ចាត់ទុកអង្គការជាធំ

ស្រី ទុង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ក្នុងវ័យ ៧៤ឆ្នាំ ស្រី ទុង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរៀបរាប់ពីអ្វីដែលកើតឡើងនាសម័យនោះ នៅគេហដ្ឋានរបស់គាត់ផ្ទាល់ ឲ្យអ្នកស្ម័គ្រកម្ពុជា ដែលជាអ្នកជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃប្រទេសកម្ពុជា។ ស្រី ទុង រស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ សព្វថ្ងៃគាត់មិនបានប្រកបមុខរបរអ្វីនោះទេ ដោយសារភាពចាស់ជរា។

ការហូបចុកនារបបនោះ មានតែបបរផិ ដូចបាយជ្រូក លាយជាមួយគល់ចេក គល់ល្ហុង មួយថ្ងៃពីរពេល។ ប្រជាជនតម្រូវឲ្យស្លៀកពាក់ពណ៌ខ្មៅ ដែលបានមកពីសហគមន៍មួយឆ្នាំបើកម្តង។ ស្រី ទុង តម្រូវឲ្យធ្វើទំនប់ ធ្វើការងារនៅផ្ទះបាយ ស្ទូងស្រូវនាពេលយប់ ដោយមានការឃ្លាំមើលយ៉ាងតឹងតែងពីខ្មែរក្រហម និងការដាក់ទារុណកម្មជាដើមសម្រាប់អ្នកដែលខ្ជិល។

ពេលឈឺគ្រុនម្តងៗ មានតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ការព្យាបាលជំងឺសឹងទាំងអស់ ជួនកាលមានប្រសិទ្ធិភាព ឬគ្មានប្រសិទ្ធិភាពសម្រាប់ជំងឺធ្ងន់ធ្ងរ អ្នកខ្លះបានបាត់បង់ជីវិតក៏មាន។ គាត់បានរៀបរាប់ពី​ការចាប់បង្ខំឲ្យមានការយកប្តីប្រពន្ធ ដោយការមិនពេញចិត្ត តែអ្នកទាំងនោះមិនហ៊ាននិយាយ មិនហ៊ានប្រកែក ដោយម្តងនោះ គាត់ឃើញមាន ១០ គូ។

ឪពុកម្តាយ តម្រូវឲ្យហៅមីងពូ ដោយគោលបំណងមិនឲ្យក្រុមគ្រួសារទទួលស្គាល់គ្នា ហើយចាត់ទុកអង្គការជាធំ។ ការកាប់សម្លាប់ប្រជាពលរដ្ឋនាសម័យនោះកើតឡើងដោយភាពយុត្តិធម៌។ ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្រោយសម័យខ្មែរក្រហម គាត់មិនសូវបានដឹងពីដំណើរការកាត់ទោសនោះទេ។ អ្វីដែល ស្រី ទុង មិនពេញចិត្តនឹងរបបនោះគឺ អ្វីៗដែលគាត់បានបង្កបង្កើនផង មិនត្រូវបានឲ្យបរិភោគនោះទេ។ សព្វថ្ងៃស្ថិតក្នុងវ័យចាស់ជរា មានជំងឺប្រចាំកាយ​ ការរៀបរាប់ពីប្រវត្តិផ្ទាល់របស់គាត់បានចូលរួមក្នុងកិច្ចការប្រវត្តិសាស្ត្រ ដើម្បីឲ្យអ្នកជំនាន់ក្រោយបានដឹង និងបានយល់ពីរបបកម្ពុជាប្រជាធិបតេយ្យ៕

សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin