ទាល់តែសមាជិកគ្រួសារស្លាប់ ទើបអាចសុំច្បាប់បាន

(ក្រចេះ)៖ ធន សាកេន អាយុ៨០ឆ្នាំ  រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាកេន មានកូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ ដោយកូនរបស់គាត់២នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន សាកេន មានបញ្ហាងងឹតភ្នែក ឈឺក្បាល វិលមុខ និងលើសជាតិស្ករ។

នៅអំឡុងឆ្នាំ១៩៧៣ សាកេន មានកូនចំនួន៣នាក់ ហើយគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការ។ ក្រោយមកបានបន្តិច មានចលនាខ្មែរក្រហមចូលគ្រប់គ្រងនៅក្នុងតំបន់របស់គាត់ និងចាត់តាំងឱ្យប្រជាជននៅក្នុងភូមិធ្វើពលកម្មនៅតាមភូមិ។ ការងារដែលចាត់តាំងឱ្យប្រជាជនមានដូចជា បោកស្រូវ, ប្រមូលចំបើង និងជីកប្រឡាយ។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហម ទទួលបានជ័យជម្នះលើរបប លន់ នល់។ ខ្មែរក្រហម បានចាត់ឱ្យប្រជាជនទាំងអស់ ស្នាក់នៅរួម ធ្វើការងាររួម និងបរិភោគរួម។

សាកេន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ប្រជាជនមិនអាចរស់នៅជួបជុំគ្រួសារឡើយ ព្រោះអង្គការបានចាត់តាំងម្នាក់ៗឱ្យរស់នៅក្នុងកងខុសៗគ្នា និងមិនសូវមានពេលវេលាជួបជុំគ្នាឡើយ។ គាត់បានបន្ថែមថា នៅក្នុងរបបនោះ ទម្រាំតែអាចជួបគ្នាបាន លុះត្រាតែមានសមាជិកគ្រួសារណាម្នាក់បាត់បង់ជីវិតទើបអាចសុំច្បាប់អង្គការបាន។ ជាក់ស្ដែងនៅក្នុងឆ្នាំ១៩៧៦ ម្ដាយរបស់សាកេន មានតួនាទីជាពេទ្យឆ្មបនៅតំបន់ទួលមនោរម្យ បានស្លាប់ដោយសារតែជំងឺ,។ នៅពេលនោះ អង្គការបានអនុញ្ញាតឱ្យគាត់ទៅជួបគ្រួសារតែម្តងគត់។

នៅក្នុងរបបខ្មែរក្រហម នៅពេលមានជំងឺប្រជាជនធម្មតា និងយោធា ទទួលបានថ្នាំសម្រាប់ព្យាបាលជំងឺខុសៗគ្នា។ ប្រជាជនធម្មតា ទទួលបានត្រឹមថ្នាំផលិតនៅក្នុងស្រុក ដែលពេលនោះគេតែងនិយមហៅថា ថ្នាំអាចម៍​ទន្សាយ ចំណែកឯយោធាវិញ ទទួលបានថ្នាំដែលនាំចូលមកពីបរទេស។

នៅក្នុងរបបខ្មែរក្រហម ប្អូនប្រុសម្នាក់របស់សាកេន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។ ប្អូនប្រុសរបស់គាត់ មានតួនាទីជាយោធាខ្មែរក្រហម ប៉ុន្តែត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ ដោយចោទថាជាជនក្បត់។ ក្រៅពីប្អូនប្រុស ក្មួយម្នាក់ទៀតរបស់សាកេនបានបាត់បង់ជីវិតដោយសារជំងឺ ព្រោះគ្មានថ្នាំសម្រាប់ព្យាបាល។ នៅពេលនោះ ប្រជាជនជាច្រើន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។ សាកេន និយាយថា ខ្មែរក្រហមបានប្រាប់ឱ្យគ្រួសារមួយរៀបចំខ្លួន និងកម្លាំង ដើម្បីផ្លាស់ប្ដូរទីលំនៅថ្មី ប៉ុន្តែជាក់ស្ដែង គឺខ្មែរក្រហមនាំគ្រួសារនោះទៅសម្លាប់ចោល។

ការរៀបការនៅក្នុងរបបខ្មែរក្រហម ពុំបានប្រព្រឹត្តទៅតាមប្រពៃណីរបស់ប្រជាជនកម្ពុជាឡើយ។ ខ្មែរក្រហម គ្រាន់តែហៅប្រជាជនដែលមានឈ្មោះត្រូវរៀបការទៅជួបជុំ និងមានកម្មពិធីតូចមួយប៉ុណ្ណោះ។ កម្មពិធី រៀបចំឡើងដោយមាន ការហៅឈ្មោះរបស់យុវជន-យុវនារី ឱ្យឈរ ឬអង្គុយទល់មុខគ្នា, អង្គការប្រកាសការណែនាំ, បន្ទាប់មកចាត់តាំងគូប្ដីប្រពន្ធទើបរៀបការឱ្យឡើងប្ដេជ្ញាចិត្ត រួចបរិភោគអាហារជុំគ្នា ហើយក៏បញ្ចប់៕

សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin