរក្រហមដួលរលំ ចន្ថន បានសម្រេចចិត្តលួចទៅជួបម្ដាយរបស់គាត់។ នៅខែមករា ឆ្នាំ១៩៧៩ គ្រួសាររបស់ចន្ថន បានធ្វើដំណើរត្រលប់មករស់នៅភូមិកំណើតវិញ ដោយគាត់ឆ្លងកាត់ស្រុកស្គន់។ នៅពេលមកដល់ក្រុងតាខ្មៅ ចន្ថន ប្រកបរបរជាអ្នកលក់បន្លែ។ ជាចុងក្រោយ ចន្ថន និយាយថា របបខ្មែរក្រហម ធ្វើឲ្យជីវិតរបស់គាត់រងទុក្ខវេទនា៕

សម្ភាសន៍ដោយ​ ស៊ុង ស្រីហួន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin