សួង សុខជា៖ បាត់បង់ប្ដី និងកូនស្រីម្នាក់

នៅក្នុងសម័យខ្មែរក្រហម អង្គការកុហក សុខជា ថាយកប្ដីទៅរៀនសូត្រ ប៉ុន្តែការពិតយកទៅសម្លាប់នៅភ្នំរង្វិចរង្វាល ខេត្តកំពត។ ចំណែកកូនច្បងរបស់គាត់ ដែលបានបែកចេញពីម្ដាយឪពុកទៅធ្វើការងារក្នុងកងចល័ត ហើយក្រោយមកធ្លាក់ខ្លួនឈឺស្លាប់នៅក្នុងមន្ទីរពេទ្យស្រុក។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់គ្រួសារសុខជា នៅក្នុងរបបខ្មែរក្រហម៖
សួង សុខជា ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សុខជាឈ្មោះ ម៉ម សួង ហើយម្ដាយឈ្មោះ ធូរ ខៀវ និងមានបងប្អូន២នាក់។ បងប្រុសរបស់សុខជាស្លាប់នៅឆ្នាំ១៩៧០ ដោយសារត្រូវគ្រាប់។ សុខជា មានប្ដីឈ្មោះ នុត សាន និងមានកូនចំនួន៦នាក់(ស្រី៤នាក់)។ កាលពីក្មេង សុខជា បានចូលរៀនដំបូងនៅក្នុងសាលាវត្តអង្គរុន រួចបន្តការសិក្សានៅសាលាបាទី រហូតដល់ប្រឡងជាប់ឌីប្លូម។ បន្ទាប់ពីឈប់រៀន សុខជា មានបំណងដាក់ប្រឡងចូលផ្នែកសង្គមកិច្ច ព្យាបាលអ្នកជំងឺ ប៉ុន្តែដោយសារគាត់ខ្លាចទើបឈប់ដាក់ពាក្យវិញ។ មួយឆ្នាំក្រោយមក សុខជា បានរៀបការជាមួយឈ្មោះ នុត សាន ជាប៉ូលីស និងមានបំណងធ្វើជាគ្រូបង្រៀន ប៉ុន្តែដោយសារតែ សាន បដិសេធ ទើបមិនបានបង្រៀនវិញ។ សាន និយាយថា ប្រសិនបើសុខជា ចូលធ្វើជាគ្រូបង្រៀន គាត់សុខចិត្តឈប់ធ្វើជាប៉ូលីសមកនៅផ្ទះ។
នៅក្នុងសម័យ លន់ នល់ សុខជា មានកូន២នាក់ ហើយកូនច្បងរស់នៅជាមួយម្ដាយឪពុកនៅខេត្តតាកែវ ហើយម្នាក់ទៀតរស់ជាមួយគាត់ និងប្ដី នៅបឹងត្របែក ជិតផ្សារទួលទំពូង ទីក្រុងភ្នំពេញ ក្បែរផ្ទះលោក ស៊ិន ស៊ីសាមុត។ នៅទីក្រុងភ្នំពេញ ខ្មែរក្រហមបានផ្លោងគ្រាប់បែកពីជ្រោយបទុម ទៅធ្លាក់នៅបឹងទំពុន។ ដើម្បីការពារខ្លួនប្រជាជនក្នុងសម័យនោះ បានជីកលេណដ្ឋាននៅក្រោមផ្ទះ ព្រោះនៅពេលដែលគ្រាប់បែកផ្លោងធ្លាក់ត្រូវម្ដងៗគឺខ្ទេចតែផ្ទះប៉ុណ្ណោះ ហើយមនុស្សនៅក្នុងលេណដ្ឋានមានសុវត្ថិភាព។
នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់ អង្គការបានជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ។ ក្នុងពេលជម្លៀស សុខជា បានធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះ កាត់តាមជ្រៃបទុម ទៅខេត្តតាកែវ។ នៅតាមផ្លូវធ្វើដំណើរ សុខជា ត្រូវបីកូនង៉ែតដែលទើបតែកើតបានកន្លះខែម្នាក់ រួមជាមួយបង្វិចខោអាវបន្តិចបន្តួច