សមាជិកកងចល័ត

(ខេត្តស្វាយរៀង) ទេព លី មានអាយុ ៧៨ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លី មានឪពុកឈ្មោះ ទេព ចាន់ និងម្តាយឈ្មោះ ក ឆែ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ ក្នុងនោះស្រី ៣នាក់។ កាលពីកុមារភាព លី រៀនសូត្របានត្រឹមថ្នាក់ទី៧ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន លី ប្រកបរបរជាកសិករ និងមានអាសយដ្ឋានរស់នៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លី បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ លី បានចូលធ្វើជាទាហានលន់ នល់ បានរយៈពេលពីរបីខែ ក៏បានសុំឈប់ត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះ មានគណៈឃុំរបស់ចលនាបដិវត្តន៍ខ្មែរក្រហម បង្ខំឱ្យធ្វើទាហានប៉ុន្តែ លី បានបដិសេធថាខ្លួនមានបញ្ហាសុខភាពមិនអាចចូលទៅសមរភូមិទៀត។ លុះដល់ឆ្នាំ១៩៧៥ ប្រទេសជាតិត្រូវបានគ្រប់​គ្រងដោយខ្មែរក្រហម។ កាលនោះឈ្លបខ្មែរក្រហមបានចាប់ផ្តើមប្រមូលមាស ប្រាក់ លុយកាក់ គោ ក្របី ជ្រូក មាន់ ទា ផ្ទះសម្បែង និងសម្ភារផ្សេង​ៗ​ទៀតយកទៅដាក់សហករណ៍ធ្វើជារបស់រួម។ អង្គការបានចាត់តាំង លី ឱ្យទៅដាំដំណាំរួមមាន ស្ពៃ ឪឡឹក និងបន្លែបង្ការផ្សេងៗទៀត ដោយបែងចែកជាក្រុម ដែលក្នុងមួយក្រុមមានសមាជិក ៧នាក់ ដាំទៅតាមចម្ការរៀងៗខ្លួន សម្រាប់ផ្គត់ផ្គង់នៅក្នុងសហករណ៍ដោយពុំអនុញ្ញាតឱ្យហូបតាមគ្រួសាររបស់ខ្លួនឡើយ។ បន្ទាប់មក លី ត្រូវប្រធានកងចាត់តាំងឱ្យទៅជីកប្រឡាយ និងធ្វើជីធម្មជាតិផ្សំពីលាមកសត្វ និងដីដំបូក ដោយបុកឱ្យល្អិត ទុកសម្រាប់ឱ្យគេយកទៅដាក់ស្រែ ឬដំណាំផ្សេងៗ។ នៅពេលយប់ លី ត្រូវសម្រាកជុំជាមួយសមាជិកកងចល័ត ហើយនៅវេលាម៉ោង ៤ទៀបភ្លឺ មេកងចល័តបានវាយជួងដាស់ឱ្យក្រោកដើម្បីទៅធ្វើការងារតាមកន្លែងការដ្ឋានរៀងៗខ្លួន។ ចំពោះរបបអាហារវិញ ក្នុងមួយថ្ងៃសហករណ៍រោងបាយផ្តល់ឱ្យចំនួនពីរពេល គឺពេលថ្ងៃត្រង់កំណត់ម៉ោង ១១:០០ និងពេលល្ងាចនៅម៉ោង៥ល្ងាច។ ការហូបចុកមានប្រធានរោងបាយចាំបែងចែកម្នាក់ៗ ត្រឹមរបប បាយឬបបរ ១កូនចានប៉ុណ្ណោះ។ របបអាហារគឺហូបបបរឬបាយលាយជាមួយសម្លត្រកួន ដើមចេក និងបន្លែផ្សេងៗទៀត។

នៅដើមឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមជិតដួលរលំដោយសារតែមានការឃោសនាបំភ័យថាកងទ័ពវៀតណាមចូលមកនឹងអារកវះពោះញុត​ស្មៅ ទើប លី បានរត់ភៀសខ្លួនទៅដល់តំបន់រកាជួរ។ នៅទីនោះ លី បានជួបជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ហើយកងទ័ពទាំងនោះប្រាប់ប្រទេសជាតិត្រូវបានរំដោះហើយ ទើបគាត់ធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ នៅស្រុកកំណើត លី បានចាប់​ផ្ដើមប្រកបរបរធ្វើស្រែបង្កើនផលដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន ទេព លី មានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ គឺជំងឺហត់ និងឧស្សាហ៍វិលមុខ​៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin