ទេព ផាន៖ ស្ទើរតែបាត់បង់ជីវិតជាច្រើនដង
ទេព ផាន អាយុ៧៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ផាន ជាស្រ្ដីមេម៉ាយ ត្រូវចិញ្ចឹមកូន៣នាក់តែម្នាក់ឯង។ មុនដំបូង ប្ដីរបស់ផាន ធ្វើការងារនៅក្នុងរោងចក្រស្ករស ប៉ុន្តែនៅពេលដែលប្រទេសជាតិមានសង្គ្រាម គាត់ត្រូវបង្ខំចិត្តធ្វើជាទាហាន។ ក្រោយមក ផាន បានទទួលដំណឹងថា ប្ដីរបស់គាត់ត្រូវបានអ្នកស្គាល់គ្នាបាញ់សម្លាប់។
នៅពេលជម្លៀសចេញពីទីក្រុងភ្នំពេញ ផាន បាននាំកូនទាំង៣នាក់របស់គាត់ ទៅរស់នៅជាមួយម្ដាយនៅភូមិប្រសៀត។ ពេលមកដល់ភូមិ អង្គការបានជំរុញឲ្យ ផាន ជម្លៀសទៅភូមិផ្សេងទៀត ដោយលើកហេតុផលថា ទៅទីនោះសម្បូរអាហារហូប ប៉ុន្តែគាត់បានបដិសេធ។ នៅក្នុងសហករណ៍ អង្គការបានបង្អត់អាហារគាត់ ៣ថ្ងៃ ប៉ុន្តែសំណាងល្អគាត់មានដំឡូងស្ងោរហូប។ ក្រោយមក ផាន មិនបានរស់នៅជុំជាមួយកូននោះទេ ព្រោះអង្គការចាត់តាំងគាត់ឲ្យទៅធ្វើការងារនៅក្នុងកងចល័ត ហើយកូនដែលធំល្មមអាចធ្វើការងារបាន ត្រូវទៅរស់នៅក្នុងកងកុមារ និងកូនដែលនៅតូចគឺត្រូវនៅផ្ទះជាមួយជីដូនចាស់។
ផាន បានឲ្យដឹងថា គាត់ស្ទើរតែបាត់បង់ជីវិត នៅពេលដែលគាត់ធ្វើការងារនៅថ្នល់ធម្មវិន័យ។ បន្ទាប់ពីបញ្ចប់ម៉ោងការងារ ផាន បានដើររាវរកព្រលឹតយកមកហូបបន្ថែមជាមួយរបបអាហារដែលគាត់ទទួលបាន ដើម្បីឲ្យឆ្អែតក្រពះ។ អំឡុងពេលរាវក្នុងទឹក ផាន ចាប់បានគ្រាប់សេវិនធីណាញមួយ។ មុនដំបូង ផាន គិតថាទុកគ្រាប់នោះវិញ ប៉ុន្តែនៅពេលនឹកឃើញដល់ យុវជន និងកសិករ មកភ្ជួរចំកន្លែងគ្រាប់ ហើយផ្ទុះគ្រោះថ្នាក់មនុស្ស គាត់បោះគ្រាប់នោះចេញទៅម្ខាង។ ភ្លាមៗនោះ គ្រាប់បែកបានផ្ទុះ ហើយសន្តិសុខឈ្មោះ ហ៊ាន និងហន បានមកចាប់គាត់ភ្លាមៗ ព្រមទាំងនិយាយថា ផាន ជាប្រពន្ធទាហាន ទើបចេះបោកគ្រាប់បែក។ ពេលឃើញដូច្នេះ ឈ្មោះ ចេន បានជួយនិយាយអះអាងឲ្យ ផាន ថាគាត់រកស៊ីធម្មតា មិនមែនប្រពន្ធទាហានទេ ហើយគ្រាប់ដែលផ្ទុះនោះ គាត់គ្រាន់តែបោះចេញទៅធម្មតា។ ផាន បានឲ្យដឹងថា កងឈ្លបឈ្មោះ ហ៊ាន និងហន គឺជាមនុស្សចិត្តដាច់ណាស់ សូម្បីតែបងប្អូនខ្លួនឯងក៏យកទៅសម្លាប់ដែរ។
នៅក្នុងកងចល័ត ផាន មិនសូវបានត្រលប់មកផ្ទះនោះទេ លុះត្រាតែគាត់ឈឺខ្លាំងទើបអាចមកព្យាបាលនៅសហករណ៍បាន។ ថ្ងៃមួយ នៅពេលដែល ផាន ឈឺធ្ងន់ជាលើកទី២ កូនរបស់គាត់អាយុប្រមាណ១០ឆ្នាំ និងម្ដាយរបស់គាត់ក៏ឈឺក្នុងពេលនោះដែរ។ នៅពេលដែលសម្រាកលើផ្ទះ កូនដែលឈឺបានប្រាប់ម្ដាយថាខ្លួនហេវខ្លាំងណាស់ ចង់បានអ្វីហូប ប៉ុន្តែផាន មិនហ៊ានទៅសុំអាហារពីអង្គការនោះទេ។ នៅពេលព្រឹកឡើង ផាន បានឃើញកូនដេកស្លាប់ក្បែរគាត់។ ពេលឃើញដូច្នេះ ផាន ដាច់ចិត្តទៅសុំទឹកបបរយកមកបញ្ចុកម្ដាយរបស់គាត់ដែលដេកឈឺស្ទើរតែស្លាប់ដូចគ្នា។ នៅពេលលេបទឹកបបររួច ស្រាប់តែម្ដាយរបស់គាត់ដឹងខ្លួន មានកម្លាំងវិញ និងអាចមើលក្មេងតូចៗរៀនដើរ និងធ្វើកន្ទេលឲ្យអង្គការបន្ថែមទៀត។
បន្ទាប់មក អង្គការបានប្រមូលកងដែល ផាន ធ្វើការមកសម្រាកនៅខាងត្បូងវត្តថ្មី។ នៅពេលសម្រាក ផាន បានឃើញកងឈ្លប ចូលទៅយកមនុស្សនៅក្នុងកង ទៅសម្លាប់ចោលជាច្រើននាក់ ប៉ុន្តែផានបានរួចខ្លួនដោយសារ គាត់ចេះរកម្ហូបដាក់ក្នុងរោងបាយ។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចាត់ប្រជាជនកងចល័ត ធ្វើការងារជីកស្រះ ទុកកប់ប្រជាជន ប៉ុន្តែផែនការនេះមិនទាន់បានអនុវត្តផង ស្រាប់តែប្រទេសត្រូវបានរំដោះជាមុន។
ផាន បានរៀបរាប់ថា នៅក្នុងសម័យខ្មែរក្រហមគាត់មិនបានដឹងថា វត្តថ្មី គឺជាកន្លែងសម្លាប់មនុស្សនោះទេ។ រហូតដល់របបខ្មែរក្រហមដួលរលំ ទើបគាត់ដឹងរឿងសម្លាប់មនុស្សវះយកថ្លើម និងប្រមាត់ ពីតាចាស់ម្នាក់ ដែលជាអ្នកយាមនៅក្នុងវត្ត។ ក្រោយៗមកទៀត ផាន បានទៅធ្វើបុណ្យនៅក្នុងវត្តថ្មីជាញឹកញាប់។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៩ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០២ ខែឧសភា ២០២៥