តូ វិត៖ បើហូបតែអាហារចែក គឺស្លាប់ទាំងអស់

តូ វិត អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល វិត ចងចាំក្នុងរបបខ្មែរក្រហមគឺ កង្វះអាហារហូបចុក និងធ្វើការងារទាំងយប់ទាំងថ្ងៃ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ វិត ក្នុងអំឡុងពេល និងក្រោយពេលរបបខ្មែរក្រហម៖

នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់វិត គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែមិនសូវមានសិទ្ធសេរីភាពដូចអ្នកមូលដ្ឋានផ្សេងទៀតទេ ព្រោះគ្រួសាររបស់គាត់ធ្លាប់មានជីវភាពធូរធា។ ផ្ទុយទៅវិញ ចំពោះគ្រួសារណាដែលមានជីវភាពខ្វះខាតកាលពីសង្គមចាស់ អង្គការនិងចាត់តាំងឲ្យធ្វើជាប្រធានក្រុម។ ចំពោះការរស់នៅប្រចាំថ្ងៃ ប្រជាជនទាំងអស់មិនអាចធ្វើការងារ និងរស់នៅជាមួយគ្រួសារបានទេ។ កុមារដែលមានអាយុប្រមាណ១០ឆ្នាំដូចជា វិត ត្រូវទៅធ្វើការងារនៅក្នុងកងកុមារ ហើយបងប្អូន និងឪពុកម្ដាយត្រូវទៅធ្វើការងារនៅក្នុងកងផ្សេងទៀត។

ជារៀងរាល់ថ្ងៃ វិត និងកុមារផ្សេងទៀតត្រូវក្រោកពីព្រលឹម ដើម្បីធ្វើការងាររើសអាចមន៍គោ និងធ្វើជី។ នៅរដូវធ្វើស្រែ វិត ត្រូវស្ទូងស្រូវឲ្យរួចរាល់តាមចំនួនកំណត់របស់អង្គការ ហើយពេលយប់គាត់ត្រូវទៅដកសំណាបបន្ថែមទៀត បន្ទាប់ពីហូបអាហារពេលល្ងាចរួច។

ចំណែករបបអាហារវិញ ភាគច្រើនអង្គការរៀបចំដាំបបរឲ្យប្រជាជនហូបពីរពេល ហើយក្នុងមួយពេល អ្នកធ្វើការងារនៅក្នុងរោងបាយយកអង្ករ១កំប៉ុងទៅដាំបបរ ឲ្យមនុស្ស១០នាក់ហូប។ ចំពោះ វិត បបរដែលអង្គការផ្ដល់ឲ្យ គឺមិនគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាគាត់ឆ្លៀតពេលសម្រាកពីការងារ ចេញទៅដើររកស្លឹកដំឡូង, ត្រកួន, ផ្ទី និងបន្លែផ្សេងៗទៀត យកមកដាក់លាយជាមួយបបរហូបបន្ថែម។ វិត បានឲ្យដឹងទៀតថា គ្រាន់តែយកបន្លែត្រកួនទៅស្រុះ ហូបជាមួយអំបិលបន្តិចបន្តួច ដែលសុំអង្គការបាន គឺឆ្ងាញ់ណាស់។ វិត បានបន្តថា “កុំតែបានបន្លែទាំងអស់នោះ បើហូបតែបាយចែក គឺស្លាប់ប្រជាជនទាំងអស់”។

វិត បានបន្តទៀតថា គាត់មិនបានតាមដានមើលការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែគាត់ពេញចិត្តចំពោះការចាប់មេដឹកនាំខ្មែរក្រហមដាក់គុក ព្រោះខ្មែរក្រហមបានធ្វើបាប និងសម្លាប់មនុស្សជាច្រើននាក់ ដែលក្នុងនោះមានសាច់ញាតិរបស់ វិត ពីរនាក់ដែរ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស វិត មានជំងឺត្រចៀកធ្ងន់(ស្ដាប់មិនសូវឮ) និងលើសសម្ពាធឈាម។ ជំងឺរបស់ វិត បណ្ដាលមកពីអាយុរបស់គាត់កាន់តែច្រើន។ ចំពោះការព្យាបាលជំងឺ វិត បានទៅទិញថ្នាំពីពេទ្យឯកជនយកមកហូបជាប្រចាំ។

សម្ភាសដោយ៖ មឿន ហាច ថ្ងៃទី០៤ ខែកញ្ញា ២០២១

អត្ថបទដោយ៖ ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin