បបរអង្ករមួយកំប៉ុង ហូបគ្នា១២នាក់

(ក្រចេះ)៖ តាំង រុំ អាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ រុំ មានជំងឺសន្លាក់ដៃ-ជើង ឈឺចង្កេះពិបាកធ្វើដំណើរ និងងងឹតភ្នែក។
នៅពេលដែលខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជនកម្ពុជាដែលធ្លាប់តែរស់នៅមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដី បែរជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែជាមួយសមាជិកគ្រួសារខ្លួនឯងក៏ដោយ។ ខ្មែរក្រហម តែងអប់រំចិត្តគំនិតប្រជាជន ជាពិសេសកុមារតូចៗឱ្យតាមដានឪពុកម្ដាយរបស់ខ្លួន។ នៅពេលដែលឪពុកម្ដាយ និយាយពីភាពអវិជ្ជមានរបស់អង្គការ កុមារទាំងនោះត្រូវតែប្រាប់ព័ត៌មានទៅកាន់អង្គការភ្លាម។
ក្រោយពីខ្មែរក្រហមចូលកាន់អំណាច ទ្រព្យសម្បត្តិដែល រុំ មានដូចជា មាសចំនួនមួយតម្លឹង, សត្វគោចំនួន៩ក្បាល, សត្វក្របីចំនួន៥ក្បាល និងរទេះចំនួនមួយ ត្រូវខ្មែរក្រហមប្រមូលយកទាំងអស់។ ក្រៅពីនោះ ខ្មែរក្រហម បានបញ្ជូន រុំ ឱ្យទៅធ្វើការងារនៅក្នុងកងដឹកជញ្ជូន និងឃ្វាលសត្វដំរី។ នៅក្នុងរបបខ្មែរក្រហម ប្រជាជននៅក្នុងភូមិ ត្រូវមានតួនាទីធ្វើការងារទាំងអស់គ្នា។ ម្ដាយឪពុករបស់ រុំ ត្រូវខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការនៅក្នុងកងចាស់ៗ។
រុំ បានឧទានថា៖ “អង្ករមួយកំប៉ុង ត្រូវបបរហូបគ្នាចំនួន១២នាក់។” រុំ បានបន្តទៀតថា ប្រសិនជាចង់ឱ្យបបរនោះ ហូបគ្រប់គ្រាន់សម្រាប់គ្នាចំនួន១២នាក់ គឺត្រូវយកព្រលឹត និងត្រកួនដាក់បបរលាយជាមួយនឹងអង្ករ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវហូបបបរដែលគ្មានជីវជាតិលាយជាមួយនឹងបន្លែបន្តិចបន្តួច ដោយគ្មានដាក់បន្ថែមសាច់ត្រី ឬសាច់គោ និងសាច់ជ្រូកឡើយ។
ដោយសារតែហូបបបរ គ្មានជីវជាតិសម្រាប់ផ្គត់ផ្គង់ដល់សារពាង្គកាយ រុំ បានធ្លាក់ខ្លួនឈឺ។ នៅពេលនោះ ឈ្លបបានដឹកគាត់ទៅទុកចោលនៅមុខរបងមន្ទីរពេទ្យខេត្តក្រចេះ ដោយមិនបានយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយ។ ជាសំណាងល្អ គាត់មានប្អូនថ្លៃជាគ្រូពេទ្យ ទើបគាត់ទទួលបានការព្យាបាល។ នៅក្នុងមួយថ្ងៃ គាត់ទទួលបានថ្នាំរាងមូល ពណ៌ខ្មៅ ដែលត្រូវស្គាល់ថា ជាថ្នាំអាចម៍ទន្សាយ ចំនួន២គ្រាប់ ពីប្អូនថ្លៃ។ ក្រោយពីបានធូរស្បើយពីជំងឺបន្តិច រុំ ត្រូវរកថ្នាំដែលផ្សំពីឫសឈើ និងសំបកឈើ ដើម្បីព្យាបាលជំងឺដោយខ្លួនឯង។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនមិនអាចគោរពប្រណិប័តន៍សាសនាឡើយ។ ខ្មែរក្រហម បានបញ្ជាឱ្យអ្នកក្រោមបង្គាប់ បំផ្លាញរូបសំណាក់ព្រះពុទ្ធទម្លាក់ទៅក្នុងទឹកស្រះ និងបំផ្លាញទីសក្ការទាំងអស់ដែលមាននៅក្នុងវត្ត។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហមបានចាប់ព្រះសង្ឃផ្សឹក នឹងចាត់ឱ្យព្រះសង្ឃទាំងអស់ទៅធ្វើការងារដូចប្រជាជនទូទៅ៕
សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