ហើយសម្ភារៈផ្សេងៗទៀតត្រូវផ្ញើតាមរទេះឪពុកធម៌។ សុខជា បានចំណាយ៣ថ្ងៃ ក្នុងការដើរពីភ្នំពេញ ទៅដល់ភូមិត្រពាំងក្រសាំង ហើយជើងរបស់គាត់មានសភាពហើមខ្លាំង។ ពេលមកដល់ភូមិត្រពាំងក្រសាំង គ្រួសារសុខជា បានធ្វើខ្ទមរស់នៅជិតឪពុកម្ដាយ រួចចេញទៅធ្វើការងារផ្សេងគ្នា ដោយសុខជា និងប្ដីធ្វើការងារ ជីកព្រែក, រែកដី, ទូលដីល្បប់, ធ្វើជី និងកាប់ស្លឹកឈើយកមកធ្វើជី ក្បែរភូមិ ហើយកូនស្រីរបស់ច្បងរបស់គាត់ អង្គការចាត់តាំងឲ្យទៅក្នុងកងចល័តនារី រួចទៅធ្វើការងារឆ្ងាយពីសហករណ៍ និងកូនតូចពីរនាក់របស់គាត់ រស់នៅជាមួយឪពុកម្ដាយ។ នៅក្នុងកងចល័ត នៅពេលដែលកូនច្បងរបស់សុខជា ធ្លាក់ខ្លួនឈឺធ្ងន់ អង្គការបានបញ្ជូនគាត់យកទៅព្យាបាលនៅមន្ទីរពេទ្យឃុំ។ ប៉ុន្តែដោយសារតែអាការៈជំងឺកាន់តែធ្ងន់ ទើបអង្គការបញ្ចូនកូនរបស់គាត់បន្តទៅព្យាបាលនៅពេទ្យស្រុក និងបាត់បង់ជីវិតនៅទីនោះ។
បន្ទាប់មក អង្គការបានចាប់ប្ដីរបស់សុខជា យកទៅរៀនសូត្រ ប៉ុន្តែការពិតយកទៅបាញ់សម្លាប់នៅភ្នំរង្វិចរង្វាល ខេត្តកំពត។ ចំណែក សុខជា អង្គការបានបញ្ជូនទៅទៅធ្វើការងារតាមកងនៅជ្រៃពព្នៅ តំបន់៥៥។ នៅតំបន់ថ្មី សុខជា ធ្វើការងារធ្ងន់ៗជាងមុន ហើយមិនមានអាហារហូបនោះទេ ព្រោះក្នុងមួយពេល អង្គការរៀបចំដាំបបរមួយខ្ទះដាក់អង្ករចំនួន៣កំប៉ុង លាយជាមួយបន្លែ ដើម្បីយកទៅចែកឲ្យប្រជាជនម្នាក់ៗបានបបររាវមួយកា។ នៅចុងឆ្នាំ១៩៧៨ កូនរបស់សុខជា បានធ្លាក់ខ្លួនឈឺខ្លាំង ស្ទើរតែបាត់បង់ជីវិតម្នាក់ទៀត ប៉ុន្តែសំណាងល្អមានកងទ័ពរណសិរ្សរំដោះជាតិម្នាក់ ដែលជាអ្នកស្គាល់គ្នាជាមួយ សុខជា កាលពីមុនចូលមកផ្ដល់ថ្នាំឲ្យលេបទាន់ពេលវេលា ទើបជាសះស្បើយ។
នៅពេលខ្មែរក្រហមដួលរលំ សុខជា ត្រលប់មកភូមិត្រពាំងក្រសាំងវិញ និងប្រកបរបបស៊ីឈ្នួល ត្បាញក្រមា និងត្បាញសារ៉ុងសូត្រ។ សុខជា បានឲ្យដឹងថា ខ្លួនស្អប់របបខ្មែរក្រហមយ៉ាងខ្លាំង ហេតុដូច្នេះហើយទើបគាត់បញ្ជូនកូនទៅរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ និងធ្វើយ៉ាងណាកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សុខជា មានជំងឺឈឺក្បាល, ស្ដាប់មិនឮមួយចំហៀង, បេះដូង, ឈឺសន្លាក់ និងក្រពះពោះវៀន។ ជំងឺរបស់ សុខជា បណ្ដាលមកពីការធ្វើការធ្ងន់ៗនៅក្នុងសម័យខ្មែរក្រហម បន្ទាប់ពីគាត់សម្រាលកូនរួច។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

