ប្រសិនបើឈឺ អត់បាយហូប

(តាកែវ) ៖ ស៊ូ ហឿង ភេទស្រី មានអាយុ៧០ឆ្នាំ ទីកន្លែងកំណើតនៅក្នុងភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែល២៥ឆ្នាំ។ គាត់បានចងចាំរឿងរ៉ាវជាច្រើនដែលគាត់បានឆ្លងកាត់របបខ្មែរក្រហម ដែលឃោរឃៅ និងបានធ្វើបាបប្រជាជនស្លូតត្រង់ជាច្រើន។ អង្គការបានជម្លៀសប្រជាជនទៅធ្វើការងារនៅតាមតំបន់ជាច្រើន។ ពេលខ្លះ ម៉ោងបីជិតភ្លឺ ពេលខ្លះម៉ោងប្រាំពីរព្រឹក អង្គការបានឲ្យប្រជាជនចេញទៅធ្វើការ។ នៅក្នុងរបបខ្មែរក្រហម គាត់ធ្វើការនៅក្នុងកងនារីចល័ត។

អង្គការបានប្រើឲ្យគាត់ជីកព្រែក ជីកប្រឡាយ បោចស្មៅ និងធ្វើស្រែចម្ការ។ រដូវវស្សា អង្គការឲ្យគាត់បោចស្មៅនៅទួលលង្ការ រដូវប្រាំងអង្គការប្រើឲ្យជីកព្រែក និងជីកប្រឡាយ។ ពេលនោះម្ដាយឪពុករបស់ ហឿង មានវ័យចំណាស់ ដូចនេះអង្គការមិនសូវប្រើឲ្យធ្វើការធ្ងន់ៗនោះទេ។ អង្គការដាក់បញ្ចូលម្ដាយរបស់គាត់ក្នុងកងនារីដែលមានវ័យចំណាស់។ ម្ដាយរបស់ ហឿង ត្រូវរែងអង្ករទុកសម្រាប់ដាំបាយ និងបបរ។ ចំណែកឪពុករបស់គាត់ អង្គការបានឲ្យដាំបន្លែ និងបេះបន្លែ ផ្លែឈើផ្សេងៗ។

របបអាហារ

ចំពោះរបបអាហារនៅក្នុងរបបខ្មែរក្រហម ហឿង បាននិយាយថា មិនមានអាហារសម្រាប់បរិភោគបានគ្រប់គ្រាន់នោះទេ។ ប្រជាជនម្នាក់ទទួលបានតែបបរសរាវបីវែក លាយជាមួយសម្លត្រកួន និងព្រលឹត។ ពេលឈឺស្កាត់ ប្រជាជនមិនទទួលបានការមើលថែព្យាបាលនោះទេ។ ពេទ្យផ្ដល់ឲ្យអ្នកជំងឺ ត្រឹមតែថ្នាំអាចម៍ទន្សាយមួយគ្រាប់ប៉ុណ្ណោះ។

គាត់បាននិយាយថា ទោះជាជំងឺនោះមានស្ថានភាពធ្ងន់ ឬស្រាល ក៏អង្គការឲ្យលេបថ្នាំនោះដែរ គឺមិនមានថ្នាំពេទ្យសម្បូរបែបដូចជាពេលបច្ចុប្បន្ននេះទេ។ ពេលគាត់ឈឺ គាត់មិនដែលហ៊ានត្អូញត្អែរ ព្រោះខ្លាចអង្គការចោទថាគាត់ខ្ជិល គេចពីការធ្វើការ និងខ្លាចអង្គការបង្អត់អាហារ។ អង្គការបានប្រើឲ្យប្រជាជនធ្វើការងារទាំងឈឺ មិនអនុញ្ញាតឲ្យឈប់ឡើយ ទាល់តែជំងឺនោះធ្ងន់ធ្ងរទើបអង្គការឲ្យឈប់សម្រាកចំនួន១-២ថ្ងៃ។

ក្នុងរបបខ្មែរក្រហម ការរស់នៅរបស់ប្រជាជនមានភាពលំបាកវេទនា ជូរចត់ណាស់ ព្រោះមិនបានរស់នៅជួបជុំគ្រួសារ។ គ្រួសារត្រូវរស់នៅតាមសហករណ៍ផ្សេងៗគ្នាដែលអង្គការបានរៀបចំ។ សម្រាប់សម្លៀកបំពាក់ មួយឆ្នាំអង្គការផ្ដល់ឲ្យត្រឹមមួយសម្រាប់ប៉ុណ្ណោះ។ ពេលមានការដាច់ ឬរហែកត្រូវរកកំណាត់មកប៉ះ ដើម្បីបានស្លៀកបន្តទៀត។

គាត់បាននិយាយថា ពេលកងទ័ពខ្មែរក្រហមមិនទាន់បានចូលកាន់កាប់អំណាច គ្រួសាររបស់គាត់មានទ្រព្យសម្បត្តិគួរសម ប៉ុន្តែនៅពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាច ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានត្រូវដាក់ជារបស់រួមទាំងអស់។

ពេលដែលកងទ័ពវៀតណាមបានចូលក្នុងប្រទេសកម្ពុជា អង្គការបានជម្លៀសប្រជាជនឲ្យទៅដល់តំបន់មួយដែលនៅខាងជើងផ្លូវជាតិលេខ៤។ ដោយមិនមានកន្លែងទៅមុខបន្តទៀតកងទ័ពខ្មែរក្រហម ក៏បានទុកប្រជាជនដែលជម្លៀសទៅទាំងប៉ុន្មានចោល ហើយបានរត់ចូលក្នុងព្រៃយករួចខ្លួនបាត់ទៅ។ បន្ទាប់ពីនោះកងទ័ពវៀតណាមបានឲ្យគាត់វិលត្រឡប់ទៅកាន់ស្រុកកំណើត ហើយគាត់បានរស់នៅជួបជុំជាមួយនឹងឪពុកម្ដាយ ព្រមទាំងបងប្អូនរបស់គាត់ជាថ្មីម្ដងទៀត៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin